ពេលមានវិបត្តិគេចូលចិត្តទិញមាសទុក! នេះគឺរឿងធំៗ៣ដែលអ្នកគួរដឹងមុននឹងយកលុយទៅទិញមាសទុក
Toeuy HongJULY 22 20231.2 K views

ជាទូទៅពេលស្រុកទេសមានវិបត្តិ មនុស្សតែងតែទិញមាសទុកឬវិនិយោគលើមាសព្រោះមាសត្រូវបានគេចាត់ទុកជាលោហធាតុមានតម្លៃនិងជាទ្រព្យសុវត្ថិភាពសម្រាប់ប្រើប្រាស់ក្នុងការដោះដូរជាមួយទំនិញផ្សេងៗពេលមានវិបត្តិឬរូបិយប័ណ្ណគេលែងត្រូវការ។

ទាក់ទងនឹងការវិនិយោគលើមាសនេះដែរ ខាងក្រោមនេះគឺជារឿងធំៗដែលអ្នកគួរដឹងមុនវិនិយោគលើហាងឆេងមាស។

. ទឹកលុយដែលអ្នកគួរវិនិយោគលើមាស

 ការវិនិយោគលើមាសគឺផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់វ័យទាំងអស់ ប៉ុន្ដែដើមទុនដែលអ្នកគួរយកទៅវិនិយោគលើមាសគឺខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ សម្រាប់មនុស្សវ័យក្មេងអាចវិនិយោគលើមាសបានច្រើនជាងមនុស្សចាស់ព្រោះពួកគាត់មានពេលវេលាច្រើនទៀត។ ចំណែកមនុស្សចាស់ពួកគាត់ផ្ដោតលើការវិនិយោគណាដែលអាចបង្កើតចំណូលប្រចាំខែសម្រាប់ចិញ្ចឹមគាត់ពេលចាស់។ ចំពោះទឹកប្រាក់ឬដើមទុនសម្រាប់វិនិយោគលើមាស អ្នកគួរយកត្រឹមតែ១០%នៃតម្លៃវិនិយោគសរុបរបស់អ្នក។ ឧទាហរណ៍ អ្នកវិនិយោគនៅកន្លែងផ្សេងៗមានដូចជា អចលនទ្រព្យ ផ្សារភាគហ៊ុន មាស និងវិនិយោគក្នុងអាជីវកម្ម ហើយការវិនិយោគទាំងអស់នេះគិតជាទឹកប្រាក់មានតម្លៃ៥ម៉ឺនដុល្លារ។ ដូច្នេះក្នុងតម្លៃវិនិយោគ៥ម៉ឺនដុល្លារនេះ អ្នកគួរវិនិយោគលើមាសតែ៥ពាន់ដុល្លារបានហើយ។

. ផ្លូវក្នុងការវិនិយោគមាសមានច្រើន

Business Cambodia ធ្លាប់ចុះផ្សាយរួចហើយពីផ្លូវក្នុងការវិនិយោគលើមាសគឺមាន៣ធំៗ។ ទីមួយគឺវិនិយោគទិមាសពិតប្រាកដ ដោយបងប្អូនទិញមាសនៅតាមបណ្ដាងហាងលក់គ្រឿងអលង្ការតាមរយៈទិញទុកពេលមានធ្លាក់ថ្លៃហើយអាចលក់ចេញយកប្រាក់ចំណេញពេលមាសឡើងថ្លៃ។ យ៉ាងណាមិញក្នុងការទិញមាសបងប្អូនត្រូវជ្រើសរើសហាងមាសដែលបងប្អូនជឿទុកចិត្តនិងរកស៊ីស្មោះត្រង់។

ចំណែកទី២គឺវិនិយោគលើហាងឆេងមាសអន្តរជាតិដែលជាការវិនិយោគលើគម្លាត់ថ្លៃរវាងមាសធៀបនឹងប្រាក់ដុល្លារអាមេរិក។  ប៉ុន្ដែការវិនិយោគនេះមិនមែនជាការវិនិយោគលើមានពិតប្រាកដមានរូបរាងអាចប៉ះបាននោះទេពោលគឺគ្រាន់តែតួលេខប៉ុណ្ណោះ។ដើម្បីវិនិយោគមាសលើទីផ្សារអន្តរជាតិបានបងប្អូនត្រូវមានគណនីជួញដូរជាមួយក្រុមឈ្មួញជើងសារឧបករណ៍នស្សន្ទដើម្បីទិញវិនិយោគលើមាសអន្តរជាតិបាន។

រីឯងទី៣គឺវិនិយោគលើភាគហ៊ុនមាស តាមរយៈការទិញភាគហ៊ុនក្រុមហ៊ុនធំៗដែលរស៊ីលើមាសដូចជាភាគហ៊ុន Barrick Gold Corp, Franco-Neveda Corp, Wheaton Preciois Metals Corp និងAgnico Eagle Mines ជាដើម ពោលគឺអ្នកវិនិយោគលើផ្សារហ៊ុនដោយទិញភាគហ៊ុនក្រុមហ៊ុនដែលរកស៊ីលើមាស។

. មាសមិនអាចបង្កើតចំណូលប្រចាំខែឡើយ

មាសគឺត្រូវបានមនុស្សវិនិយោគដើម្បីការពារលុយដែលពួកគាត់ខំរកយ៉ាងលំបាក។ ឧទាហរណ៍មាសអាចប្រឆាំងអតិផរណាដូច្នេះបើអតផរណាឡើងខ្លាំងដូចអំឡុងឆ្នាំ២០២២មនុស្សមួយចំនួនបានលុយទៅទិញមាសទុក។ យ៉ាងណាមិញមាសមិនអាចបង្កើតចំណូលប្រចាំខែឬឆ្នាំទៀតទាត់ដូចការវិនិយោគលើអចលនទ្រព្យឬភាគហ៊ុននោះទេ។ ឧទាហរណ៍អចលនទ្រព្យអាចបង្កើតចំណូលតាមរយៈការដាក់ជួលផ្ទះឬដីប្រចាំខែ ចំណែកមាសមិនអាចនោះទេគឺទាល់តែមាសឡើងថ្លៃឃើញចំណេញទើបអាចលក់យកប្រាក់ចំណេញបាន។

ចង់តាមដានព័ត៌មានទាក់ទងនឹងហិរញ្ញវត្ថុក៏ដូចជាការប្រើលុយឲ្យចំណេញ និងវិនិយោគលុយដើម្បីបង្កើនទ្រព្យ អាចតាមដាន Facebook page Toeuy Hong-ទឿយ ហុង និងចូលគ្រុបតេឡេក្រាម   https://t.me/toeuy_hong

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia