កាលពីម្សិលមិញ កីឡាករគុនខ្មែរ ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់ I PCC KUN KHMER Would CHAMPIONSHIP របស់ទូរទស្សន៍ Town HDTV ដោយយកឈ្នះកីឡាករប្រេស៊ីល ក្នុងការប្រកួត WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស និងធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញពេញស្រុកថៃ។ តើបុរសម្នាក់នេះមានប្រវត្តិបែបណាខ្លះលើសមរភូមិក្បាច់គុន?
អ្នកលេងផ្លែកែងវ័យ២៥ឆ្នាំ ធឿន ធារ៉ា មានកម្ពស់១,៧៥ម៉ែត្រ ទម្ងន់៧២គីឡូក្រាម ធ្លាប់ប្រកួតចំនួន១១៨ដង ឈ្នះចំនួន៨៤ដង ចាញ់ចំនួន២៧ដង ស្មើរចំនួន០៦ដង និងផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន៣៧ដង។ លើសពីនេះ លោកបានក្លាយជាកីឡាករគុនខ្មែរដំបូងគេដែលដណ្តើមបានខ្សែក្រវាត់ Thai Fight និងពានរង្វាន់ស្តេចថៃ ឆ្នាំ២០២២ បន្ទាប់ពីរូបលោកបានវាយកែងបណ្តាលឱ្យជើងខ្លាំងចាស់វស្សារបស់ថៃ Saiyok Sakchainrong បែកធំ និងត្រូវបានគ្រូពេទ្របញ្ឈប់ត្រឹមទឹកទី១ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់នេះក្នុងប្រភេទទម្ងន់៧២,៥គីឡូក្រាម។
ជាមួយការឈ្នះខ្សែក្រវាត់ Thai Fight លោក ធឿន ធារ៉ា ទទួលបានប្រាក់រង្វាន់សរុបជិត៣ម៉ឺនដុល្លារ ហើយរូបលោកក៏ទទួលបានប្រាក់ឧបត្ថម្ភពីជនរួមជាតិជាច្រើនទៀតផងដែរ ព្រោះគ្រប់គ្នា ពិតជារំភើបខ្លាំងបំផុត ដែល ធារ៉ា បានផ្តួលខ្លាកំណាចប្រចាំនៅ Thai Fight សៃយុគ បានសម្រេច ខណៈកីឡាករកម្ពុជាច្រើននាក់ណាស់ បានសន្លប់ និងចាញ់ នៅលើសង្វៀនមួយនេះ ពោលគឺមានតែ សេន ប៊ុនថេន និង កែវ រំចង់ ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះនៅ Thai Fight កន្លងមក ប៉ុន្តែនោះគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិប៉ុណ្ណោះ មិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ដូច ធឿន ធារ៉ា នោះឡើយ។
មិនតែប៉ុណ្ណោះ ជារឿងដ៏គួរឲ្យស្ងើចសរសើរ និងស្ញប់ស្ញែងបំផុត នូវសមត្ថភាពដ៏ប៉ិនប្រសព្វរបស់កីឡាករគុនខ្មែររូបនេះ ដែលបច្ចុប្បន្នឈ្មោះរបស់លោកហក់ឡើងឈរលំដាប់លេខ១ ពានរង្វាន់ពិភពលោក កម្រិត Middle Weight 72.575kg តាមរយៈវេបសាយ World Mouy Thai Organization ចុះនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ថែមទៀតផង៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)