ល្បីនៅស្រុកខ្មែរ! ប្រធានអិមជី បានប្រាប់ពីគោលការណ៍ធំ៣ ដែលធ្វើឱ្យក្រុមហ៊ុនឈរជើងរឹងមាំ  
SOKLY SOJANUARY 2 2024218 views

ក្រោយចំណាយពេលជិត១០ឆ្នាំក្នុងសមរភូមិអាជីវកម្ម ដែលមានរបត់ប្រែប្រួលនៃរបៀបដំណើរការអាជីវកម្ម ឥតឈប់ឈរ រាប់ចាប់តាំងពីការរកស៊ីក្នុងបរិបទសេដ្ឋកិច្ចធ្លាក់ចុះ សេដ្ឋកិច្ចធម្មតា ព្រមទាំងក្រោមការគំរាមកំហែងពីបញ្ហាអតិផរណាជាសកលនាពេលបច្ចុប្បន្ននេះ។

 ក្រុមហ៊ុន អិមជី ផេស៊ីហ្វិក មានពាក្យស្លោកមួយដែលប្រជាជនខ្មែរចាំច្បាស់គឺ ទន់ដូចមាត់អូន ដែលបានសរសេរនៅលើកញ្ចប់ក្រដាសជូតមាត់របស់ខ្លួន។

បានចាប់ផ្តើមជាក្រុមហ៊ុនខ្នាតតូចកាលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ហើយបានក្លាយជាក្រុមហ៊ុនខ្នាតមធ្យមស្ដង់ដារពេញទី ចាប់ពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ព្រមទាំងបានផ្គត់ផ្គង់ផលិតផលខ្លួនទៅដល់អតិថិជនគោលដៅទូទាំងប្រទេស។

តើហេតុអ្វីបានជាក្រុមហ៊ុនមួយនេះ មានអ្នកគាំទ្រច្រើននិងឈរជើងរឹងមាំបែបនេះ?

នៅក្នុងបទសម្ភាសន៍ជាមួយនឹង Business Cambodia លោក តាំង សុជាតិ ប្រធានក្រុមហ៊ុន អិមជី ផេស៊ីហ្វិក បានចែករំលែកនូវយុទ្ធសាស្រ្តពិសេសមួយចំនួន​នៅពីក្រោយភាពរីកចម្រើនដោយសន្សឹមៗរបស់ខ្លួន ដែលវាគឺជារបៀបនៃការគ្រប់គ្រងដឹកនាំ។ នៅក្នុងការគ្រប់គ្រងដឹកនាំនោះទៀតសោត លោក សុជាតិ បានផ្ដោតសំខាន់ទៅលើគោលការណ៍ធំ​ៗ៣ រួមមានដូចជា «ស្មោះត្រង់ ប្រឹងប្រែង យូរអង្វែង»

ទី១. ស្មោះត្រង់៖ រាល់ផលិតផលរបស់អិមជី តែងតែដាក់បង្ហាញនូវចំនួន បរិមាណ ទម្ងន់ គុណភាពល្អ ឬមធ្យម ច្បាស់ៗតែម្តង ដើម្បីជាព័ត៌មានសម្រាប់អតិថិជនពិចារណាសម្រេចចិត្ត។

គ្រប់ដំណើរការនៃចំណូលចំណាយគឺមានឯកសារ ភស្តុតាង និងបញ្ជីស្នាមច្បាស់លាស់ ដែលអនុលោមតាមស្តង់ដារគណនេយ្យ ដើម្បីធានាតម្លាភាពជូនម្ចាស់ភាគហ៊ុន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានប្រកាន់ ភ្ជាប់នូវអនុលោមភាពតាមច្បាប់ដោយការបង់ពន្ធនានា ប្រាក់សោធននិវត្តន៍ និង​បេឡាជាតិសន្តិសុខសង្គម(បសស) ដើម្បីធានាអោយបានថាគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺមានតម្លាភាព។

