ម្ចាស់សិប្បកម្ម ថៃហុងកៀត ប្រាប់គន្លឹះពិសេស៥ ធ្វើឱ្យទឹកត្រីរូបបង្កងប៉ាកលក់ដាច់ពេញស្រុកខ្មែរ
SOKLY SOOCTOBER 10 2023794 views

បើនិយាយពីទឹកត្រី លោកអ្នកប្រហែលជាបានស្គាល់ និងធ្លាប់ទទួលទានជាប្រចាំនូវយីហោទឹកត្រីមួយប្រភេទ ដែលមានរូបបង្កងប៉ាកនៅលើសំបកដប ខណៈទឹកត្រីមួយនេះត្រូវបានផលិតឡើងដោយសិប្បកម្មថៃហុងកៀត ដែលបានបង្កើតឡើងនិងឈរជើងនៅក្នុងស្រុកខ្មែរតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ។ តើមានឆ្ងល់ដែរទេថា តើម្ចាស់សិប្បកម្មមួយនេះមានយុទ្ធសាស្រ្តអ្វីខ្លះ ទើបអាចធ្វើឱ្យប្រជាជនស្ទើរពេញផ្ទៃប្រទេសកម្ពុជាសុទ្ធតែស្គាល់ទឹកត្រីរូបបង្កងប៉ាកបែបនេះ?

 

ឆ្លើយតបទៅនឹងសំណួរខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ហុង តុង ដែលជាអគ្គនាយក និងជាម្ចាស់សិប្បកម្មផលិតទឹកត្រី ទឹកស៊ីអ៊ីវ ថៃហុងកៀត បានលើកឡើងថា មូលហេតុធំនៅពីក្រោយភាពលេចធ្លោររបស់ទឹកត្រីរូបបង្កងប៉ាក គឺដោយសារតែសិប្បកម្មថៃហុងកៀត យកចិត្តទុកដាក់ទៅលើយុទ្ធសាស្រ្តសំខាន់ៗចំនួន៥ ដូចតទៅ៖

 

១. ពង្រឹងគុណភាពផលិតផល៖ ចំណុចសំខាន់នៃផលិតផលអាហារគឺរសជាតិឆ្ងាញ់។ ទឹកត្រីបង្កងប៉ាក ត្រូវបានផលិតឡើងតាមរូបមន្តបុរាណ មិនមែនជាការដាំទឹកប្រហុកធ្វើភ្លាមៗ ឬការលាយសារធាតុគីមី (គីមីចំណីអាហារ) ឡើយ។ លោកតុង បានបញ្ជាក់ថា ទឹកត្រីដែលថៃហុងកៀតចេញលក់នៅថ្ងៃនេះគឺជាផលិតផលដែលឆ្លងកាត់ការផលិតតាំងពីមួយឆ្នាំមុនឯណោះ ព្រោះគេត្រូវសង្កត់ត្រីដល់ទៅ១ឆ្នាំ ទើបអាចបន្សុទ្ធបាននូវទឹកត្រីដែលមានរសជាតិឆ្ងាញ់ពិសេសបែបនេះបាន។ ហើយនេះគឺជាចំណុចពិសេសមួយ ដែលទឹកត្រីរូបបង្កងប៉ាករបស់ថៃហុងកៀតមាន ខណៈសិប្បកម្មដទៃទៀតពិបាកនឹងប្រកួតប្រជែងរសជាតិឱ្យឆ្ញាញ់ដូចបាន។

 

២. ស្គាល់ទីផ្សារ៖ ត្រង់ចំណុចនេះលោកតុងបានលើកឡើងថា ទីផ្សារយើងអាចលក់ដាច់បានដោយសារតែមានការទទួលស្គាល់ពីសំណាក់អតិថិជន។ ដូច្នេះហើយ​ឱ្យតែយើងដឹងថាអ្នកប្រើប្រាស់គេត្រូវការអ្វី ហើយយើងបំពេញឱ្យគេបាន គឺយើងជោគជ័យមួយកម្រិតធំហើយ។

 

៣. កំណត់តម្លៃឱ្យត្រូវជាមួយអតិថិជនគោលដៅ៖ តម្លៃទំនិញនៅលើទីផ្សារ មានការប្រកួតប្រជែងខ្លាំង ដូច្នេះយើងត្រូវចេះកំណត់តម្លៃឱ្យបានសមល្មម កុំទាបពេក ហើយក៏កុំខ្ពស់ពេក។ ត្រង់ចំណុចនេះលោកតុង​ បានបញ្ជាក់ថា សម្រាប់សិប្បកម្មថៃហុងកៀត គឺលោកព្យាយាមកាត់បន្ថយថ្លៃដើមជាច្រើនផ្នែក ដើម្បីទុកលុយផ្ដោតទៅលើរសជាតិទឹកត្រី និងរក្សាតម្លៃឱ្យនៅសមមាត្រជាមួយទីផ្សារ ព្រមទាំងរក្សារសជាតិឱ្យឆ្ងាញ់គ្មានថ្ងៃប្រែប្រួល។

