នៅក្នុងបរិបទកសិកម្មកម្ពុជាបច្ចុប្បន្ន កសិករជាច្រើនតែងតែជួបប្រទះនូវបញ្ហាប្រឈមដដែលៗ ដូចជាការ ធ្លាក់ថ្លៃនៃផលដំណាំ ទីផ្សារចង្អៀត និងការប្រកួតប្រជែងខ្ពស់លើដំណាំទូទៅ។ ទោះជាយ៉ាងណាក៏ដោយ ការប្តូរទិសដៅមកធ្វើ កសិកម្មកម្រ កំពុងក្លាយជារបរកសិកម្មដែលមានសក្តានុពលខ្ពស់។ វាជាវិធីសាស្ត្រ កសិកម្មទំនើបដែលផ្តោតលើការផលិតផលដំណាំ ឬសត្វចិញ្ចឹមដែលមានតម្លៃខ្ពស់ ប្រើប្រាស់ផ្ទៃដីតូច ប៉ុន្តែអាចប្រមូលផលកម្រៃបានច្រើន និងឆ្លើយតបចំតម្រូវការទីផ្សារខ្ពស់។ ខាងក្រោមនេះជារបរកសិកម្ម ដែលកម្រមានអ្នកធ្វើ រួមទាំងតម្លៃទីផ្សារខ្ពស់ផងដែរ។
១. ការដាំដើមកាកាវ
ដើមកាកាវគឺជាដំណាំកសិ-ឧស្សាហកម្មកម្រដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ សម្រាប់ផលិតសូកូឡា និងមានតម្រូវការទីផ្សារខ្ពស់។ វាដុះសក្ដិសមខ្លាំងជាមួយអាកាសធាតុក្តៅសើម និងដីក្រហមជីជាតិខ្ពស់នៅ តំបន់ភូមិភាគអូសាន (រតនគិរី, មណ្ឌលគិរី, ត្បូងឃ្មុំ, កំពង់ចាម និងកោះកុង) ដើមកាកាវតពូជ ចាប់ផ្តើម ផ្តល់ផ្លែនៅអាយុ ២.៥ ទៅ ៣ ឆ្នាំ និងបន្តប្រមូលផលបានរហូតដល់ ៣០ ទៅ ៨០ ឆ្នាំ។ ដោយគ្រាប់ស្ងួត ផ្អាប់រួច អាចលក់បាន $៤.០០ ដល់ $៩.០០ ក្នុងមួយគីឡូក្រាម ហើយប្រសិនបើកែច្នៃ ជាកាកាវកិន ឬសូកូឡា អាចលក់បានរហូតដល់ $២០ ដល់ $៤០ ក្នុងមួយគីឡូក្រាម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញរបាយការណ៍បច្ចេកទេសនិងគោលនយោបាយស្តីពីការបង្វែរទិសដៅទៅរកដំណាំកសិ-ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងការធ្វើដាំដំណាំនៅកម្ពុជា។

២. ការដាំវ៉ានីឡា
វ៉ានីឡាជាគ្រឿងទេសដែលមានតម្លៃថ្លៃបំផុតមួយលើពិភពលោក ដែលអាចលក់បានរាប់រយដុល្លារ ក្នុងមួយគីឡូក្រាម។ ថ្វីបើវាទាមទារបច្ចេកទេសបង្កាត់ពូជដោយដៃ និងការថែទាំយ៉ាងល្អិតល្អន់ក៏ដោយ ប៉ុន្តែទិន្នផលរបស់វាមានតម្រូវការខ្ពស់ពីសំណាក់ហាងនំប៉័ង ភោជនីយដ្ឋាន និងការនាំចេញទៅក្រៅប្រទេស។ ផ្អែកលើតម្លៃទីផ្សារ វ៉ានីឡាស្ងួតអាចលក់បានក្នុងតម្លៃចាប់ពី $៦០០ ដល់ $៨០០ ក្នុងមួយគីឡូក្រាម លើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក ជាក់ស្តែងនៅខេត្តមួយចំនួននៅខ្មែរយើង គឺមានប្រជាកសិករ បានដាំបានជោគជ័យរួចមកហើយ។


៣. ការចិញ្ចឹមដង្កូវរុយខ្មៅ
ការចិញ្ចឹមដង្កូវ BSF ដោយប្រើប្រាស់កាកសំណល់អាហារ គឺជាប្រភពប្រូតេអ៊ីនកម្រិតខ្ពស់ សម្រាប់ ផលិតចំណីសត្វដូចជា មាន់ ត្រី និងបង្កង។ យោងតាមឯកសារសត្វរុយនៅលើពិភពលោកនេះ មានប្រហែលជា ២ ៦០០ ប្រភេទ ហើយសត្វរុយដែលមានប្រយោជន៍គឺមានចំនួនប្រមាណជា ៣៥០ ប្រភេទ ដែលក្នុងនោះក៏មានរុយពូជ Black Soldier Flyមួយដែរ។ សត្វរុយប្រភេទនេះ មានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង ៤០ភាគរយ ខុសពីសត្វរុយធម្មតាដែលភ្នាក់ងារចម្លងមេរោគ ។ មុខរបរចម្លែកនេះជួយកាត់បន្ថយ ថ្លៃដើមចំណីក្នុង កសិដ្ឋានបានច្រើន និងមានទីផ្សារទិញដុំច្បាស់លាស់ពីម្ចាស់កសិដ្ឋានចិញ្ចឹមសត្វនានា។ លើផ្នែកតម្លៃទីផ្សារ ដង្កូវ BSF ស្រស់អាចលក់បាន $១.៥០ ដល់ $៣.០០ ក្នុងមួយគីឡូក្រាម ពងរុយ មានតម្លៃ $៥០ ដល់ $៨០ ក្នុង ១០០ ក្រាម សម្រាប់យកទៅបណ្តុះពូជ ហើយជីកំប៉ុស BSF Frass លក់បាន $០.៣០ ដល់ $០.៥០ ក្នុងមួយគីឡូក្រាម។

ការធ្វើកសិកម្មកម្រនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការប្រកួតប្រជែងតម្លៃនៅលើទីផ្សារទូទៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសំខាន់ក្នុងការលើកកម្ពស់តម្លៃបន្ថែមនៃវិស័យកសិកម្មក្នុងស្រុកអោយកាន់ខ្លាំងផងដែរ។ ទោះបីជាការ ចាប់ផ្តើមអាជីវកម្មប្រភេទនេះទាមទារឱ្យមានការសិក្សាស្រាវជ្រាវការក្តាប់ជំនាញបច្ចេកទេសនិងការយល់ដឹងពីអតិថិជនគោលដៅឱ្យបានច្បាស់លាស់មែន ក៏ប៉ុន្តែលទ្ធផលដែលទទួលបានមកវិញគឺជាផលចំណេញខ្ពស់ និងភាពរឹងមាំនៃអាជីវកម្មកសិកម្មក្នុងរយៈពេលវែង។


