ជាប្រទេសកំពុងអភិវឌ្ឍការកសាងហេដ្ឋារចនាសម្ព័ន្ធគឺសំខាន់មិនថាផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាសនោះទេ ជាពិសេសគឺស្ពាននេះតែម្ដង។ ស្ពានគឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ក្នុងការធ្វើដំណើរនិងដឹងជញ្ជូនឆ្លងកាត់ទន្លេពីតំបន់មួយទៅកាន់តំបន់មួយទៀត ដោយមិនចាំបាច់ត្រូវឆ្លងកាត់ទន្លេតាមរយៈមធ្យោបាយសាឡាងទៀតនោះទេ។
ដោយឡែកនៅឆ្នាំនេះ ស្ពានឆ្លងកាត់ទន្លេធំៗចំនួន ៣ កន្លែង នឹងចាប់ផ្ដើមបង្ហាញរូបរាងឡើងក្នុងពេលឆាប់ៗនេះ ដោយក្នុងនោះរួមមាន៖
១. គម្រោងស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅស្រុកល្វាឯម
គម្រោងសាងសង់ស្ពានភ្ជាប់ពីផ្លូវជាតិ១ ទៅស្រុកល្វាឯម ត្រូវបានសម្ដេចតេជោសម្រេចឱ្យធ្វើការសាងសង់ដោយចំណាយថវិការរដ្ឋប្រមាណ ២០០លានដុល្លារ។ នេះបើយោងតាមប្រសាសន៍សម្តេចតេជោ ក្នុងជំនួបជាមួយបងប្អូនខ្មែរនៅទីក្រុងប្រុចសែលនៃប្រទេសប៊ែលហ្សិក។ ការសម្រេចធ្វើស្ពានភ្ជាប់ពីផ្លូវជាតិលេខ១ទៅកាន់ស្រុកល្វាឯម ដោយប្រើថវិការដ្ឋនេះ គឺដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង ដែលជាប់នឹងព្រំដែនប្រទេសវៀតណាម និងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ហើយគម្រោងសាងសង់ស្ពាននេះ ត្រូវបានសិក្សារួចរាល់ហើយ ពេលដែលសាងសង់រួចឱ្យបងប្អូនអាចឆ្លងកាត់ស្ពាននេះដោយឥតគិតថ្លៃ ប៉ុន្តែចូលដល់ផ្លូវល្បឿនលឿនគឺត្រូវបង់ប្រាក់។
២. គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ
គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ពីចំណុចផ្សារចាស់ទៅកាន់ជ្រោយចង្វារ ហើយពី ជ្រោយចង្វារ ទៅតំបន់អរិយក្សត្រ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ ២០២៣ នេះ។ ស្ពាននេះសាងសង់ឡើងមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងចំណាយថវិកាចំនួន ២៤៥ ៩០៩ ០០០ ដុល្លារ។
គួរបញ្ជាក់ផងដែរថាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខា រួចហើយ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះនឹងជួយសម្រួលឱ្យការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ នឹងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។
៣. គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ-ខេត្តក្រចេះ ដែលជាគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) បានរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននាដើមខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមជម្រាបជូនថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ នឹងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប៣៣,៤៥ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិបុស្សលាវលើ ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែងក្នុងក្រុងក្រចេះប្រវែង១៦,២០គីឡូម៉ែត្រ គ្រោងនឹងបើកការដ្ឋាននាពេលឆាប់ៗខាងមុខ៕
អត្ថបទដោយ៖ ឌឿក ស្រី នុត