មនុស្សដែលកំពុងជួបនឹងវិបត្តិបំណុល ត្រូវប្រឈមជាមួយនឹងសម្ពាធគ្រប់ទិស ភ័យខា្លច បារម្ភគ្រប់ពេល ហើយក៏ពិបាកគេងឱ្យបានស្ងប់នឹងគេណាស់។ សម្ពាធបំណុលច្រើនមធ្យមទេ តែងំខ្លាំងនឹងពាក្យសម្ដីរបស់មនុស្សជុំវិញខ្លួនថែមទៀតតែម្ដង។ ត្រូវខ្មាសគេផង ត្រូវចំណាយកម្លាំងតតាំងនឹងបំណុលផង ដូច្នេះហើយអ្នកជាប់បំណុលពិបាកចៀសឱ្យផុតពីបញ្ហាស្រ្តេសណាស់។
ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវទិចនិកពិសេសចំនួន ៦យ៉ាង ជួយដោះស្រាយបញ្ហាស្រ្តេស ពេលកំពុងតែជាប់បំណុលច្រើនលើសលុប ដោយយោងតាមការចែករំលែករបស់ អ្នកជំនាញហិរញ្ញវត្ថុ ពីគេហទំព័រ CNBC លោក Brad Klont។ ទិចនិកពិសេសទាំង ៦នោះរួមមាន៖
១. យកចិត្តទុកដាក់លើហិរញ្ញវត្ថុ៖ ចាប់ផ្ដើមពីការតាមដានចរន្តសាច់ប្រាក់ផ្ទាល់ខ្លួនរបស់អ្នក ដើម្បីដឹងឱ្យច្បាស់ថា អ្នកមានចំណូលប៉ុន្មាន ជំពាក់គេសរុបប៉ុន្មាន។ នៅពេលដែលអ្នកបានស្វែងយល់ និងរៀបចំសាច់ប្រាក់របស់អ្នកឱ្យមានរបៀបរៀបរយ ចូលដឹងចូលចេញដឹងចេញ វាក៏ជាផ្នែកមួយជួយសម្រួលភាពតានតឹងបានច្រើន។
២. ប្រឈមមុខនឹងភាពអាម៉ាស់៖ ច្បាស់ណាស់អ្នកប្រាកដជាត្រូវខ្មាសគេដោយសារតែធ្លាក់ក្នុងបំណុល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែទទួលយកការពិត ទទួលយកស្ថានភាពដែលអ្នកកំពុងជួប ហើយព្យាយាមដោះស្រាយវាតាមដំណើរ កុំបណ្ដោយឱ្យភាពខ្មាសអៀនដាក់សម្ពាធលើផ្លូវចិត្តរបស់អ្នកខ្លាំងពេកអីណា។
៣. ទទួលយកការស្ដីបន្ទោស៖ ការស្ដីបន្ទោសក៏ជាប្រភពនៃសម្ពាធដ៏ធំបំផុតសម្រាប់មនុស្សដែលកំពុងជាប់បំណុល ប៉ុន្តែវាក៏ជាករណីដែលពិបាកចៀសឱ្យផុតណាស់។ ទោះបីជាពិបាកប៉ុនណាក៏ដោយ ក៏អ្នកត្រូវតែទទួលយកការស្ដីបន្ទោសទាំងអស់នោះ ព្រោះអ្នកមិនអាចចំណាយពេលទៅតវ៉ាឱ្យគេឈប់ថាឱ្យអ្នកបានឡើយ។ ទន្ទឹមនឹងនោះ អ្នកគួរតែច្នៃភាពឈឺចាប់ទាំងនោះឱ្យក្លាយទៅជាអាវុធសម្រាប់ត្រួសផ្លូវវិញ ស្របពេលដែលគេបន្ទោសអ្នក អ្នកគួរតែសម្លឹងមើលពីកំហុសរបស់ខ្លួនឯង ដែលនាំឱ្យកើតបំណុល ហើយកែប្រែកំហុសតូចៗទាំងនោះ ដើម្បីថ្ងៃក្រោយលែងធ្លាក់ក្នុងបំណុលទៀត។
៤. ស្វែងរកជំនួយផ្នែកយុទ្ធសាស្រ្ត៖ រកអ្នកណាម្នាក់ដែលអាចធ្វើជាទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ អាចជាអ្នកជំនាញ ឬគ្រូបង្គោលណាម្នាក់ ដែលមានជំនាញ និងបទពិសោធន៍ ដើម្បីសុំឱ្យគេជួយរកវិធីដោះបំណុលឱ្យកាន់តែលឿនតាមដែលអាចធ្វើទៅបាន។
៥. ត្រេកអរនឹងលទ្ធផលខ្លួនឯង៖ តាមដានស្ថានភាពខ្លួនឯងជាប្រចាំ ហើយប្តូរពីការស្ដីបន្ទោសលើកំហុសដែលបានសាង មកជាការសរសើរចំពោះការខិតខំកែប្រែខ្លួន ឱ្យតម្លៃសមិទ្ធផលតូចៗដែលអ្នកបានបង្កើត។ ការធ្វើបែបនេះ ជាកម្លាំងជម្រុញចិត្តដ៏ល្អបំផុត មិនខ្វល់ថាអ្នកដទៃមើលមកអ្នកបែបណា និយាយដាក់អ្នកបែបណាទេ សំខាន់ឱ្យអ្នកមើលឃើញការខំប្រឹងរបស់ខ្លួនឯង មិនយូរទេអ្នកច្បាស់ជាដោះបំណុលអស់មិនខានឡើយ។
៦. ចងចាំថាលុយមិនមែនជាទីបញ្ចប់នោះទេ៖ ពេលជាប់បំណុលអ្នកប្រាកដជាតានតឹង ហើយក៏មានមនុស្សជាច្រើនបានបញ្ចប់ជីវិតខ្លួនឯងព្រោះតែសម្ពាធមួយនេះ។ ប៉ុន្តែបើអ្នកដកឃ្លាមួយភ្លែត ហើយគិតសារឡើងវិញអ្នកនឹងឃើញថា លុយមិនមែនជាអ្វីៗគ្រប់យ៉ាងសម្រាប់ជីវិតមួយនេះទេ។ ជីវិតរបស់អ្នកមានតម្លៃជាងបញ្ហាដែលអ្នកកំពុងប្រឈមនេះឆ្ងាយណាស់ ដូច្នេះហើយសូមជឿជាក់លើខ្លួនឯង ហើយប្រឹងបង្កើនសមត្ថភាពជានិច្ច ដើម្បីអាចយកឈ្នះបំណុលបាន។
លោក Brad Klont ក៏បានគូសបញ្ជាក់ផងដែរថា “ជាធម្មតាមនុស្សតែងគិតថាគេនឹងសប្បាយចិត្តពេលដែលគ្មានបំណុលជាប់ខ្លួន ហើយមានលុយច្រើនខ្លាំងដូចអ្នកមាន តែតាមការពិតទៅពួកគេនឹងមានអារម្មណ៍ធូរស្រាលដោយគ្រាន់តែអាចបំពេញតម្រូវការជីវិតប្រចាំថ្ងៃរបស់ខ្លួនឯងបាន”។ ដូច្នេះហើយសូមស្វែងយល់ពីខ្លួនឯងឱ្យច្បាស់ ដើម្បីអាចដឹងថារបស់អ្វីខ្លះដែលចាំបាច់បំផុតសម្រាប់ជីវិត ទើបអ្នកចាយលុយលែងខុសខ្ទង់ ហើយក៏លែងធ្លាក់ក្នុងបំណុលតទៅទៀត៕
អត្ថបទដោយ៖ សូ សុខលី
ចង់បានគំនិតល្អៗ សម្រាប់ដោះស្រាយបញ្ហាបំណុល សូមចុចចូលគ្រុប Telegram មួយនេះ ( https://t.me/so_soklyofficial )


