កាលពីពេលថ្មីៗកន្លងទៅនេះព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ត្រូវបានស្ថាបនារួចរាល់ហើយ ដោយត្រៀមបើកទទួលជើងហោះហើរដឹកអ្នកដំណើរ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ ដោយឡែកក្រៅពីព្រលានយន្តហោះអន្តរជាតិមួយនេះ កម្ពុជានៅសល់ព្រលានយន្តហោះអន្តរជាតិចំនួនពីរទៀតដែលកំពុងសាងសង់។
១. អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឬ ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ គិតមកដល់បច្ចុប្បន្ន សម្រេចសម្ថតផលបានប្រមាណ៥១ ភាគរយហើយ ខណៈព្រលានយន្ដហោះអន្តរជាតិតេជោក្រុងតាខ្មៅនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ ។ អាកាសយានដ្ឋានអន្តរជាតិនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដែលវិនិយោគសាងសង់រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុននៃប្រទេសចិន។
ក្នុងនោះ សម្រាប់ការសាងសង់វិញត្រូវបានបែងចែកជា ៣ ដំណាក់កាល ដោយដំណាក់កាលទី១ អាចនឹងបញ្ចប់នៅឆ្នាំ២០២៥ និងចំណាយទឹកប្រាក់ ១.៥ ពាន់លានដុល្លារ (មិនគិតតម្លៃដី) អាចទទួលបានភ្ញៀវទេសចរបាន ១៣ លាននាក់ក្នុង១ឆ្នាំ ។ ចំណែកដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលភ្ញៀវទេសចរ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរ ៥០លាននាក់ក្នុង១ឆ្នាំ។
២. អាកាសយានដ្ឋានអន្តរជាតិតារាសាគរ
ព្រលានយន្ដហោះអន្ដរជាតិតារាសាគរ ត្រូវបានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០២០ គិតមកដល់ពេលនេះ គម្រោងព្រលាននេះបានសាងសង់ជិតរួចរាល់ហើយ។ បើតាមការគ្រោងទុក គម្រោងនេះក៏ត្រៀមនឹងដាក់ឲ្យសាកល្បងនៅក្នុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅផងដែរ ប៉ុន្ដែដោយសារ វិបត្តិសេដ្ឋកិច្ចសកល និងវិធានការនៃការធ្វើដំណើរដោយសារកូវីដ ១៩ ធ្វើឲ្យការសាកល្បងត្រូវបានពន្យាពេល។នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិងជាអ្នក នាំពាក្យអាកាសចរស៊ីវិលកាលពីពេលកន្លងទៅ។
សូមជម្រាបថា ព្រលានយន្ដហោះខាងលើនេះ មានទីតាំងស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានវិនិយោគការសាងសង់ដោយក្រុមហ៊ុនចិន Union Development Group។ សម្រាប់ការសាងសង់ត្រូវបានចែកចេញជា ៣ ដំណាក់កាល ដោយនៅដំណាក់កាលទី១ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា ចំណាយអស់ថវិកាប្រមាណ ៣៥០លានដុល្លារ។ ដោយឡែកក្នុងដំណាក់កាលទី២និងទី៣ គឺត្រូវរង់ចាំមើលកំណើនពី១០ទៅ១៥ឆ្នាំបន្ថែមទៀតថាតើមានតម្រូវការប៉ុណ្ណា បើសិនមានតម្រូវការបន្ថែមក្រុមហ៊ុននឹងពង្រីកបន្ថែមទៀត។ អ្វីដែលពិសេសគឺព្រលាននេះមានសមត្ថភាព អាចផ្ទុកយន្តហោះធុន Boeing 777 និងAirbus A34០ ដែលជាប្រភេទ យន្តហោះ ខ្នាតធំបាន៕