បច្ចុប្បន្នប្រព័ន្ធដឹកជញ្ចូនត្រូវបានរាជរដ្ឋាភិបាលយកចិត្ដទុកយ៉ាងខ្លាំងនៅក្នុងការអភិវឌ្ឍ មិនថាផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ឬផ្លូវទឹកនោះទេ។ ជាក់ស្ដែងតាមការលើកឡើងឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនថា បច្ចុប្បន្នកម្ពុជាបានកំពុងនឹងធ្វើការសាងសង់ព្រលានយន្ដហោះថ្មីៗចំនួន ៣ កន្លែង ខណៈព្រលានមួយកន្លែងអាចនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៣នេះ។
តាមការបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ដ្រីព្រលានដែលកំពុងដំណើរការសាងសង់នេះរួមមាន៖ ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ (ព្រលានភ្នំពេញថ្មី) ព្រលានយន្ដហោះអន្ដរជាតិសៀមរាប-អង្គរ និងព្រលានយន្ដហោះអន្ដរជាតិតារាសាគរខេត្ដកោះកុង។ ហើយក្នុងនោះតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ព្រលានថ្មីនៅខេត្ដសៀមរាបអាចនឹងបើកដំណើរការនៅក្នុងឆ្នាំនេះផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត សាខាសំរោងអណ្តែត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម ស៊ុន ចាន់ថុល បានមានប្រសាសន៍ដូច្នេះថា “យើងបានកំពុងកសាងព្រលានយន្ដហោះ ៣ មួយនៅភ្នំពេញ មួយនៅសៀមរាប មួយនៅតារាសាគរ។ សូមជម្រាបថា សៀមរាប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកមានប្រសាសន៍ហើយថាឆ្នាំនេះ អាចបើកឲ្យដំណើរការព្រលានយន្ដហោះយន្ដហោះថ្មីនៅសៀមរាបបាន”។
សូមជម្រាបផងដែរថា សម្រាប់ព្រលានយន្ដហោះអន្ដរជាតិថ្មីនៅខេត្ដសៀបរាបដែលអាចបើកដំណើរការនៅក្នុងឆ្នាំ២០២២នេះ គឺមានទីតាំងស្ថិតនៅនៅឃុំពពេល ស្រុកសូទ្រនិគម។ គម្រោងនេះបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ហើយគិតមកដល់ពេលនេះ ការសាងសង់សម្រេចបាន ៩២ ភាគរយហើយ។
គម្រោងសាងសង់ព្រលានមួយនេះត្រូវបានអនុវត្តន៍ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជាង ១ពាន់លានដុល្លារ៕
អត្ថបទ៖ កឹម ប៊ុនធឿន