ទី២. ប្រឹងប្រែង៖ ម្ចាស់អាជីវកម្មត្រូវខិតខំបង្កើន ដោយស្វែងរកអតិថិជន និងអ្នកផ្គត់ផ្គង់ល្អៗលើសពីនេះក៏ត្រូវតែប្រឹងប្រែងសិក្សារៀនសូត្របន្ថែមអំពីបច្ចេកវិទ្យាថ្មីៗ ការវិវត្តថ្មីៗ នៃផលិតផលគូប្រកួតប្រជែង ព្រោះបើគេជំនួសយើងបាន នោះយើងនឹងអស់ផ្លូវដើរ។

អ្វីដែលកាន់តែសំខាន់គឺត្រូវព្យាយាមទទួលយកនូវរាល់ការរិះគន់នានា ហើយយកវាមកកែប្រែអោយទៅជាដំណោះស្រាយថ្មីៗ ដើម្បីបង្ហាត់បង្រៀនទៅបុគ្គលិក យកទៅពន្យល់ដល់អតិថិជនអោយគាំទ្រក្រុមហ៊ុន ជារួមត្រូវតែប្រឹងប្រែងដេញអោយទាន់សភាពការ ទើបគ្រប់គ្រងបញ្ហាបាន។

ទី៣. យូរអង្វែង៖ លោក សុជាតិ ពន្យល់ថា «ដើម្បីឱ្យអាជីវកម្មមួយអាចឈរជើងយូរអង្វែងបាន ដាច់ខាតម្ចាស់អាជីវកម្ម ត្រូវតែរក្សាឱ្យបាននូវភាពអំណត់របស់ខ្លួនរយៈពេលយូរអង្វែងដែរ»។ ពាក្យថាអំណត់ងាយនិយាយតែពិបាកធ្វើ មនុស្សយើងគឺពិបាកទ្រាំធ្វើការងារដដែលៗ ឬក៏ហូបម្ហូបដដែលៗ ដែលអាចនិយាយលេងថា គ្មាននរណាម្នាក់ដែលអាចទ្រាំហូបសម្លរម្ជូរព្រលិតគ្រប់ពេលក្នុងរយៈពេល១ឆ្នាំបានឡើយ។

ភាពអំណត់គឺសំដៅទៅលើ ការតស៊ូអត់ទ្រាំរបស់ម្ចាស់អាជីវកម្ម ក្នុងការធ្វើនូវរឿងដដែលៗ រាល់ៗថ្ងៃ មិនងាករេទៅតាមឱកាសផ្សេងៗដែលចូលមក។ ជាក់ស្តែងដូចជាខ្លួនលោកផ្ទាល់ តាំងពីដើមមក ដល់ពេលនេះ មិនដែលងាករេចេញពីក្រុមហ៊ុនអិមជីឡើយ។ មិនខុសពីពាក្យចាស់ពោលថា «អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ» អ្នកបង្កើតក្រុមហ៊ុនមួយឆ្នាំ១០ មិនប្រាកដថាខ្លាំងជាងអ្នករក្សាក្រុមហ៊ុន១បាន១០ឆ្នាំនោះទេ។

ម្ចាស់អាជីវកម្មខ្មែររូបនេះ បាននិយាយបន្តដោយសង្កត់ធ្ងន់ថា «អំណត់គឺជាអាវុធដ៏មុតស្រួចបំផុត ដែលអាចធ្វើឱ្យអាជីវកម្មមួយឈរជើងបានយូរអង្វែង»។ ក្នុងនាមជាអ្នកដឹកនាំអាជីវកម្ម អ្នកមិនអាចធ្វើអ្វីតាមតែចិត្តចង់នោះទេ គឺត្រូវធ្វើតាមទំនួលខុសត្រូវវិញទើបជាការប្រសើរ។

ភាពអំណត់នៃថ្នាក់ដឹកនាំ គឺបង្ហាញពីភាពចាស់ទុំនៃអាជីវកម្មបច្ចុប្បន្ន និងបន្តរីកចម្រើនទៅមុខពាន់ឆ្នាំ ដូចប្រសាទអង្គរវត្តយើងផងដែរ។

ទាំងអស់នេះវិនិយោគិនឯណាដែលថាមិនជាប់ស្នេហ៍!

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia