រកស៊ី ត្រូវចេះគ្រប់គ្រង់លុយ! នេះគឺជាម៉ាស៊ីន ATM ទាំង៥ ដែលម្ចាស់អាជីវកម្មគួរមាន
Pen SodalenSEPTEMBER 4 202695 views

ការចាប់ផ្តើម និងការកសាងអាជីវកម្មនៅក្នុងសម័យកាលនេះ មិនមែនជារឿងដែលងាយស្រួលនោះទេ ព្រោះម្ចាស់អាជីវកម្មជាច្រើនត្រូវប្រឈមមុខដោយផ្ទាល់នឹងបញ្ហាខកចិត្ត បញ្ហាខាតបង់ប្រាក់ដើម និងបញ្ហាដ៏ធំបំផុតគឺ «ការគ្រប់គ្រង និងបែងចែកហិរញ្ញវត្ថុមិនបានត្រឹមត្រូវ»។ កត្តាទាំងនេះហើយដែលជំរុញឱ្យអាជីវកម្មមួយចំនួនធំត្រូវបង្ខំចិត្តបិទទ្វារ និងឈានទៅរកការបាក់ទឹកចិត្តយ៉ាងខ្លាំង។

ឆ្លើយតបនឹងបញ្ហានេះ លោក សំណាង ម្ចាស់អាជីវកម្មកែច្នៃគ្រឿងសមុទ្រដែលជោគជ័យមួយរូបនេះ បានចែករំលែកនូវបទពិសោធ​«ក្បួនគ្រប់គ្រងហិរញ្ញវត្ថុ ៥» តាមរយៈបទសម្ភាសន៍ជាមួយ Business Cambodia ទៅលើយុទ្ធសាស្ត្រក្នុងការអនុវត្តផ្ទាល់រហូតពង្រីកអាជីវកម្មឱ្យមានគ្រឹះរឹងមាំដូចពេលបច្ចុប្បន្ន៖

1.    ៥០% សម្រាប់វិនិយោគពង្រីកអាជីវកម្មបន្ត ៖ ដក ៥០% ចេញពីចំណូលសរុប (១០០%) ដែលរកបាន ដើម្បីបង្វិលចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការអាជីវកម្មវិញ។ ការធ្វើបែបនេះគឺដើម្បីធានាថា អាជីវកម្មមានទុនគ្រប់គ្រាន់ក្នុងការបង្កើនសមត្ថភាពផលិតកម្ម ទិញវត្ថុធាតុដើម និងពង្រីកទីផ្សារជាបន្តបន្ទាប់។

2.    ២០% សម្រាប់កញ្ចប់ទុនបម្រុងហានិភ័យ ៖ នៅក្នុងពិភពអាជីវកម្ម តែងតែមាន ថ្ងៃលក់ដាច់ និង​លក់មិនដាច់។ ការទុក ២០% ជាសាច់ប្រាក់បម្រុង គឺដើម្បីបង្កើតជាពោងសុវត្ថិភាពសម្រាប់ឆ្លើយតបនឹងវិបត្តិ ឬហានិភ័យផ្សេងៗដែលមើលមិនឃើញ ដោយមិនបាច់ប៉ះពាល់ដល់ប្រាក់ដើមប្រតិបត្តិការ ឬត្រូវបង្ខំចិត្តខ្ចីគេជាដើម។

3.    ១២% សម្រាប់អភិវឌ្ឍសមត្ថភាព និងសិក្សាបន្ថែម ៖ វិនិយោគ ១២% លើការសិក្សារៀនសូត្រអ្វីថ្មីៗ បង្កើនចំណេះដឹងផ្នែកគ្រប់គ្រង យុទ្ធសាស្ត្រទីផ្សារ និងបច្ចេកវិទ្យាកែច្នៃ ដើម្បីស្វែងយល់ពីឱកាសថ្មីៗក្នុងការអភិវឌ្ឍ និងពង្រីកអាជីវកម្មឱ្យទាន់សម័យកាល។

4.    ១០% សម្រាប់កិច្ចការសង្គម ៖ បែងចែក ១០% ទៅលើសកម្មភាពសង្គម ការចូលរួមចំណែកជួយដល់សង្គមវិញ មិនត្រឹមតែបង្កើតតម្លៃដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងរូបភាពវិជ្ជមាន និងភាពជឿជាក់សម្រាប់ម៉ាកសញ្ញា (Brand) ផងដែរ។

5.    ៨% សម្រាប់ចំណាយតូចតាច ៖ កញ្ចប់ ៨% នេះ ត្រូវទុកជាសាច់ប្រាក់ល្អិតសម្រាប់ចំណាយលើសម្ភារបន្តិចបន្តួច ឬសម្ភារទ្រទ្រង់ការវិចខ្ចប់ ដែលជាចំណាយប្រចាំថ្ងៃតូចតាចប៉ុន្តែមិនអាចខ្វះបាន។

ទស្សន:នៃការចំណាយ និងការទាញយកផលចំណេញ

លោក សំណាង បានបញ្ជាក់យ៉ាងច្បាស់អំពីគោលការណ៍ហិរញ្ញវត្ថុថា៖ «របស់ណាដែលមិនចាំបាច់ ដាច់ខាតកុំចំណាយ!»។ លោកមិនធ្វើការវិនិយោគលើអ្វីដែលគ្មានចក្ខុវិស័យ ឬមើលមិនឃើញប្រាក់ចំណេញត្រឡប់មកវិញឡើយ។ ប្រសិនបើការវិនិយោគនោះប្រឈមនឹងហានិភ័យខ្ពស់ លោកនឹងបដិសេធជាដាច់ខាត។

បន្ថែមពីនេះ យុទ្ធសាស្ត្រគន្លឹះមួយទៀតដែលធ្វើឱ្យអាជីវកម្មរបស់លោកកើនឡើងនូវប្រាក់ចំណេញ គឺការ «ប្រើប្រាស់ធនធានដែលមានឱ្យអស់លទ្ធភាព។ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ ពីសាច់ រហូតសំបកបង្គា និងសំបកខ្យង ភាគច្រើនត្រូវបានគេចាត់ទុកជាសំរាម និងបោះចោលទទេៗ ប៉ុន្តែសម្រាប់លោក សំណាង របស់ទាំងនោះត្រូវបានយកទៅកែច្នៃឡើងវិញ ដែលអាចបង្កើតប្រាក់ចំណូលបន្ថែមបានពី ១,៤០០ ដល់ ១,៨០០ រៀល។

សរុបមក វិធីសាស្ត្រ និងបទពិសោធន៍របស់លោក សំណាង គឺជាមេរៀន ដ៏មានតម្លៃសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូបក្នុងការយកទៅកែច្នៃ និងអនុវត្តតាម ដើម្បីគ្រប់គ្រងលំហូរហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព និងរឹងមាំរយៈពេលវែង។

បើសិនជាលោកអ្នកចង់ទាក់ទងទិញផលិតផលរបស់ សុគាស៊ីហ្វូតប្រូសេស លោកអ្នកអាចទាក់ទងមកកាន់លលេខ  016864445​ ។

 

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia