ក្ដៅៗ! ទុកពេល៣០ថ្ងៃ Tik Tok នឹងត្រូវលុបឱ្យអស់ពីប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់អាមេរិក
ឡុង វឌ្ឍនៈMARCH 1 20239.5 K views

បញ្ហាក្រុមហ៊ុន Tik Tok រកស៊ីនៅលើទឹកដីអាមេរិក ហាក់ឡើងកម្ដៅសារជាថ្មី ខណៈដែលពេលនេះ រដ្ឋការអាមេរិក បានបញ្ជាឱ្យលុបកម្មវិធី Tik Tok ឱ្យអស់ ចេញពីប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់អាមេរិក។ ការបញ្ជាឱ្យលុបនេះគឺមិនសម្ដៅលើការលុបTik Tok ចេញពីសហរដ្ឋអាមេរិកទាំងស្រុងនោះទេ ប៉ុន្តែសម្រាប់តែអ្នកប្រើប្រាស់ដែលស្ថិតក្នុងប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់អាមេរិកតែប៉ុណ្ណោះ។

ចំពោះមូលហេតុនៃការសម្រេចចិត្តឱ្យលុបនេះ គឺបណ្ដាលមកពីការភ័យខ្លាចអំពីសន្តិសុខជាតិទាំងមូល និងខ្លាចថាទិន្នន័យអ្នកប្រើប្រាស់ អាចធ្លាក់ចូលទៅក្នុងកម្មសិទ្ធិរបស់រដ្ឋាភិបាលចិន ហើយកម្មវិធីនេះអាចនឹងត្រូវបានប្រើប្រាស់ដោយប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិតមកកាន់ពលរដ្ឋអាមេរិក ជាពិសេសនៅគ្រាបោះឆ្នោតជាដើម។ គិតមកទល់នឹងពេលនេះ មានអ្នកប្រើប្រាស់សកម្មខ្ទង់ ១០០លាននាក់ហើយ នៅលើទឹកដីអាមេរិក។

បើទោះបីជាយ៉ាងណាក៏ដោយ ការបិទនេះក៏ត្រូវបានគេមើលឃើញថា បានបង្ករឱ្យមានបញ្ហាសម្រាប់សហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់ ទាក់ទងនឹងសិទ្ធសេរីភាពនៃការបញ្ចេញមតិ និងប៉ះពាល់ដល់អាជីវកម្មមួយចំនួន ដែលបានប្រើប្រាស់បណ្ដាញសង្គម Tik Tok សម្រាប់ធ្វើការលក់ផ្សព្វផ្សាយផងដែរ។

ជាការឆ្លើយតបទៅនឹងការហាមឃាត់ឧបករណ៍របស់រដ្ឋាភិបាល ក្រុមហ៊ុន TikTok បានប្រាប់ ABC News នៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងដឹងគុណដែលរដ្ឋាភិបាលមួយចំនួនបានជ្រើសរើសដោយឆ្លាតវៃ មិនអនុវត្តការហាមឃាត់បែបនេះ ហើយខ្លះទៀតបានសម្រេចចិត្តហាមឃាត់ ដោយសារតែខ្វះភស្តុតាង ដែលនេះវាជាការខកចិត្តដែលបានឃើញបែបនោះ។ មានស្ថាប័នឯកជន និងស្ថាប័នរដ្ឋាភិបាលផ្សេងទៀតកំពុងហាមឃាត់ TikTok នៅលើឧបករណ៍និយោជិតដោយមិនមានការពិចារណា ឬភស្តុតាងច្បាស់លាស់នៅឡើយ។

ក្រុមហ៊ុនបានបន្ថែមថា "យើងចែករំលែកគោលដៅរួមមួយជាមួយរដ្ឋាភិបាល ដែលមានការព្រួយបារម្ភអំពីឯកជនភាពរបស់អ្នកប្រើប្រាស់ ប៉ុន្តែការហាមឃាត់ទាំងនេះត្រូវបានណែនាំខុស ហើយក៏មិនបានចូលរួមធ្វើអ្វី ដើម្បីបន្ថែមការការពារឯកជនភាព ឬសុវត្ថិភាពអ្នកប្រើប្រាស់នោះទេ"។

គួរជម្រាបថា មកទល់នឹងពេលនេះ ក៏មានប្រទេសមួយចំនួនដូចជា ឥណ្ឌា កាណាដា តៃវ៉ាន់ និងប្រទេសក្នុងសហគមន៍អឺរ៉ុបមួយចំនួនទៀត ក៏បានចាត់វិធានការស្រដៀងគ្នាបែបនេះ ចំពោះក្រុមហ៊ុន Tik Tok ផងដែរ។ ដូច្នេះតើវាសនាក្រុមហ៊ុន Tik Tok អាចនឹងត្រូវបញ្ចប់ប្រតិបត្តិការទាំងស្រុងរបស់ខ្លួននៅលើទឹកដីអាមេរិកទាំងស្រុងឬយ៉ាងណា? យើងមានតែបន្តរង់ចាំមើលបន្ថែមទៀតតែប៉ុណ្ណោះ៕  ចង់អានសៀវភៅដឹកនាំល្បីៗ រៀនគំនិតរកស៊ីល្អៗ សូមចុចទីនេះ ( https://t.me/LongVathanak777 )   

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia