នៅពេលនិយាយដល់បង្គាទឹកសាបស្រស់ៗ មនុស្សភាគច្រើនតែងតែនឹកគិតដល់ការបោះទុនរាប់សែនដុល្លារ ការនាំចូលបច្ចេកវិទ្យាស្មុគស្មាញពីប្រទេសដទៃ ឬការទាល់តែមុខរបរដែលទាមទារមានទីតាំងដីជាប់ឆ្នេរសមុទ្រ។ ប៉ុន្តែនៅខេត្តព្រៃវែង បុរសម្នាក់បានដោះស្រាយចម្ងល់មួយដែលគ្មាននរណាម្នាក់ស្មានដល់។ លោក ឡេង បានចំណាយពេលយ៉ាងយូរប្រែក្លាយដីស្រែធម្មតាឱ្យទៅជាកសិដ្ឋានចិញ្ចឹមបង្គារកបានចំណូលខ្ពស់ តាមរយៈវិធីសាស្ត្រដែលផ្ទុយស្រឡះពីក្បួនចាស់ៗ នោះគឺការចិញ្ចឹមបង្គាដោយមិនបាច់ប្តូរទឹកសូម្បីតែមួយតំណក់។ នៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់របស់ Business Cambodia លោកបានលាតត្រដាងនូវការតស៊ូ បច្ចេកទេសដែលគួរអោយចាបអារម្មណ៍ និងចក្ខុវិស័យក្នុងការបង្កើតភាពអាជីវកម្មជូនដល់គ្រប់គ្នាបានដឹង៖
១. ប្រវត្តិ និងការតស៊ូនៃកសិដ្ឋាន
លោក ឡេង បានចាប់ផ្តើមដំណើរការចិញ្ចឹមបង្គាទឹកសាបនេះកាលពី ៦ ឆ្នាំមុន ដោយសារមានក្តីស្រមៃចង់ឃើញកម្ពុជាអាចផលិត និងផ្គត់ផ្គង់បង្គាដោយខ្លួនឯង។ ទោះជាយ៉ាងណា ការចាប់ផ្តើមដំបូងមិនមានភាពងាយស្រួលនោះទេ ដោយសារលោកបានជួបប្រទះនូវបរាជ័យ និងការខាតបង់ជាច្រើនលើកច្រើនសារ ពីព្រោះតែខ្វះបទពិសោធន៍ និងត្រូវពឹងផ្អែកលើបច្ចេកទេស ព្រមទាំងវត្ថុធាតុដើមនាំចូលពីប្រទេសជិតខាងរហូតដល់ ៩៩%។ ការពឹងផ្អែកលើគេទាំងស្រុងបានធ្វើឱ្យថ្លៃដើមផលិតឡើងខ្ពស់ខ្លាំង សឹងតែស្មើនឹងតម្លៃលក់ចេញនៅលើទីផ្សារ។ កត្តានេះហើយដែលជំរុញឱ្យលោកសម្រេចចិត្តផ្លាស់ប្តូរយុទ្ធសាស្ត្រ ដោយងាកមកស្រាវជ្រាវ និងបង្កើតបច្ចេកទេសផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយចំណាយ និងបង្កើតម្ចាស់ការលើអាជីវកម្មរបស់លោក។

២. ឧបសគ្គ និងការលំបាកក្នុងការចិញ្ចឹម
ការចិញ្ចឹមបង្គាត្រូវបានមនុស្សភាគច្រើនយល់ថាមិនងាយស្រួលនោះទេ ដោយសារវាមានភាពស្មុគស្មាញខ្លាំងលើការគ្រប់គ្រងគុណភាពទឹក ការការពារជំងឺ និងការមើលថែបង្គា។ បញ្ហាប្រឈមធំបំផុតមួយគឺការគ្រប់គ្រងកាកសំណល់ លាមក និងសំបកបង្គាដែលសកចេញរហូតដល់ជិត ២០ ដងក្នុងរយៈពេល ៣ ខែ។ ប្រសិនបើគ្មានប្រព័ន្ធគ្រប់គ្រង ឬបាក់តេរីល្អត្រឹមត្រូវទេ កាកសំណល់ទាំងនេះនឹងធ្វើឱ្យទឹកស្អុយ ខូចគុណភាព និងបង្កជាជំងឺដល់បង្គាមិនខាន។ លើសពីនេះ ដោយសារការចិញ្ចឹមធ្វើឡើងដោយការផ្គត់ផ្គង់អុកស៊ីសែនគឺជាកត្តាស្លាប់រស់ ប្រសិនបើដាច់អុកស៊ីសែនត្រឹមតែ ១ ម៉ោង បង្គាក្នុងស្រះទាំងមូលអាចនឹងងាប់ទាំងអស់។ បន្ថែមពីនេះ ការពង្រីកអាជីវកម្មត្រូវការដើមទុនច្រើនដើម្បីធ្វើអាង និងរៀបចំប្រព័ន្ធ តែលោក ឡេង ត្រូវបង្ខំចិត្តពង្រីកកសិដ្ឋានបន្តិចម្តងៗតាមរយៈការយកប្រាក់ចំណេញពីការលក់បង្គាមកវិនិយោគបន្ត ដោយសារខ្វះខាតកញ្ចប់ថវិកានិងការគាំទ្រផ្នែកហិរញ្ញវត្ថុ។

៣. បច្ចេកទេស "Make It Simple" និងការគ្រប់គ្រងទឹក
បច្ចេកទេសស្នូលដែលលោក ឡេង បានអភិវឌ្ឍឡើងនោះគឺ "Make It Simple" ឬការធ្វើឱ្យការចិញ្ចឹមបង្គាមានភាពសាមញ្ញ។ ជាទូទៅ ការចិញ្ចឹមបង្គានៅបរទេស ឬប្រទេសជិតខាង តម្រូវឱ្យមានស្រះរហូតដល់ទៅ ៣ ដើម្បីផ្លាស់ប្តូរ និងចម្រោះទឹក ប៉ុន្តែលោកបានបង្កើតប្រព័ន្ធចិញ្ចឹមដែលប្រើប្រាស់ត្រឹមតែ ១ ស្រះប៉ុណ្ណោះ សម្រាប់ធ្វើការចិញ្ចឹម។ អត្ថប្រយោជន៍ដ៏ធំនៃវិធីសាស្ត្រនេះ គឺការមិនចាំបាច់ប្តូរទឹកទេ ចាប់តាំងពីថ្ងៃដាក់កូនបង្គាដំបូងរហូតដល់ថ្ងៃប្រមូលផលរយៈពេល ៣ ខែ ដែលស័ក្តិសមបំផុតសម្រាប់កសិករនៅតំបន់ដីស្រែឆ្ងាយពីសមុទ្រ។ លោកបានប្រើប្រាស់បាក់តេរីល្អដើម្បីបំបែកកាកសំណល់ លាមក និងសំបកបង្គាដោយមិនអោយស្អុយ។ ហើយលោកមិនបានប្រើប្រាស់ថ្នាំ ឬសារធាតុគីមីជួយឱ្យសាច់បង្គារក្សាបាននូវរសជាតិផ្អែមឆ្ងាញ់ធម្មជាតិ និងមានសុវត្ថិភាពខ្ពស់ក្នុងកការបរិភោគ។
៤. ការកែច្នៃឧបករណ៍ និងការគ្រប់គ្រងថ្លៃដើម
ដើម្បីកាត់បន្ថយថ្លៃដើម លោក ឡេង បានច្នៃប្រឌិតធុងចម្រោះកាកសំណល់ដោយខ្លួនឯង ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក ជំនួសឱ្យការបញ្ជាទិញឧបករណ៍ថ្លៃៗពីប្រទេសដទៃ។ ប្រព័ន្ធចម្រោះនេះជួយបូម និងរៀបចំកាកសំណល់ដោយស្វ័យប្រវត្តិ ដែលជួយកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងម៉ោងធ្វើការបានយ៉ាងច្រើន។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្តល់អុកស៊ីសែនត្រូវតែដំណើរការជាប្រចាំ ដើម្បីធានាថាបង្គាក្នុងដង់ស៊ីតេដែលអាចរស់បាន និងធ្វើអោយលូតលាស់បានល្អ។
៥. បច្ចេកទេស តម្លៃទីផ្សារ និងផលចំណេញ
នៅក្នុងស្រះរបស់លោក លោកបានដាក់កូនបង្គាចំនួន ១០ ម៉ឺនក្បាល ហើយក្នុងរយៈពេលចិញ្ចឹមប្រមាណ ៣ ខែ លោកអាចប្រមូលផលបានពី ១ តោន ទៅ ១.៥ តោន។ ចំពោះទំហំបង្គាលេខមួយ គឺមានទំហំប្រមាណ ៣០ គ្រាប់ក្នុង ១ គីឡូ បង្គាទាំងនេះត្រូវ បានលក់ចេញក្នុងតម្លៃ ៣០,០០០ រៀល ទៅ ៣២,០០០ រៀល ក្នុង ១ គីឡូក្រាម ដែលជាតម្លៃប្រកួតប្រជែងស្មើនឹងបង្គានាំចូលនៅលើទីផ្សារ។ ដោយសារលោកអាចកាត់បន្ថយចំណាយលើបច្ចេកទេស និងឧបករណ៍បានស្ទើរតែទាំងស្រុង ការចិញ្ចឹមក្នុងមួយម្តងអាចបង្កើតប្រាក់ចំណេញបានរហូតដល់ ១០០% លើថ្លៃដើម។ លើសពីនេះ សម្រាប់តម្រូវការទីផ្សារគឺមានកម្រិតខ្ពស់ខ្លាំង ដោយបង្គាដែលប្រមូលផលរួច ត្រូវបានលក់អស់គ្មានសល់ក្នុងរយៈពេលត្រឹមតែជិតមួយសប្តាហ៍ប៉ុណ្ណោះ។
៦. ចក្ខុវិស័យអនាគត
ភាពជោគជ័យនៃបច្ចេកទេស "Make It Simple" របស់លោក ឡេង នេះ មិនត្រឹមតែទាក់ទាញកសិករក្នុងស្រុកប៉ុណ្ណោះទេ សូម្បីតែកសិករមកពីប្រទេសឥណ្ឌូណេស៊ី ក៏បានទាក់ទងមកសិក្សារៀនសូត្របច្ចេកទេសនេះតាមប្រព័ន្ធអនឡាញផងដែរ។ លោក ឡេង មានបំណងប្រែក្លាយកសិដ្ឋានរបស់លោក ឱ្យទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយ ដើម្បីចែករំលែកបច្ចេកទេសចិញ្ចឹមបង្គាងាយៗ និងមានប្រសិទ្ធភាពដល់ប្រជាកសិករខ្មែរយើង। លោកមានជំនឿចិត្តថា ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ វិស័យចិញ្ចឹមបង្គានៅកម្ពុជានឹងមានការរីកចម្រើនយ៉ាងខ្លាំង ដែលអាចជួយកាត់បន្ថយការនាំចូលបង្គាពីប្រទេសដទៃ និងបង្កើនប្រាក់ចំណូលជូនកសិករឱ្យកាន់តែធូរធារ។
សរុបមក លោក ឡេង មិនត្រឹមតែជាគំរូនៃភាពជោគជ័យផ្នែកអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែវាជាសក្សីដែលបញ្ជាក់ថា ភាពច្នៃប្រឌិត និងការដែលមិនចុះចាញ់ អាចផ្លាស់ប្តូរទម្លាប់ចាស់ៗក្នុងវិស័យកសិកម្មបាន។ ការប្រែក្លាយរបរចិញ្ចឹមបង្គាពីភាពស្មុគស្មាញមកជាបច្ចេកទេសសាមញ្ញបែបនេះ គឺដូចជាបានបើកទ្វារអាជីវកម្មថ្មីមួយសម្រាប់កសិករខ្មែរដែលគ្មានដើមទុនច្រើន ឬគ្មានដីនៅតំបន់ឆ្នេរ។ ប្រសិនបើគំរូអាជីវកម្មនេះត្រូវ បានពង្រីក និងចែករំលែកកាន់តែទូលំទូលាយ យើងជឿថាវានឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន ព្រមទាំងកាត់បន្ថយការនាំចូលគ្រឿងសមុទ្រពីប្រទេសដទៃ មកជាការបង្កើតការចិញ្ចឹមក្នុងស្រុកប្រកបដោយមោទនភាព និង ភាពរីចម្រើនទៀតផង។
ប្រភពអត្ថបទ : កម្មវិធី «អ្នកនាំផ្លូវ» របស់ Business Cambodia
Link YouTube : https://youtu.be/IQ8nqEJ54FU?si=6qTz4L1Kl9nWziU3


