សំណាបយោងដីស្រីយោងបុរស!លក្ខណៈសម្បត្តិភរិយាមាសពេជ្រទាំង៣ជួយស្វាមីជោគជ័យខ្លាំងបំផុត
Kan DaraJUNE 8 202219 K views

ការរៀបចំគ្រួសារជ្រើសរើសគូស្រករជារឿងមួយផ្នែកនៃជីវិតរបស់មនុស្សដែលជារឿងចាំបាច់នៅក្នុងដំណើរជីវិត។ ដោយឡែកការជ្រើសរើសគូស្រករនេះទៀតសោត ពាក្យចាស់លោកតែងពោលថា «សំណាបយោងដី ស្រីយោងបុរស» ពោលគឺជាកម្លាំងនៃអំណាចរបស់ស្រ្តីទៅលើបុរសជាដៃគូ គឺដំណាលមកពីលក្ខណៈដែលស្រ្តីអាចជះឥទ្ធិពលលើបុរសនេះឯង។ ស្រ្តីជាឆ្អឹងខ្នងសង្គមជាបង្គោលនៃសុភមង្កលគ្រួសារក្នុងនោះលក្ខណៈសម្បត្តិភរិយាមាសពេជ្រទាំង៣ដែលបុរសរើសជាប្រពន្ធហើយគឺមិនខាកបំណងឡើយក្នុងជីវិតអាពាហ៍ពិពាហ៍។

./​ ទីប្រឹក្សាល្អឯក

ពិតណាស់ការដែលដៃគូមានចំណង់ចំណូលចិត្តដូចគ្នា គឺជាសំណាងមួយព្រោះលក្ខណៈសមស្របនឹងនាំឱ្យមានភាពរីកចម្រើន នៅលើសមត្ថភាពផ្លូវចិត្ត។ ប៉ុន្តែអ្វីដែលបុរសមានភោគលាភធំជាងត្រូវឆ្នោតទៅទៀតនោះ គឺមានភរិយាអាចជាទីប្រឹក្សាដ៏ល្អឯកគ្រប់កាលៈទេសៈក្នុងកែវភ្នែកស្វាមី ព្រមទាំងជាភ័ព្វដែលអ្នកផងទាំងពួងប៉ងប្រាថ្នា។ ​ស្រ្តីដែលអាចជាអ្នកប្រឹក្សារបស់បុរស​ ចេះណែនាំចំពោះរឿងណាដែលគួរពុំគួរក្នុងការប្រព្រឹត្តិ និងអាចសម្រាលបន្ទុកស្វាមីមិនថាកិច្ចការតូចធំក្នុងឬក្រៅអំពីធុរកិច្ចក្តី ថែមទាំងជាស្រ្តីដែលអាចបំផុសគំនិត ជ្រោមជ្រែងស្វាមី និងជាមនុស្សដែលពូកែយល់ចិត្តបំផុតក្នុងសង្គមគ្រួសារ។

./ ហត្ថាខាងស្តាំស្វាមីខ្វះមិនបាន

មនុស្សស្រីដែលមានសម្រស់មានច្រើនលើសលប់​តែស្រ្តីដែលមានសោភ័ណគឺត្រូវប្រើថេរវេលាដើម្បីវិនិច្ឆ័យ។ មនុស្សស្រីដែលអស្ចារ្យមិនប្រាកដថាជាកុលស្រ្តី ប៉ុន្តែភាពឆ្លាតវៃទំនុកចិត្ត សមត្ថភាពខ្ពស់អាចដោះស្រាយបញ្ហាចំពោះមុខ អាចជាកម្លាំងរុញច្រានដ៏មហិមានិងក្លាយជាដៃស្តាំដ៏មានឥទ្ធិពលមួយរូបក្នុងជីវិតស្វាមី។ ត្រង់ចំណុចនេះស្រ្តីអាចក្លាយជាអ្នកជំនួសតំណែងស្វាមីក្នុងភារកិច្ចនានា និងអាចជំនួសដៃស្វាមីដោយមានការអត់ធ្មត់ខ្ពស់បំផុតដែលនេះជាតំណែងខ្ពស់បំផុតរបស់ភរិយា ក្នុងហរទ័យរបស់បុរសជាស្វាមី។

./ សម្តីបង្កប់ឥទ្ធិពល

ដំណើរជីវិតមានឡើងមានចុះបើត្រឹមពាក្យមួយឃ្លាពីទីប្រឹក្សាដ៏ល្អឯកមួយរូបមានឥទ្ធិពលយ៉ាងអស្ចារ្យនៅពេលដែលកំពុងជួបការលំបាក បរាជ័យឬបាក់ទឹកចិត្តអាចយិតយោងស្វាមីឱ្យងើបឡើងវិញ នេះជាគុណសម្បត្តិដ៏មហស្ចារ្យក្នុងនាមជាប្រពន្ធ។ ប្រភេទភរិយាមាសពេជ្រគឺមិនដែលស្តីបន្ទោស​​​ តែងតែមានអធ្យាស្រ័យខ្ពស់ ព្រមជាមួយនិងពាក្យសម្តីលើកទឹកចិត្តបន្ថែមនៅគ្រប់វិនាទីទាំងអស់។ ម្យ៉ាងវិញទៀតពេលជោគជ័យក៏ស្រ្តីប្រភេទនេះមានមោទកភាពលើបុរសជាដៃគូរបំផុតដោយមិនរំពឹងទទួលផលតបស្នងនោះឡើយ។

ជារួមមកវិញ ស្រ្តីដែលជាទ្រព្យសម្បត្តិដ៏មហាសាលរមែងតែងមានបុរសដែលអាចជាទីពំនាក់អាស្រ័យ មេត្តាក្នុងចិត្ត មិនក្រោវក្រោធច្រើន ទើបអាចទទួលបាននូវប្រភេទភរិយា​មាសពេជ្រទាំងនេះបានដូចគ្នា ពោលគឺទាមទារឱ្យភាគីទាំងសងខាងមានចិត្តវិជ្ជមានចំពោះគ្នានិងចូរប្រតិបត្តិជាអ្នកផ្តល់ឱ្យទៅតាមលក្ខណៈជាក់ស្តែងក្នុងកាលៈទេសៈណាមួយ។

ជាក់ស្តែងសង្គមពិតយើងសង្កេតឃើញថាសង្គមគ្រួសារគឺត្រូវការស្រ្តីជាកម្លាំងនៃសុភមង្គល។ ក្នុងនោះកាលពីពេលថ្មីៗនេះផងដែរជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាស់របស់តារាសម្តែង​ Johnny Depp​ ជាបទពិសោធន៍ថាទោះបីជាមានទ្រព្យសម្បត្តិហូរហៀរ ក្តេរ៍ឈ្មោះល្បីល្បាញកម្រិតណានោះទេ​ ប្រសិនបើជីវិតគ្រួសារមិនមានភាពស្មោះត្រង់ ទំនុកចិត្ត និងការអធ្យាស្រ័យទៅវិញទៅមកនោះទេ ជីវិតក្នុងសង្គមក៏អាប់អោនទៅតាមនោះដូចគ្នា។ ចំណែកឯគ្រួសាររបស់មហាសេដ្ឋីបច្ចេកវិទ្យា​​លោក​ Mark Zuckerberg ត្បិតតែលោកជាមនុស្សដែលរវល់ច្រើនប៉ុន្តែលោកតែងតែត្រូវបានភរិយាយល់ចិត្តជានិច្ច​ ហើយត្រូវបានមហាជនជាច្រើនតែងលើកឡើងថាលោកពិតជាសំណាងដែលមានស្រ្តីកូនកាត់ចិនរូបនេះជាភរិយា៕

អត្ថបទដោយ​៖ ពីង ជូអេង (​ កូនត្រចៀកកាំ​ )

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia