គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ក្រុងប៉ោយប៉ែត គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ នៅកម្ពុជា ខណៈបច្ចុប្បន្នគម្រោងមួយបាននិងកំពុងសិក្សាដើម្បីឆ្ពោះទៅកាន់ការបើកការដ្ឋានសាងសង់ដោយក្រុមហ៊ុន CRBC នាពេលឆាប់ៗខាងមុខ។
តាមការសិក្សាគម្រោងផ្លូវល្បឿនលឿនទី៣ នេះមានប្រវែងផ្លូវសរុបប្រមាណ ៤២០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ)រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)។ ខណៈគម្រោងនេះឆ្លងកាត់ភ្នំពេញ ប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូម៉ែត្រ ខេត្តកំពង់ចាម ៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ ១៣១ គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ។
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនថ្មីនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយជំហានទី១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២.៥ ពាន់លានដុល្លារ និងជំហានទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ១.៧ ពាន់លានដុល្លារ៕