លក់ចាប់ហួយ តែស្តង់ដារ ភ្ញៀវមិនរត់ទៅណា ទិញហើយទិញទៀត ដោយសារក្បួន៩នេះ
Srey NuthNOVEMBER 3 2023681 views

របរលក់ចាប់ហួយ នៅក្នុងស្រុកខ្មែរច្រើនមែនទែន ជិះទៅទិសណាក៏ឃើញដែរ មានទាំងតូច មានទាំងធំ ។ ទន្ទឹមនិងការលក់ដ៏ពេញនិយមនេះ មានអ្នកលក់ខ្លះអាចសាងភាពមានបាន ដោយសារតែរបរនេះ ចំណែកខ្លះទៀតលក់យូរទៅ អ៊ីវ៉ាន់ក្នុងហាងតិចទៅៗ លក់យូរសល់តែសំបកហាង លក់យូរទៅបាត់ទាំងលុយបាត់ទាំងអ៊ីវ៉ាន់ ដោយសារមិនមានស្តង់ដារច្បាស់លាស់ លក់ឲ្យតែមានពាក្យថាអ្នកលក់ចាប់ហួយ ។

ទាក់ទងទៅនឹងបញ្ហាខាងលើនេះ ថ្ងៃនេះ Business Cambodia នឹងលើកយកក្បួនលក់ចាប់ហួយមួយចំនួន ដែលអាចជួយឲ្យបងប្អូនក្លាចជាអ្នកលក់មានស្តង់ដារ អាចចងជើងភ្ញៀវជាប់ មិនងាយរត់ទៅណា  ហើយអាចរស់បានយ៉ាងធូរធា៖

T 03 Mom and POP Stores in Thailand Severely Affected by Economic Downturn 2

១.  សម្លឹងមើលការលក់ដូរក្នុងតំបន់

ការចេះមើលទីផ្សារគឺជាផ្នែកសំខាន់មួយមុនពេលចេញរកស៊ី ប្រសិនបើតំបន់ដែលអ្នករស់នៅមិនសូវជាមានមនុស្សរស់នៅច្រើ ហើយបើសម្លឹងមើលតូបចាបហួយវិញមានជាង១០តូប សួរថាបើយើងទៅរកស៊ីដែរ ធ្វើមិចឈ្នះគេ តូបគេមានម៉ូយគេ យើងចូលក្រោយគេទាល់យើងខ្លាំង ឬមានចំណុចពិសេសខុសពីគេ ហើយបើមិនចង់ឱ្យភ្ញៀវជំពាក់ ក៏មិនកើត ភ្ញៀវច្បាស់រត់ទៅទិញកន្លែងណាដែលអាចជំពាក់បានជាពំុខាន។ ម្ល៉ោះហើយ បើអ្នកចង់បើក អ្នកគួរតែសម្លឹងមើលថា ទីតាំងរបស់អ្នកមានប្រជាជនប៉ុន្មាន ហើយមានតូបប៉ុន្មាន បើយើងបើកមួយដែរមានអ្នកទិញដែររឺទេ?

២. ត្រូវមានទំនាក់ទំនងជាមួយអតិថិជន

ការទំនាក់ទំនងនេះ គឺទាមទារអោយអ្នកមានជំនាញខាងភាគទន់ (Soft Skill)សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ហើយអាចធ្វើអោយអ្នកចំណាយពេលបន្តិចប៉ុន្តែអ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? ការទំនាក់ទំនងបែបមិច? ពួកគាត់ចូលចិត្ត ឬមិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់អ្នកមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក។

៣. មានរបស់លក់គ្រប់មុខ

ពាក្យថាចាប់ហួយ គឺដូចសម្លចាប់ឆាយអ៊ីចឹង បន្លែអី្វក៏មានក្នុងឆ្នាំងដែរ។ ការលក់ចាប់់ហួយដូចគ្នា ជាអ្នកលក់ត្រូវតែលក់ឲ្យបានគ្រប់មុខ តូូប តូច ធំមិនសំខាន់ អ្វីដែលសំខាន់ពេលមានភ្ញៀវរកអ្វីត្រូវមានហ្នឹងឲ្យភ្ញៀវ។ បើថ្ងៃនេះមិនមានស្អែកត្រូវតែមាន ឧទាហរណ៍ភ្ញៀវរកស្ករស ថ្ងៃនេះមិនមានតែថ្ងៃស្អែកត្រូវតែមាន។

៤. តម្លៃ

តម្លៃគឺជារឿងសំខាន់ណាស់នៅក្នុងមុខរបរនីមួយៗ អាចនិយាយបានថាជា ចំណុចស្លាប់រស់នៅក្នុងអាជីវកម្ម។ អ៊ីវ៉ានច្រើនមុខ ហើយតម្លៃធូរថ្លៃទៀតសួរថា អ្នកណាមិនចង់មកទិញ? ទោះបីលក់ធូរជាងគេ៥០០ ទៅ១០០០រៀល ក៏អាចចងភ្ញៀវជាប់ដែរ។ មែនទែនទៅលុយប៉ុណ្ណឹងវាមិនច្រើនទេសម្រាប់អ្នកទិញ ប៉ុន្តែវាអាចជារឿងល្អនៅពេល គេទៅទិញដោយមិនមានអារម្មណ៍ថាអ្នកលក់ថ្លៃជាងគេ។​

៥. ទំនាក់ទនងជាមួយភ្ញៀវ

អ៊ីវ៉ាន់មានគ្រប់មុខ ហើយលក់ធូរថ្លៃទៀត តែបើអ្នកលក់ពាក់មុខយក្សដាក់ភ្ញៀវ ពិបាកបន្តិចហើយ។ លក់កុំចងចិញ្ចើមជាប់ពេក លក់មិនដាច់ទេ របស់ល្អយ៉ាងណាក៏លក់មិនដាច់ដែរ។ មន្តស្នេហ៍ដែលទាក់ភ្ញៀវបានគឺត្រូវតែមានស្នាមញញឹមចំពោះអ្នកទិញជានិច្ច មិនថាក្មេង មិនថាចាស់ត្រូវតែញញឹមដាក់ពួកគេជានិច្ច ។ ម្យ៉ាងវិញទៀតគួរតែចេះនិយាយលេងសើចជាមួយភ្ញៀវ រសរាយរាក់ទាក់ សួរអ្នកទិញត្រូវការអ្វី បើមានពេលគួរតែចំណាយពេលរៀបរាប់ពីអ៊ីវ៉ាននោះ អ៊ីវ៉ាននោះអ៊ីចឹង។

៦.  រហ័សរហួន​

កុំអាងគេយកលុយទៅទិញហើយ ធ្វើខ្មឺតៗ ដំណើរមួយៗ ធ្វើបែបនេះតែម្ដង២ដងបាត់ភ្ញៀវអស់ហើយ។ ធ្វើជាអ្នកលក់គឺត្រូវរហ័សរហួនបន្តិច មានន័យថាធ្វើអ្វីលឿនៗ ភ្ញៀវស្រែកហៅភ្លាមត្រូវទៅភ្លាម។ ភ្ញៀវចង់បានអីទៅយកហ្នឹងឲ្យភ្លាម។ បើទោះជាអ្នករវល់យ៉ាងណាក៏ដោយ បើកាយវិការរហ័សរហួត អាចធ្វើឲ្យភ្ញៀវមានអារម្មណ៍ថា អ្នកយកចិត្តទុកដាក់និងរូបគាត់ និងឲ្យតម្លៃគាត់។

៧. កំណត់អតិថិជនគោលដៅ

ម្ចាស់អាជីវកម្មឆ្លាតវៃ និងអ្នកទីផ្សារដែលវាងវៃគឺជាអ្នកដែលស្វែងយល់ កំណត់ក្រុមអតិថិជនរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ត្រូវចេះកំណត់់ថាអតិថិជនមួយណាដែលមកម្ដងហើយម្ដងទៀត? តើក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដ៏ទៃពីអាជីវកម្មរបស់អ្នក ត្រូវចេះកំណត់​ទាំងភេទ អាយុ ទីតាំង ចំណាំអារម្មណ៍ និងតួនាទី​ ឬតំណែងងាយស្រួលក្នុងការកំណត់តាំងយកដើម្បីបំពេញតម្រូវការ។

៨. កត់ត្រានៅសកម្មភាពប្រចាំថ្ងៃ

អ្នកលក់ដែលឆ្លាត់វៃ គឺដកលុយចាយវាយដោយគ្មានការគត់បញ្ជីត្រឹមត្រូវនោះទេ។ ប្រសិនបើយើងជាអ្នកលក់ចាប់ហួយត្រូវកត់អីវ៉ាន់ចូលប៉ុន្មាន គេទិញប៉ុន្មាន គេជំពាក់ប៉ុន្មាន ហើយទិញថ្ងៃណា និងសងប៉ុន្មាន? ការធ្វើបែបនេះមិនត្រឹមតែអាចជួយរំលឹកអ្នកថា អីវ៉ាន់នៅក្នុងស្តុកមានចំនួនណានោះទេ វាថែមទាំងដាស់សតិអារម្មណ៏យើងថាចំនួនលុយរបស់អ្នកជំពាក់វាច្រើនហើយ ដូច្នេះការចាត់ចែងលុយរបស់អ្នកកាន់តែខ្លាំង។

៩. ចេះសន្សំ​

ចំណុចចុងក្រោយនេះ គឺជារឿងសំខាន់ លោកអ្នកគួរតែចេះសន្សំលុយ ប្រចាំថ្ងៃ មិនគួរចាយ ឡាយឡំគ្នានោះទេ។ ជាការពិតណាស់ចំណូលចូលជាប្រចាំ គឺជារឿងល្អ តែទន្ទឹមនិងការចូលជាប្រចាំលោកអ្នកគួរតែដក ៥ ទៅ១០$ដើម្បីសន្សំដែរ។ ការសន្សំនេះក៏ចាត់ទុកជាទុនបម្រុង ដើម្បីការពារចំណាយផ្សេងៗផងដែរ។ ឧទាហរណ៍ ថ្លៃខ្លះរកស៊ីហត់ចង់ដកឃ្លាខ្លះដើម្បី ចេញទៅសាកថ្មជីវិត គឺលោកអ្នកអាចដកលុយសន្សំប្រចាំថ្ងៃនោះមកចាយបានដោយសប្បាយចិត្តមិន បារម្មណ៍ខ្លាចអស់លុយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia