មានពាក្យមួយគេតែងនិយាយថា បើចង់មានគួររៀនតាមអ្នក រៀនពីរបៀបរកលុយនិងរបៀបចាយលុយរបស់អ្នកមាន។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកច្បាប់លុយពិសេស៥យ៉ាង ពីសេដ្ឋី៥រូបផ្សេងៗគ្នា បើអ្នកធ្វើបាន អ្នកនឹងលែងជួបបញ្ហាលុយកាក់ ហើយប្រើលុយបានកាន់តែល្អជាងមុន។
ទី១. Ashton Kutcher វិនិយោគលើអ្វីដែលអ្នកដឹង
លោក Ashton Kutcher មានទ្រព្យជាង ២០០លានដុល្លារ ជាតារាសម្ដែង និងជាអ្នកជំនាញខាងបណ្ដាក់ទុនវិនិយោគ។ គាត់ជោគជ័យលើការបណ្ដាក់ទុនវិនិយោគ ដោយសារតែគាត់ចំណាយលុយតែលើអ្វីដែលគាត់ស្គាល់ច្បាស់ និងមានជំនាញតែប៉ុណ្ណោះ។
ទី២. Sarah Michelle Gellar គិតឱ្យច្បាស់មុនទិញរបស់ធំ
អ្នកស្រី Sarah មានទ្រព្យ ៣០លានដុល្លារ ជាតារាសម្ដែងដ៏ជោគជ័យមកច្រើនទសវត្សន៍ហើយ។ ទោះជាគាត់រកលុយបានច្រើន ប៉ុន្តែមិនមែនចេះតែចំណាយលុយទិញរបស់តាមតែចិត្តចង់បាននោះទេ។ គាត់បាននិយាយថា “រាល់ពេលដែលគាត់ចង់បានរបស់អ្វីមួយដែលត្រូវចំណាយលុយធំ គាត់នឹងទុកពេលឱ្យខ្លួនឯងគិតពីវាឱ្យបានច្បាស់សិន ថាតើពិតជាចាំបាច់ត្រូវទិញមែនឬទេ?”
ទី៣. Grant Cardone សន្សំឱ្យបាន ១០០K
លោក Grant Cardone គឺជាសេដ្ឋីទ្រព្យ ៦០០លានដុល្លារ។ បុរសម្នាក់នេះជាអ្នកនិពន្ធ និងអ្នកជំនាញបណ្ដុះបណ្ដាលផ្នែកលក់ គាត់កសាងទ្រព្យសម្បត្តិពីដៃទទេ ដោយចាប់ផ្ដើមពីការកំណត់គោលដៅ សន្សំលុយឱ្យបាន 100K (១០ម៉ឺនដុល្លារ)។
លោក Grant Cardone បានកំណត់ថា គាត់នឹងខំធ្វើការរកលុយសន្សំឱ្យបាន ១០ម៉ឺនដុល្លារជាសិន ហើយពេលសន្សំគ្រប់ លុយដែលគាត់រកបានតាមក្រោយទាំងប៉ុន្មានគាត់យកទៅវិនិយោគទាំងអស់។ បែបនេះមានន័យថា គាត់តែងតែមានលុយ ១០ម៉ឺនដុល្លារ ជាកញ្ចប់បម្រុង ទោះបីគាត់វិនិយោគខាតប្រាក់ ក៏គាត់មិនភ័យខ្លាចអស់ពីខ្លួនដែរ។
ទី៤. Warren Buffett ចាយលុយគិតពីអនាគត
លោក Warren Buffett គឺជាបិតាវិនិយោគ ដែលមានទ្រព្យជាង ១១០ពាន់លានដុល្លារ។ គាត់តែងតែឱ្យតម្លៃលើការវិនិយោគរយៈពេលវែងជាជាង ការចង់បានចំណេញភ្លាមៗ។ ដូច្នេះហើយមិនថាគាត់ចំណាយលុយលើអ្វីឡើយគាត់តែងថ្លឹងថ្លែងពីផលចំណេញអនាគតរបស់វា ដូចជាក្រុមហ៊ុន Berkshire របស់គាត់ជាដើម។
ទី៥. Ed Sheeran កំណត់ប្រាក់ខែឱ្យខ្លួនឯង
កំពូលតារាចម្រៀងដ៏ល្បីលោក Ed Sheeran មានទ្រព្យជាង ២០០លានដុល្លារ ជាមនុស្សដែលរក្សាទុកប្រាក់ចំណូលភាគច្រើនរបស់គាត់ជាប្រាក់សន្សំ។ គាត់តែងតែកំណត់ការចាយវាយប្រចាំខែរបស់គាត់ច្បាស់លាស់ មិនថារកលុយបានច្រើនប៉ុនណាឡើយ។
ទោះបីជាចំណូលកើនក៏គាត់មិនដែលបង្កើនការចំណាយរបស់ខ្លួនឡើយ ផ្ទុយទៅគាត់បែរជានិយាយថា គាត់មិនចាំបាច់ដកលុយទុកចាយច្រើនទេ ព្រោះគ្មានតម្រូវការចាំបាច់អ្វីត្រូវចាយលុយច្រើនផង។
គួរបញ្ជាក់ផងដែរថា ខាងលើនេះគឺជា ស្តាយ៍ចាត់ចែងលុយផ្សេងៗគ្នា ទៅតាមគំនិតខុសៗគ្នារបស់សេដ្ឋីទាំង៥រូប។ ដូច្នេះហើយលោកអ្នកអាចជ្រើសរើសយកស្ដាយ៍ណាមួយដែលលោកអ្នកចូលចិត្ត ហើយអនុវត្តន៍វា ដើម្បីឱ្យលុយរបស់អ្នកកាន់តែកើនច្រើនឡើង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

បញ្ជាទិញតាម https://t.me/BusinessCambodiaBook


