សម្ដេចតេជោ បញ្ជាក់ថាភ្នំពេញត្រូវសង់ស្ពានចំនួន ៣ទៀត ខណៈស្ពាន ២ នេះអាចនឹងលេចរូបរាងឆាប់ៗ
Bunthoeun KoemMAY 31 20235.7 K views

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងធ្វើការសាងសង់ស្ពាន ៣ បន្ថែមទៀតនៅរាជធានីភ្នំពេញ ដែលក្នុងនោះរួមមាន៖ ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ, ស្ពានឆ្លងកាត់ទន្លេមេគងតភ្ជាប់ទៅផ្លូវល្បឿនលឿនទី២ និងស្ពានឆ្លងទន្លេបាសាក់តភ្ជាប់ព្រែកប្រានិងចាក់អង្រែ។ ក្នុងនោះចំពោះ ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ និងស្ពានឆ្លងកាត់ទន្លេមេគងតភ្ជាប់ទៅផ្លូវល្បឿនលឿនទី២ អាចនឹងលេចរូបរាងក្នុងពេលឆាប់ៗនេះផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែឧភា ឆ្នាំ២០២៣ សម្តេច បានមានប្រសាសន៍យ៉ាងដូច្នេះថា “ សម្រាប់តំបន់របស់យើងទីក្រុងភ្នំពេញនេះ យើងត្រូវការស្ពាន៣ បន្ថែមទៀត ហើយស្ពានពីរអាចចេញជារូបរាង ក្នុងរយៈពេលឆាប់ៗ មួយគឺមិត្តភាពកម្ពុជា-កូរ៉េ និងមួយទៀតសម្រាប់ផ្លូវល្បឿនលឿន( ភ្នំពេញ-បាវិត) សម្រាប់ផ្នែកខាងក្រោម

350774431 1367822030617101 3365434043432910778 N

ក្នុងនោះដែរសម្ដេចក៏បានបញ្ជាក់ថា  ចំពោះស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រា កំពុងចរចាជាមួយដៃគូ ហើយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏គ្រោងនឹងយកស្ពានបាឡេចាស់ឫស្សីកែវ(​ស្ពានដែក) មកសាងសង់ដាក់ឱ្យដំណើរជាការបណ្តោះអាសន្នសិន ដើម្បីសម្រួលការធ្វើចរាចរណ៍ចេញ-ចូលរាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ចំពោះស្ពានមិត្ដភាពកម្ពុជា-កូរ៉េ គឺនឹងចាប់ផ្ដើមសាងសង់ពីចំណុចផ្សាររាត្រីឆ្លងទន្លេសាបភ្ជាប់ទៅតំបន់ជ្រោយចង្វារ និងភ្ជាប់ពីតំបន់ជ្រោយចង្វារឆ្លងទន្លេមេគង្គតទៅតំបន់អរិយក្សត្រតែម្ដង។ ដោយពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ទើបតែបានចុះហត្ថលេខា លើប្រាក់កម្ចីសម្រាប់ការសាងសង់ ដែលមានប្រមាណ ២៤៥ លានដុល្លារ។ ស្ពានមិត្ដភាពកម្ពុជា-កូរ៉េនេះ នឹងសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។

ដោយឡែកចំពោះស្ពានដែលតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតវិញត្រូវបានសិក្សាចប់ហើយចាំតែថ្ងៃបើការដ្ឋានប៉ុណ្ណោះ។ គម្រោងស្ពាននេះមានប្រវែង ២២៥០ ម៉ែត្រ ទន្ទឹង២៦ម៉ែត្រ បូកនិងផ្លូវដែលតភ្ជាប់ប្រហែល៣គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិការដ្ឋប្រមាណ ២៤០ លានដុល្លារ ទទួលការសាងសង់ដោយក្រុមហ៊ុន CRBC ដែលជាក្រុមហ៊ុនវិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

រីឯស្ពានឆ្លងពីចាក់អង្រែទៅព្រែកប្រាវិញ គឺស្ថិតនៅខណ្ឌមានជ័យ ឆ្លងទន្លេបាសាក់ទៅកាន់ព្រែកប្រា។ ស្ពាននេះគឺមានប្រវែងបណ្ដោយ៨៤៥ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២ទៅ-២មក) ដើម្បីកុំឱ្យស្ទះចរាចរណ៍លើស្ពាន។ គម្រោងស្ពានព្រែកប្រានេះដែរ គឺមានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក៕​

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia