បាក់ឌុបរួច កុំអាលប្រញាប់បង់លុយរៀនភ្លាម! ទាំងនេះជាមេរៀន ដែលអ្នកត្រូវគិតសិន ប្រយ័ត្នរៀនខាតតែឆ្នាំ
Chan SophonSEPTEMBER 3 2026803 views

ការប្រឡងបាក់ឌុបបានបញ្ចប់ហើយ ប៉ុន្តែការសម្រេចចិត្តដ៏ធំបំផុតក្នុងជីវិតរបស់អ្នក ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ជាការពិត នៅក្នុងសង្គមយើង ឲ្យតែចប់បាក់ឌុបភ្លាម មនុស្សភាគច្រើនរត់ទៅចុះឈ្មោះរៀនមហាវិទ្យាល័យភ្លែត ដោយសារតែខ្លាចគ្មានសាលារៀន ខ្លាចអផ្សុក ឬរៀនតាមមិត្តភក្តិ។ ការប្រញាប់ចុះឈ្មោះរៀនទាំងងងឹតងងល់ ជារឿងប្រឈមមុខនឹងការខុសឆ្គង និងខាតបង់ធំបំផុតមួយ។ មនុស្សជាច្រើនរៀនបាន ២ ឆ្នាំ អស់លុយពុកម៉ែរាប់ពាន់ដុល្លារ ទើបដឹងថាស្តាយក្រោយ និងមិនចូលចិត្តជំនាញដែលខ្លួនកំពុងរៀនទាល់តែសោះ។

 

ដូច្នេះ មុននឹងអ្នកសម្រេចចិត្ត ចាយលុយរាប់ពាន់ដុល្លារទិញក្រដាសសញ្ញាបត្រ ១ សន្លឹក នេះជារឿង ៣ យ៉ាងដែលអ្នកគួរធ្វើ និងគិតគូរឲ្យបានច្បាស់លាស់៖

១.សាកល្បងធ្វើការក្នុងពិភពជីវិតពិតសិន៖ សាកចំណាយពេល ២ ទៅ ៣ ខែធ្វើការងារ Part-time ក្នុងហាងកាហ្វេ ធ្វើការងារស្ម័គ្រចិត្ត ឬការងារសេវាកម្មផ្សេងៗ។ ការធ្វើបែបនេះ មិនមែនដើម្បីតែប្រាក់ខែមួយមុខនោះទេ តែវាជាការសាកល្បងមើលថា តើអ្នកជាមនុស្សចូលចិត្តធ្វើការជាមួយ មនុស្ស ឬអ្នកជាមនុស្សចូលចិត្តធ្វើការជាមួយ ទិន្នន័យ និងឯកសារ។ ការស្គាល់ចរិតលក្ខណៈខ្លួនឯងក្នុងជីវិតពិត នឹងជួយឲ្យអ្នកជ្រើសរើសជំនាញរៀនបានត្រឹមត្រូវ មិនវង្វេង ខាតឆ្នាំសិក្សា។

 

២.រៀនសាកល្បងជំនាញឌីជីថលខ្លីៗ៖ ឥឡូវនេះជាសម័យ AI និងបច្ចេកវិទ្យា។ មុននឹងចុះឈ្មោះរៀនមុខវិជ្ជាធំៗ ដូចជាព័ត៌មានវិទ្យា (IT) ឌីហ្សាញ ឬទីផ្សារ គួរចំណាយពេល ២ សប្តាហ៍ រៀនមេរៀនគ្រឹះឥតគិតថ្លៃលើ YouTube Google សិន។ ប្រសិនបើអ្នកមើលវីដេអូបង្រៀន Coding Design រួចហើយមានអារម្មណ៍ថាចង់រៀនទៀត នោះទើបជាសញ្ញាថា ខួរក្បាលរបស់អ្នកសមស្របនឹងជំនាញនោះហើយ។

 

.សួរបទពិសោធន៍ពីរៀមច្បង៖  កុំជឿលើការផ្សាយពាណិជ្ជកម្មរបស់សាលា ១០០% ពេកអី។ សាកល្បងទៅសួររៀមច្បង ឬមនុស្សជុំវិញខ្លួនដែលកំពុងធ្វើការលើជំនាញនោះ តើការងារពិតប្រាកដរាល់ថ្ងៃគេធ្វើអ្វីខ្លះ? តើទីផ្សារការងារឥឡូវពិបាករកការងារអត់? តើប្រាក់ខែដំបូងទទួលបានប្រហែលប៉ុន្មាន? ការដឹងពីការពិតនៃទីផ្សារការងារ នឹងធ្វើឲ្យអ្នកមិនមានការរំពឹងទុកខុស នៅពេលរៀនចប់។

 

យ៉ាងណាក៏ដោយ មុនសម្រេចចិត្តបង់លុយចូលរៀនតាមផ្នែក ឬជំនាញដែលខ្លួនបានជ្រើសរើស ត្រូវគិតខ្លួនឯង និងពិភាគ្សាជាមួយគ្រួសារឲ្យបានល្អិតល្អន់សិន ព្រោះការប្រញាប់ចុះឈ្មោះរៀន មិនមែនជាសញ្ញានៃភាពជោគជ័យនោះទេ។ ប៉ុន្តែការស្គាល់ខ្លួនឯងច្បាស់ ទើបជាគ្រឹះដែលធ្វើឲ្យអ្នកមិនខាតពេល និងមិនខាតលុយ។ ដូច្នេះ បើអ្នកបានតម្រង់ទិសដៅបានច្បាស់ហើយ នោះការបោះជំហាន ប្រាកដជាទៅមុខ ដោយទំនុកចិត្តជាក់ជាមិនខាន៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia