មនុស្សជាច្រើនត្រូវបានគេប្រដៅ និងបង្រៀនតាំងពីតូចមកថា "ចេះសន្សំលុយ ទើបមាន"។ ជាការពិត ការសន្សំលុយ ពិតជាទម្លាប់ដ៏ល្អមួយ ប៉ុន្តែនៅក្នុងពិភពហិរញ្ញវត្ថុនាសតវត្សរ៍ទី២១ នេះ ការសន្សំលុយតែមួយមុខ មិនអាចធ្វើឲ្យអ្នកមានបានឡើយ។ ព្រោះប្រសិនបើអ្នកទុកលុយ ១០$ នៅក្នុងកូនជ្រូក ឬក្នុងគណនីសន្សំធម្មតារយៈពេល ១០ ឆ្នាំ តួលេខវានៅតែ ១០$ ដដែល។ ដូច្នេះ ខាងក្រោមនេះជា ៤ ជំហានក្នុងការយកលុយសន្សំបង្កើតជាចំណូល ដែលមានភាពងាយស្រួលឲ្យអ្នកអាចសល់លុយបានច្រើនជាងមុន៖
១.បង្កើតកញ្ចប់លុយបម្រុងអាសន្ន ដោយត្រៀមឲ្យរួចរាល់៖ មុននឹងយកប្រាក់សន្សំទៅវិនិយោគ ជំហានដំបូងបង្អស់គឺ កុំយកលុយទាំងអស់ទៅប្រថុយ។ អ្នកត្រូវមានប្រាក់សន្សំបម្រុងអាសន្ន ស្មើនឹង ៣ ទៅ ៦ ខែ នៃចំណាយប្រចាំថ្ងៃរបស់អ្នក សម្រាប់បង់ថ្លៃផ្ទះ ម្ហូបអាហារ និងថ្នាំសង្កូវ។ កញ្ចប់លុយនេះ ត្រូវទុកក្នុងកន្លែងដែលមានសុវត្ថិភាព និងងាយស្រួលដកដូចជា គណនីធនាគារ ជាដើម។ នៅពេលមានកញ្ចប់អាសន្ននេះហើយ ទើបចិត្តរបស់អ្នកស្ងប់ និងហ៊ានយកលុយសល់ពីនេះទៅវិនិយោគ។
២.វិនិយោគលើចំណេះជំនាញសម្រាប់ខ្លួនឯង៖ មុននឹងយកលុយទៅដាក់ក្នុងជំនួញ ឬអចលនទ្រព្យដែលអ្នកមិនយល់ច្បាស់ ការវិនិយោគដែលទទួលបានផលចំណេញខ្ពស់បំផុត និងគ្មានហានិភ័យ គឺ ការវិនិយោគលើខួរក្បាលខ្លួនឯង។ ចូរប្រើប្រាស់ប្រាក់សន្សំមួយផ្នែក ដើម្បីទិញសៀវភៅហិរញ្ញវត្ថុល្អៗ ចុះឈ្មោះរៀនវគ្គសិក្សាខ្លីៗ ដូចជាសហគ្រិនភាព ទីផ្សារ ឬភាសា ឬចូលរួមសិក្ខាសាលាផ្នែកជំនួញជាដើម។ កាលណាជំនាញរបស់អ្នកកើនឡើង សមត្ថភាពក្នុងការបង្កើតចំណូលរបស់អ្នកក៏កើនឡើងតាមនោះដែរ។
៣.បង្កើតចំណូលសកម្មបន្ថែម៖ ប្រសិនបើអ្នកជាបុគ្គលិកធ្វើការ ឬជាសហគ្រិនស្រាប់ អ្នកអាចយកប្រាក់សន្សំទៅបង្កើតប្រភពចំណូលទី២។ អ្នកអាចបើកអាជីវកម្មខ្នាតតូច ឬ Side Hustle ដូចជា ការលក់ទំនិញអនឡាញ ការធ្វើ Freelance ឬការបង្កើតមាតិកានានា។ មួយទៀត អាចចូលហ៊ុនជាមួយដៃគូជំនួញដែលមានបទពិសោធន៍ និងស្មោះត្រង់។ ការធ្វើបែបនេះ ជួយបង្វែរប្រាក់សន្សំឲ្យទៅជាដើមទុនបង្វិល ដើម្បីបង្កើតប្រាក់ចំណេញជាប្រចាំខែ។
៤.បង្វែរប្រាក់សន្សំទៅជាទ្រព្យសកម្មបង្កើតចំណូលអកម្ម៖ នេះគឺជាជំហានដែលធ្វើឲ្យអ្នកឆាប់មានពិតប្រាកដ។ គឺការយកលុយឲ្យទៅធ្វើការជំនួសអ្នក។ ដោយគ្រាន់តែរកស៊ីទៅលើអចលនទ្រព្យជួល ដូចជាទិញដី ឬសង់ផ្ទះសម្រាប់ជួល ដែលបង្កើតសាច់ប្រាក់ហូរចូល រៀងរាល់ខែ។ មួយទៀត ការទិញផ្សារភាគហ៊ុន ឬមូលប័ត្រ ដូចជាទិញភាគហ៊ុនក្រុមហ៊ុនដែលមានគ្រឹះរឹងមាំ ដើម្បីទទួលបានប្រាក់ភាគលាភ ជាទៀងទាត់។ ឬបង្កើតប្រាក់បញ្ញើមានកាលកំណត់ ដោយក្នុងនោះ អ្នកត្រូវជ្រើសរើសដាក់ប្រាក់បញ្ញើដែលមានអត្រាការប្រាក់ខ្ពស់សមរម្យ ពីធនាគារដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
សរុបមក ការសន្សំលុយ គឺជា ខែលការពារ មិនឲ្យអ្នកក្រឡើយ ប៉ុន្តែការវិនិយោគ ទើបជា អាវុធ សម្រាប់បង្កើតទ្រព្យសម្បត្តិ និងសេរីភាពហិរញ្ញវត្ថុ។ ដូច្នេះ ចាប់ផ្តើមប្តូរ Mindset ពីមនុស្ស សន្សំលុយទុកឲ្យដេកលក់ ទៅជាមនុស្ស ប្រែក្លាយលុយឲ្យទៅជាកម្មករបង្កើតលុយបន្ថែម ចាប់ពីពេលនេះទៅ បើចង់សល់លុយច្រើននាពេលប៉ុន្មានឆ្នាំបន្ទាប់៕


