ក្នុងស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ សប្បុរសជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស បានសម្រេចចិត្តក្នុងការឧបត្ថម្ភថវិកាជូនដល់រវីរកងទ័ព និងជនភៀសសឹក នៅតាមតំបន់ព្រំដែនដើម្បីប្រើប្រាស់អំឡុងពេលដ៏លំបាកនេះ។ តបទៅនឹងតម្រូវការដ៏ចាំបាច់នេះអ្នកឧកញ៉ា គិតម៉េង លោកជំទាវ លោកអ្នកឧកញ៉ា ភាព ហៀក និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាសេដ្ឋីជួរមុខនៅស្រុកខ្មែរក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមក្នុងបុព្ធហេតុស្នេហាជាតិមាតុភូមិកម្ពុជានេះផងដែរ។
១. អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសចូលរួមឧបត្ថម្ភថវិកាសរុប ៤ លានដុល្លារជូនដល់ជនភៀសសឹក តាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសបរិច្ចាគ ២ លានដុល្លារ និងនៅថ្ងៃទី១៦ ខែធ្នូ នេះបានប្រកាសបរិច្ចាគ ២ លានដុល្លារបន្ថែមទៀត។

ក្រៅពីថវិកាខាងលើ ដើម្បីរួមចំណែកជួយដល់ជនភៀសសឹកអាចរក្សាទំនាក់ទំនងបានងាយស្រួលអ្នកឧកញ៉ាក៏បានចែកជូន 100,000 សែលកាត ដើម្បីស៊ីមភ្ជាប់ជាមួយនឹងគម្រោង cellcard AO MOBILE $1 ដោយឥតគិតថ្លៃ ដល់បងប្អូនជនភៀសសឹកផងដែរ។
២. លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក
លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏បានប្រកាសបរិច្ចាគថវិកាចំនួន ៣ លានដុល្លារដុល្លារផងដែរ។ ក្រៅពីនោះក៏មានអង្ករ ៣០០ តោន ទឹកពិសាកម្ពុជា1.5លីត្រ ចំនួន ៣ ម៉ឺនកេស ដើម្បីជួយដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ និងជនភៀសសឹក។
អ្វីដែលគួរឲ្យកកត់សម្គាល់ ក្រុមហ៊ុនកូនខ្មែរមួយនេះគឺតែងតែឧបត្ថម្ភជាហូរហែ ដោយគិតមកដល់បច្ចុប្បន្នមានសរុបជិត 6,000,000 ដុល្លារ ដោយដើរក្នុងស្មារតីតែមួយការពារបូរណភាពទឹកដីកម្ពុជា។
៣. លោកអ្នកឧកញ៉ា ពុង ឃាវសែ
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ កាណាឌីយ៉ា គ្រុប បានចូលរួមឧបត្ថម្ភថវិការចំនួន ៣,០០០,០០០ ដុល្លារ តាមរយៈសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីជួយដល់កងទ័ពជួរមុខ និងគ្រួសារកម្ពុជាដែលត្រូវផ្លាស់ប្តូរទីជម្រក ដោយសារភាពតានតឹងថ្មីៗនេះ។

បន្ថែមពីលើការគាំទ្រជាថវិការ ក្រុមហ៊ុនរបស់លោកអ្នកឧកញ៉ាក៏បានជួយរៀបចំការបរិច្ចាគឈាមនៅតាមទីកន្លែងដូចជា សាលសន្និបាតកោះពេជ្រ ដែលអនុញ្ញាតឱ្យអ្នកបរិច្ចាគរាប់ពាន់នាក់ចូលរួមបរិច្ចាគឈាមដោយរៀបចំដោយ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ ព្រមទាំងបានអនុវត្តការបន្ធូរបន្ថយបំណុល ១០០% សម្រាប់ទាហានដែលរងផលប៉ះពាល់ និងក្រុមគ្រួសាររបស់ពួកគេ ស្របតាមការណែនាំពីធនាគារជាតិនៃកម្ពុជា៕