 

៤. ពាក្យថាស្ដង់ដារមានន័យថាសុវត្ថិភាព៖ ពាក្យថាផលិតផលមានស្ដង់ដារសម្រាប់លោកតុង មិនមែនជាទំនិញដែលមានការទទួលស្គាល់ពីច្រើនស្ថាប័នត្រួតពិនិត្យនោះទេ តែជាផលិតផលដែលស្របច្បាប់ និងអាចធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ជាក់ស្ដែងចំពោះទឹកត្រីរូបបង្កងប៉ាក លោកបានផលិតឡើងតម្រូវតាមច្បាប់ប្រទេសដែលកំណត់ ព្រមទាំងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ពោលគឺរសជាតិឆ្ងាញ់ មិនប៉ះពាល់ដល់សុខភាព។

 

លោកតុងបាននិយាយដោយសង្កត់ធ្ងន់ថា ផលិតផលមានស្ដង់ដាមិនមែនគ្រាន់តែជាផលិតផលដែលមានការវេចខ្ចប់ស្អាតទេ តែជាផលិតផលដែលអាចធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ដូច្នេះហើយទើបទឹកត្រីរូបបង្កងប៉ាកមិនមានដបស្អាតលើសគេ ឬមើលទៅទាក់ទាញលើសគេ ប៉ុន្តែជាដបដែលសិប្បកម្មថៃហុងកៀតផលិតដោយខ្លួនឯង ជាជ័រថ្មី ងាយស្រួលរក្សាទុកក្នុងទីក្ដៅដូចចង្ក្រានបាយ ហើយធានាសុវត្ថិភាពជូនអ្នកប្រើប្រាស់បាន។ លោកបញ្ជាក់ថា «ខ្ញុំមិនយកលុយទៅចំណាយលើសំបកក្រៅទេ ខ្ញុំទុកលុយផ្ដោតលើវត្ថុធាតុដើម ដើម្បីរក្សាគុណភាពនិងរសជាតិឆ្ងាញ់ជូនអ្នកប្រើប្រាស់»

 

៥. គ្មានដេប៉ូផ្ដាច់មុខ៖ តាំងពីបង្កើតឡើងរហូតមកដល់ពេលនេះ មានរយៈពេល៣៥ឆ្នាំហើយ សិប្បកម្មថៃហុងកៀតនៅតែមិនមានតេប៉ូផ្ដាច់មុខឡើយ។ លោកតុងប្រាប់ថា «ពួកយើងឱ្យតម្លៃអតិថិជនស្មើៗគ្នា អ្នកណាក៏អាចមកទិញទំនិញពីយើងក្នុងតម្លៃបោះដុំបានដែរ»។ ការធ្វើបែបនេះក៏ជាផ្ដល់ឱកាសជូនអ្នកដែលគ្មានការងារធ្វើ ដោយពួកគាត់មានតែរ៉ឺម៉កមួយ ក៏អាចមកទិញទឹកត្រីយកទៅដឹកលក់តាមភូមិបានដែរ។

 

ឆ្លៀតក្នុងឱកាសនេះ លោក ហុង តុង ក៏បានលើកឡើងចំពោះករណីដែលមានជនខិលខូចលួចក្លែងបន្លំផលិតផលទឹកត្រីរូបបង្កងប៉ាកនៅលើទីផ្សារផងដែរ។ លោកបានប្រាប់ Business Cambodia ថា ក្រោយពីដឹងថាមានអ្នកបង្កើតទឹកត្រីរូបបង្កងប៉ាកក្លែងក្លាយ លោកបានចាត់វិធានការស៊ើបអង្កេត និងចាប់បានជនឧក្រិដ្ឋនៅនឹងកន្លែងភ្លាមៗ។ លោកបានផ្ដាំទៅកាន់អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាថា កុំមានការបារម្ភអី ត្បិតសិប្បកម្មថៃហុងកៀត ដាច់ខាតមិនបណ្ដោយឱ្យជនខិលខូចបន្លំអ្នកទាំងអស់គ្នាបានទេ ឱ្យតែមានពួកគាត់នឹងចាត់វិធានការច្បាប់ភ្លាមៗតែម្ដង។ ហើយខាងក្រោមនេះជារូបភាពគម្រូ ដែលអាចបែងចែករវាងផលិតផលពិត និងផលិតផលក្លែងក្លាយ៖

375262768 816628426828990 8266251055320984667 N

375284003 816672936824539 9068531201281844946 N

375224986 816672963491203 20754221919663259 N

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia