ក្នុង១ខែៗ មិនថាស្វាមីមានប្រាក់ខែ ឬរកបាន ៥០០ ដុល្លារ ឬ ៦០០ដុល្លារ ទោះប្រាក់ខែដល់រាប់ពាន់ដុល្លារ ក៏មិនអាចសល់ដែរ ប្រសិនបើប្រគល់លុយនោះជូនប្រពន្ធដែលមិនចេះចាត់ចែងទុកដាក់តាមក្បួនខ្នាតត្រឹមត្រូវ។
ជាការពិត ការគ្រប់គ្រងលុយដែលជាប្រាក់ខែ ៥០០ ដុល្លារ ក្នុងមួយខែ សម្រាប់គ្រួសារ គឺជាការទទួលខុសត្រូវដ៏ធំមួយ។ ប៉ុន្តែប្រសិនបើយើងចេះចាត់ចែងប្រកបដោយបច្ចេកទេស និងសហការគ្នាបានល្អ រៀបចំការចាយវាយ ឲ្យច្បាស់លាស់ នោះអ្នកនឹងអាចគ្រប់គ្រងការចំណាយចាំបាច់ លុយសន្សំ និងមិនមានសម្ពាធផ្លូវចិត្តឡើយ។ ខាងក្រោមនេះជាវិធីសាស្ត្រសម្រាប់ស្ដ្រីជាភរិយា ក្នុងការបែងចែក និងគ្រប់គ្រងលុយ ៥០០ ដុល្លាររបស់ស្វាមីឲ្យមានប្រសិទ្ធភាព៖
១.ក្បួនបែងចែកលុយ ៥០ ៣០ និង ២០
-ការចំណាយចាំបាច់ ៥០% ស្មើ ២៥០$ ប្រើប្រាស់លើ ថ្លៃហូបចុកប្រចាំថ្ងៃ ថ្លៃផ្ទះ/ទឹក/ភ្លើង ថ្លៃសាលាកូន កាតទូរស័ព្ទ ឬ Wifi ជាដើម។
-ការចំណាយផ្ទាល់ខ្លួន ៣០% ស្មើ ១៥០ $ ប្រើលើ លុយក្នុងហោប៉ៅប្ដី ៧៥$ លុយក្នុងហោប៉ៅប្រពន្ធ ៥០$ដំណើរកម្សាន្ត និងញ៉ាំអីក្រៅផ្សេងៗ ២៥$។
-ការសន្សំ និងគ្រាអាសន្ន (Savings) ២០% ស្មើ ១០០ $ ប្រើសម្រាប់ ពេលកើតជំងឺ ចំណងដៃ/បុណ្យទានគេផ្សេងៗ។
២. យុទ្ធសាស្ត្រគ្រប់គ្រងជាក់ស្ដែងសម្រាប់ប្រពន្ធ
រៀងរាល់ខែ ពេលទទួលបានលុយភ្លាម ត្រូវដក ២០% (១០០$) ទុកមុនគេសិន ចាំយកលុយដែលនៅសល់ទៅចំណាយ។ ក្នុងនោះទៀតសោត លុយសន្សំនេះគួរចែកជា ២ កញ្ចប់ គឺ កញ្ចប់អាសន្ន (ទុកសម្រាប់ពេលមានជំងឺ ឬអាសន្នភ្លាមៗ ហើយមិនត្រូវប៉ះពាល់លុយនេះផ្ដេសផ្ដាសទេ) និងកញ្ចប់សង្គម (ទុកសម្រាប់រ៉ាប់រងថ្លៃចងដៃការ បុណ្យ ឬពិធីផ្សេងៗ)។ ផ្សេងពីនេះ ការធ្វើការកត់ត្រានិងរៀបចំកញ្ចប់ថវិកាហូបចុកក៏ចាំបាច់ និងជាការចំណាយដែលធំជាងគេ។ ដូច្នេះត្រូវកំណត់ថវិកាទិញម្ហូបជាប្រចាំសប្តាហ៍ ឬប្រចាំថ្ងៃ (ឧទាហរណ៍៖ មួយថ្ងៃ ១៥,០០០៛ ទៅ ២០,០០០៛)។ ការទិញគ្រឿងទេសជាដុំ ឬទិញនៅផ្សារធំៗសម្រាប់មួយសប្តាហ៍ម្ដង អាចជួយកាត់បន្ថយការចំណាយបានច្រើនជាងការទិញបន្តិចបន្តួចរៀងរាល់ថ្ងៃ។
៣. ពិភាក្សា និងកំណត់ លុយសម្រាប់ហោប៉ៅប្ដី ឲ្យបានច្បាស់លាស់
ត្រូវទម្លាប់ពិភាក្សាជាមួយស្វាមីដោយបើកចំហអំពីស្ថានភាពហិរញ្ញវត្ថុ។ ផ្ដល់លុយក្នុងហោប៉ៅប្រចាំខែជូនប្ដី (ឧទាហរណ៍ ៧៥$ ក្នុង១ខែ សម្រាប់ថ្លៃហ្គាសឡាន/សាំង/កាហ្វេ) ឲ្យគាត់ចាត់ចែងដោយខ្លួនឯង ហើយអ្នកក៏មានភាគរយរបស់អ្នកដែរ។ ហើយមិនបើមិនចង់ចំណាយខ្លាំង អាចធ្វើបាយម្ហូបខ្ចប់ឲ្យប្ដីយកទៅធ្វើការក៏ជួយអ្នកបានខ្លះ។ ការធ្វើបែបនេះជួយកាត់បន្ថយជម្លោះ និងកម្រិតការចំណាយឥតប្រយោជន៍ផងដែរ។
៤. ប្រើប្រាស់ការកត់ត្រាតាមកម្មវិធី (App) ឬសៀវភៅ
គួរមានសៀវភៅមួយក្បាល ឬ App លើទូរស័ព្ទដៃ (ដូចជា App ធនាគារ តាមដាន Spending, Money Manager ជាដើម) ដើម្បីកត់ត្រារាល់ការចំណាយ។ ការកត់ត្រានឹងជួយឲ្យអ្នកដឹងថា លុយហូរចេញទៅណាច្រើនជាងគេនៅចុងខែ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើអាចធ្វើទៅបាន នៅពេលដែលស្ថានភាពគ្រួសារមានស្ថេរភាពហើយ អ្នកអាចពិចារណាស្វែងរកប្រភពចំណូលបន្ថែមតូចតាចនៅផ្ទះ (ដូចជាការលក់ដូរតាមអនឡាញ ឬធ្វើការងារ Freelance) ដើម្បីជួយបន្ថែមលើចំណូល ៥០០ ដុល្លារដែលជាប្រាក់ខែរបស់ស្វាមីនេះ ឲ្យកាន់តែធូរស្រាលមួយកម្រិតទៀត៕


