អាយុ២១ឆ្នាំ ក្លាយជាGM ប្រាក់ខែពាន់$ លោកញឹម រាសី ប្រាប់គន្លឹះធំ៣ ក្លាយជាអ្នកគ្រប់គ្រងវ័យក្មេង
ឡុង វឌ្ឍនៈFEBRUARY 27 20231.2 K views

ការក្លាយជាអ្នកគ្រប់គ្រងបុគ្គលិករាប់សិបនាក់ទាំងវ័យក្មេង មិនមែនជារឿងងាយស្រួលនោះទេ។ ជាក់ស្ដែងបើនិយាយអំពីវ័យ២១ឆ្នាំ ប្រហែលជាយុវវ័យភាគច្រើនមិនទាន់បញ្ចប់ថ្នាក់មហាវិទ្យាល័យនៅឡើយនោះទេ។ ប៉ុន្តែសម្រាប់បទពិសោធន៍លោក លោកញឹម រាសី ត្រឹមវ័យ២១ឆ្នាំ លោកបានកសាងខ្លួនក្លាយជាអ្នកគ្រប់គ្រងបុគ្គលិកខ្ទង់ ៥០នាក់ទៅហើយ។ តើលោកអាចធ្វើវាដោយរបៀបណា ទើបអាចក្លាយជាអ្នកគ្រប់គ្រងឆ្នើមទាំងវ័យក្មេងបែបនេះ?

ត្រឡប់ទៅកាន់សាវតាបន្តិច កើតក្នុងត្រកូលគ្រួសារដែលមានជីវភាពបង្គួរ ដោយសារតែជាមនុស្សដែលស្រលាញ់ការសិក្សា យុវជន រាសី ក៏មានឱកាសទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសអូស្ត្រាលី ហើយក៏ត្រឡប់មកប្រទេសកម្ពុជាវិញ និងបន្តការសិក្សាបន្ថែមនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រផងដែរ។

សិក្សាបណ្ដើរ ធ្វើការបណ្ដើរ លោកបានប្រឡូការងារក្នុងក្រុមហ៊ុនជប៉ុនមួយ ក្នុងតួនាទីជាអ្នកលក់នៅក្នុងក្រុមហ៊ុនលក់គ្រឿងអគ្គិសនី។ ៦ខែក្រោយមក លោកក៏សម្រេចចិត្តប្ដូរមកធ្វើការក្នុងវិស័យសណ្ឋាគាររបស់ជប៉ុន ដែលកន្លែងនោះហើយ បានបង្រៀនយុវជនវ័យក្មេងរូបនេះបានច្រើនបំផុតអំពី ការគ្រប់គ្រង គំនិតសហគ្រិន ការធ្វើទីផ្សារ និងរបៀបរបបក្នុងការបំពេញការងារ…។

ព្រោះតែការខិតខំប្រឹងប្រែងធ្វើការ ការកំណត់គោលដៅ ការកសាងប្រ៊ែនខ្លួនឯងឱ្យក្លាយជាមនុស្សដែលគេជឿជាក់ ទុកចិត្តលើសមត្ថភាព បានធ្វើឱ្យថ្នាក់ដឹកនាំមានទំនុកចិត្ត ហ៊ានប្រគល់តួនាទីធំឱ្យលោកកាន់តំណែងជាអ្នកគ្រប់គ្រងទូទៅ គ្រប់គ្រងបុគ្គលិក៥០នាក់ ប្រាក់ខែខ្ទង់ពាន់ដុល្លារ ទាំងដែលពេលនោះលោកមានវ័យត្រឹមតែ២១ឆ្នាំតែប៉ុណ្ណោះ។

ចំពោះមូលហេតុដែលធ្វើឱ្យថៅកែជប៉ុនហ៊ានប្រគល់ការងារឱ្យធ្វើ គឺដោយសារតែគាត់មើលឃើញពី៖ ភាពស្មោះត្រង់ ការជឿជាក់ទុកចិត្តលើសមត្ថភាព និងមើលឃើញការខិតខំប្រឹងប្រែងធ្វើការងារឱ្យលើសពីអ្វីដែលមេរំពឹងចង់បាន។ ចំណុចនេះហើយធ្វើឱ្យលោកអាចចាប់ឱកាសល្អជាច្រើនបានមុនគេ និងអាចអភិវឌ្ឍន៍ខ្លួនបានរីកចម្រើនលឿនក្នុងអាជីពការងារ។

ដង្ហើមនៅតែដក ផែនដីចេះតែវិលមិនឈប់ ក្ដីស្រមៃនៅតែមានជាបន្តបន្ទាប់ ទើបធ្វើឱ្យលោកមិនព្រមបញ្ចប់ដំណើរជីវិត ឱ្យនៅទ្រឹងមួយកន្លែងត្រឹមតែជាអ្នកគ្រប់គ្រងនោះទេ ពោលគឺលោកចង់ធ្វើអ្វីដែលអាចសម្រេចលទ្ធផលបានកាន់តែធំ និងអាចជះឥទ្ធិពលវិជ្ជមានកាន់តែច្រើនចំពោះសង្គម​ ដែលជាហេតុជំរុញចិត្តលោក ឱ្យហ៊ានលាឈប់ ចេញមកបោះជំហានប្រឡូកចូលក្នុងពិភពជាសហគ្រិនចាប់ពីពេលនោះមក។

ត្រឡប់ទៅឆ្នាំ២០១៧ បន្តិច ខណៈពេលដែលលោកជាអ្នកគ្រប់គ្រង លោកក៏ឆ្លៀតពេលវេលាមួយចំនួន សិក្សារៀនសូត្រ សាកល្បងគំនិតអាជីវកម្មក្រៅម៉ោងមួយចំនួន ( Side Hustle) ដើម្បីពង្រឹងសមត្ថភាព តេស្តទីផ្សារ និងដើម្បីរកឃើញអាជីវកម្មដែលខ្លួនស្រលាញ់ផង។ ចុងក្រោយលោកក៏រកឃើញខ្លួនឯងចាប់អារម្មណ៍លើអាជីវកម្មអចលនទ្រព្យ ផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ដែលពេលនោះហើយ ក្រុមហ៊ុន WH ក៏បានចាប់កំណើតឡើងចាប់ពីពេលនោះ រហូតទទួលបានភាពរីកចម្រើនមកទល់នឹងពេលបច្ចុប្បន្ន។

ជាសារខ្លីក្នុងនាមជាយុវវ័យម្នាក់ ដែលធ្លាប់ក្លាយជាអ្នកគ្រប់គ្រងវ័យក្មេង និងជាសហគ្រិនវ័យក្មេងផងនោះ លោកមានប្រសាសន៍ថា៖ «ក្នុងនាមជាមេដឹកនាំគេ អ្នកត្រូវស្រលាញ់ស្ថាប័នដែលអ្នកកំពុងធ្វើ ធ្វើឱ្យដូចជារបស់ខ្លួនឯង។ បន្ថែមពីនោះត្រូវចេះដាក់ខ្លួនឱ្យទាប កុំមានអំនួត ហើយគប្បីត្រូវដើរតួនាទីជាអ្នកជួយគាំទ្រ និងបម្រើដល់មនុស្សជុំវិញខ្លួនឱ្យបានច្រើនបំផុត។ រីឯការធ្វើជំនួញវិញ ដើមទុនលុយសំខាន់ ប៉ុន្តែវាមានដើមទុនជាច្រើនទៀតដូចជា ចំណេះ ជំនាញ បទពិសោធន៍ ទំនាក់ទំនង... ដែលវាសំខាន់ជាងលុយទ្វេដង។ បើសិនជាអ្នកចង់ចេញរកស៊ី ឱ្យតែអ្នកមានលុយត្រឹម១ដុល្លារ មានកេរ្តិ៍ឈ្មោះល្អ មានភាពស្មោះត្រង់ពិតប្រាកដ គឺអ្នកអាចយកវាធ្វើជាដើមទុនចេញរកស៊ីបានហើយ»៕

 ចង់រៀនចំណេះដឹងល្អៗជាច្រើនបន្ថែម ឬ រៀនពីវិធីបង្កើនចំណូលពីទ្រព្យជួលរបស់អ្នក ដោយផ្អែកលើបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ គ្រប់គ្រងសណ្ឋាគារ និងអាផាតមិន សូមចូលក្នុងឆាណែលរបស់ផ្លូវការរបស់លោក https://t.me/reaseynhimofficial 

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia