កម្ពុជាបានក្លាយជាទីតាំងវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុនធំៗទាំងជាតិ និងអន្ដរជាតិ។ ជាក់ស្ដែងនៅក្នុងខែមករា ឆ្នាំ២០២៦ នេះ ក្រុមហ៊ុនធំៗរួមមាន៖ ក្រុមហ៊ុន A1-Plastics ក្រុមហ៊ុនវីខេតធី (VKETI) និងក្រុមហ៊ុនស៊ីងបាងតែកឃីជីងមេធើរៀល តិចណូឡូជី ឯ.ក (Xing Bang Packaging Material Technology Co., Ltd.) បានបើកការដ្ឋានសាងសង់រោងចក្រថ្មីរបស់ខ្លួននៅក្នុងខេត្ដពោធិ៍សាត់ ក្រចេះនិងខេត្ដកំពង់ស្ពឺ។
១. រោងចក្រផលិតដបប្លាស្ទិក
ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ។

រោងចក្រថ្មីនេះនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្ដពោធិ៍សាត់។ ខណៈក្រុមហ៊ុន A1-Plastics បានចំណាយទុន ២៩លានដុល្លារ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
២. រោងចក្រកែច្នៃជ័រកៅស៊ូ
កាលពីទី២១ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនវីខេតធី (VKETI) បានរៀបចំពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ របស់ខ្លួនដែលមានទីតាំងនៅភូមិគ្រញូងសែនជ័យ ឃឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ ដោយពិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានសម្តែងនូវការកោតសរសើរដល់ការខិតខំ ប្រឹងប្រែងរបស់ក្រុមហ៊ុនវីខេតធី ដែលបានមកវិនិយោគលើវិស័យដំណាំកៅស៊ូ ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុក ឃុំ ដើម្បីរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ការបន្តអភិវឌ្ឍន៍ដំណាំកៅស៊ូ និងការបង្កើតរោងចក្រកែច្នៃកៅស៊ូធម្មជាតិរបស់ក្រុមហ៊ុននាពេលនេះ ដោយក្រុមហ៊ុននឹងត្រូវការកម្លាំងពលកម្ម នឹងបន្តបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋបន្ថែមទៀត បន្ថែម ដើម្បីឆ្លើយតបតម្រូវការការងារ និងផលិតផលក្នុងទីផ្សារ។

ដោយឡែកលោក Le Thanh Nghi អគ្គនាយកក្រុមហ៊ុន Loc Ninh Rubber Company Limited ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនVKETI បានឲ្យដឹងថា ៖ ឆ្លងកាត់ដំណើរការកសាង និងអភិវឌ្ឍន៍ ក្រុមហ៊ុនបាននិងកំពុង រក្សាស្ថិរភាពផលិតកម្មជាបណ្តើរៗ និងអះអាងអនុវត្តតួនាទីរបស់ខ្លួនក្នុងវិស័យដាំដុះ និងចៀរ ជ័រកៅស៊ូ ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យកៅស៊ូបាននិងកំពុងដើរតួ នាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់តម្លៃមូលដ្ឋាន ។
៣. រោងចក្រផលិតក្រដាស
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុនស៊ីងបាងតែកឃីជីងមេធើរៀល តិចណូឡូជី ឯ.ក (Xing Bang Packaging Material Technology Co., Ltd.) ដែលជាក្រុមហ៊ុនវិនិយោគលើផ្នែកផលិតក្រដាសបានបើកការដ្ឋានសាងសង់រោងចក្ររបស់ខ្លួន នៅក្នុងភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក មុត ភន អភិបាល នៃគណៈអភិបាលស្រុកសំរោងទង បានបង្ហាញនូវក្ដីរីករាយចំពោះសមិទ្ធផលថ្មីនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន និងបានស្នើរឲ្យប្រធានក្រុមហ៊ុនពង្រីកការវិនិយោគឲ្យកាន់តែធំ។ ក្រៅពីនោះលោកបានស្នើសុំឲ្យប្រធានក្រុមហ៊ុន ស៊ីងបាងតែកឃីជីងមេធើរៀល តិចណូឡូជី ឯ.ក កៀគរអ្នកវិនិយោគផ្សេងទៀតឲ្យមកបណ្ដាក់ទុននៅក្នុងខេត្ដកំពង់ស្ពឺ ជាពិសេសនៅក្នុងទឹកដីស្រុកសំរោងទងនេះតែម្ដង៕



