មាសគឺជារបស់មួយដែលពលរដ្ឋខ្មែរនិយមចូលចត្តទិញព្រោះវាជាទ្រព្យសុវត្ថិភាពទុកដោះស្រាយបញ្ហាពេលមានតម្រូវការលុយបន្ទាន់។ មិនតែប៉ុណ្ណោះបងប្អូនខ្មែរចូលចិត្តទិញមាសទុកព្រោះវាជាក្បួនសន្សំលុយរបស់ពួកគាត់ ជាពិសេសការទិញវាទុកក៏ជាការវិនិយោគផងដែរ ដោយទិញពេលមាសធ្លាក់ថ្លៃចាំលក់វិញពេលវាឡើងថ្លៃដើម្បីបានចំណេញ។
យ៉ាងណាមិញអ្នកត្រូវដឹងរឿងរ៉ាវមួយចំនួនមុននឹងទៅដល់ហាងមាសដើម្បីទិញឬលក់មាស។ ខាងក្រោមនេះគឺជារឿងធំៗ២អ្នកត្រូវដឹង មុនទៅទិញឬលក់មាសតាមបណ្ដាហាងមាសចៀសវាងត្រូវបានម្ចាស់ហាងមាសបន្លំចង់កេងចំណេញដែលភាសាសាមញ្ញថាលក់កោរ។
១. ជ្រើសរើសហាងមាសដែលអ្នកទុកចិត្ត
មុននឹងទៅទិញឬលក់មាស ការជ្រើសរើសហាងមាសឲ្យបានត្រឹមត្រូវគឺជារឿងសំខាន់មែនទែនដើម្បីចៀសវាងម្ចាស់ហាងលក់កោរឬអ្នកលក់មាសឲ្យម្ចាស់ហាងទាបពេកក្រោមតម្លៃហាងឆេងទូទៅ។ ដើម្បីជ្រើសរើសហាងមាសដែលអ្នកគួរទុកចិត្ត អ្នកអាចសួរមិត្តភក្ដិ សាច់ញាតិ ដែលធ្លាប់មានបទពិសោធន៍ទិញមាសថាតើមានហាងមាសណាខ្លះដែលយើងអាចគួរទុកចិត្តបាន។
ក្រៅពីសួរគេសួរឯងហើយនោះ អ្នកអាចស្រាវជ្រាវលើបណ្ដាញសង្គមដូចជាហ្វេសប៊ុក Tik Tok និងបណ្ដាញសង្គមផ្សេងទៀតដើម្បីដឹងថាតើហាងមាសណាខ្លះដែលល្បីនិងមានប្រជាជនគាំទ្រច្រើន។ ហាងមាសដែលមានកេរ្តិ៍ឈ្មោះល្បីនិងមានអ្នកគាំទ្រច្រើនគឺពួកគាត់រកស៊ីស្មោះត្រង់មិនបន្លំអតិថិជនដូច្នេះហើយទើបធ្វើឲ្យហាងពួកគាត់មានការគាំទ្រច្រើន។
២. ទៅហាងមាសដែលបង្ហាញហាងឆេងច្បាស់ៗ
កន្លែងលក់មាសនៅតាមផ្សារទូទៅ អ្នកលក់មួយចំនួនតូចគឺជាអ្នកដែលខិលខូច បន្លំចង់កេងចំណេញពីប្រជាជនពលរដ្ឋទៅទិញឬលក់មាស។ អ្នកលក់មួយចំនួនខូចត្រង់ថាកន្លែងលក់មាសរបស់គាត់មិនបានដាក់បង្ហាញពីតម្លៃហាងឆេងមាសប្រចាំថ្ងៃឲ្យពលរដ្ឋបានដឹងថាតើថ្ងៃនេះហាងឆេងមាសតម្លៃប៉ុន្មាននោះទេពោលគឺហាងឆេងមាសស្ថិតនៅលើបបូរមាត់ពួកគាត់។ ដូច្នេះបើអ្នកឃើញអ្នកលក់មាសបែបនេះអ្នកមិនគួរចូលទៅទិញឬលក់មាសនៅកន្លែងពួកគាត់ឡើយព្រោះពួកគាត់រកស៊ីមិនស្មោះត្រង់នោះទេ។
ត្រង់នេះដែរ ពេលបងប្អូនទៅដល់ហាង អ្នកលក់មាសអាចសួរបងប្អូនថាតើបងប្អូនមកទិញឬមកលក់មាស។ បើអ្នកឆ្លើយថាមកទិញមាសនោះគេប្រាប់ថាហាងឆេងថ្លៃព្រោះគេចង់លក់តម្លៃកប់ពពកបានចំណេញច្រើន។ យ៉ាងណាមិញបើអ្នកឆ្លើយថាមកលក់នោះអ្នកគេនឹងឆ្លើយថាហាងឆេងថ្ងៃនេះធ្លាក់ថ្លៃខ្លាំងព្រោះគេចង់ទិញមាសពីអ្នកក្នុងតម្លៃធូថ្លៃ។
អ្វីដែលបានរៀបរាប់ខាងលើនេះគឺមានអ្នកខិលខូចមួយចំនួនតូចតែប៉ុណ្ណោះដែលរកស៊ីមិនស្មោះត្រង់ជាមួយអតិថិជន។ តែម្ចាស់ហាងមាសដែលគេស្មោះត្រង់គឺគេនៅតែស្មោះត្រង់ដូច្នេះហើយទើបពួកគាត់ទទួលបានការគាំទ្រច្រើនពីអតិថិជន៕


