អ្នកនៅស្រុកស្រែមានដី កុំទុកឱ្យទំនេរចោល ! គួរច្នៃដាំដំណាំ ៣ នេះដើម្បីបង្កើនចំណូល កាត់បន្ថយចំណាយ
Sambat SokhlangNOVEMBER 20 20231 K views

ស្របពេលដែលសេដ្ឋកិច្ចកំពុងតែមានភាពតានតឹង ការចំណាយច្រើន ចំណូលថយថុះ បានបង្ករឱ្យមានផលប៉ះពាល់ជាចម្រើនទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ រហូតធ្វើឱ្យមានបងប្អូនខ្លះត្រូវបន្ថែមការងារ មុខរបរថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់នឹងការចំណាយ។ ហេតុដូចនេះសម្រាប់បងប្អូនដែលរស់នៅតាមបណ្តាលខេត្តនានាប្រសិនបើមានដីនៅទំនេរជុំវិញផ្ទះគួរតែច្នៃដាំដំណាំបង្កើតរបរថ្មីៗបន្ថែមទៀតសម្រាប់បង្កើនប្រាក់ចំណូលនិងកាត់បន្ថយចំណាយ ជាពិសេសដំណាំសាមញ្ញៗ៣ មុខនេះ ៖

១.ននោង

ដំណាំននោងជាដំណាំស្រុកស្រែចម្ការមួយដែលគេនិយមដាំនៅតែក្រោយផ្ទះ មិនសូវជាមានអ្នកដែលដាំលក្ខណៈទ្រង់ទ្រាយធំនោះទេ ដូចដែលរៀបរាប់ខាងលើគឺមានតែការដាំបែបតាមផ្ទះសម្រាប់តែស្លរម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើយើងងាកទៅមើលទីផ្សាររបស់ដំណាំមួយប្រភេទនេះវិញ សម្បូរទីផ្សារមិនចាញ់ដំណាំផ្សេងប៉ុន្មាននោះទេ ព្រោះក្រៅពីអាចលក់ចែកចាយក្នុងភូមិបានហើយ យើងអាចរកម៉ូយបោះដុំលក់នៅតាមផ្សារបានថែមទៀតផង។

 

949e059d 293a 4cbf 905e E43fbe0b626b

 

ជាក់ស្តែងដូចបងប្រុសមួយរូប ឈ្មោះ ផាន តុលា បច្ចុប្បន្នជាអ្នកដាំននោងបានឱ្យដឹងថា “ជាធម្មតាក្នុងមួយរដូវរកអាចប្រមូលផលបានពីដំណាំននោងរបស់គាត់បានចន្លោះពី ៥ពាន់ ទៅជិត ១ម៉ឺនដុល្លារ ដោយគ្រាន់តែចាយពេលត្រឹម ៣ទៅ៤ខែប៉ុណ្ណោះសម្រាប់ដាំ”។ ដែលនេះជាសញ្ញាបញ្ជាក់ឱ្យឃើញថា ប្រសិនបើបងប្អូនមានដីនៅទំនេរហើយមិនចង់ធ្វើស្រូវ ចង់ធ្វើអ្វីផ្សេងអាចពិចារណាលើដំណាំមួយប្រភេទនេះបាន ព្រោះការដាំដុះក៏ងាយស្រួល រីឯការថែទាំក៏មិនសូវលំបាក ហើយយើងអាចមានពេលសម្រាប់ធ្វើការងារផ្សេងៗបានក្រៅពីដាំននោងថែមទៀត ដែលនេះវាធ្វើឱ្យចំណេញទាំងពេល បានទាំងចំណូល។

 

២.ក្រូចឆ្មា

ក្រូចឆ្មាក៏ជាដំណាំដែលមានទីផ្សារខ្ពស់ផងដែរនាពេលបច្ចុប្បន្ននេះ ព្រោះសព្វថ្ងៃមានការពេញនិយមទៅលើការធ្វើជ្រក់ជើងមាន់ ជើងទា ទឹកជ្រលក់ ជាដើម។ដែលនេះធ្វើឱ្យតម្រូវការផ្លែក្រូចក្នុងប្រទេសកម្ពុជាយើងក៏មានការកើនឡើងផងដែរ ហេតុនេះសម្រាប់បងប្អូនដែលគាត់មានទុនសមល្មម អាចសាកល្បងលើដំណាំនេះបាន ព្រោះចាយពេលត្រឹម ១ ទៅ ២ឆ្នាំ យើងក៏នឹងអាចទទួលផលបានហើយ រីឯតម្លៃវិញជាមធ្យមក្នុងមួយគីឡូចន្លោះពី ៦ពាន់រៀល ទៅ ៨ពាន់រៀល ដូច្នេះបើយើងដាំច្រើន យើងអាចបេះបានវិលជុំ រកប្រាក់កម្រៃបានជាប្រចាំតែម្តង។

 

87d09e37 D020 43f4 B07e 1b7797ba7c6d

 

៣.ម្ទេស

ដំណាំម្ទេសត្រូវបានគេចាត់ទុកជាគ្រឿងទេសដ៏សំខាន់មួយសម្រាប់អ្នកធ្វើម្ហូបអាហារមិនថានៅតាមផ្ទះ តាមហាង ភោជនីដ្ឋានតូចធំ ក្នុងមួយថ្ងៃគ្រាន់តែម្ទេសអាចនឹងប្រើរាប់តោនដើម្បីធ្វើជាគ្រឿងទេស ហើយបច្ចុប្បន្នបើយើងងាកទៅមើលពីការដាំដុះវិញមិនសូវជាមានច្រើននោះទេ ហេតុនេះលើកទឹកចិត្តឱ្យបងប្អូនដែលគាត់មានបទពិសោធន៍ និងគ្មានបទពិសោធន៍អាចធ្វើការសិក្សាបន្ថែមទៅលើបច្ចេកទេសដាំដុះ ដើម្បីមានលទ្ធភាពអាចដាំជាចំការលក្ខណៈទ្រង់ទ្រាយធំ និងអាចធ្វើការផ្គត់ផ្គង់បានកាន់តែច្រើនបន្ថែមទៀត។

 

465cd0ef D90c 4f50 981f Fe65c3d2770c

 

បន្ថែមពីលើនេះ ចង់បញ្ជាក់បងប្អូនផងដែរថា ក្រៅពីដំណាំទាំង៣ ខាងលើនៅមានដំណាំជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែបងប្អូនអាចធ្វើការដាំដុះបាន ហើយសុទ្ធតែអាចរកចំណូលបានប្រចាំថ្ងៃ ប្រចាំខែបាន ដូចជាប្រភេទបន្លែ ស្ពៃ ប៉េងបោះ ជាដើម បងប្អូនអាចដាំជាលក្ខណៈជាផ្ទះសំណាញ និងជាដំណាំលើទឹកបាន ព្រោះវាងាយស្រួលថែទាំ ដែលធ្វើឱ្យគុណភាពបន្លែក៏ល្អ​លក់ក៏បានថ្លៃទៅតាមនោះផងដែរ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង