ក្រោយចូលឆ្នាំហើយមនុស្សមួយចំនួនអាចនឹងដាច់លុយចាយ ហើយពួកគាត់មានអារម្មណ៍តានតឹងធុញថប់ ឬតឹងទ្រូងជាដើម។ យ៉ាងណាមិញបើទោះជាអ្នកដាច់យ៉ៃ អ្នកក៏អាចធ្វើឲ្យខ្លួនឯងសប្បាយចិត្តបានដែរ។ ខាងក្រោមនេះគឺជាសកម្មភាពមួយចំនួនដែលអ្នកគួរធ្វើនៅពេលដាច់លុយ។
១. ជិះកង់ហាត់ប្រាណ
ការជិះកង់មិនត្រឹមតែជាការកម្សាន្តនោះ តែវាក៏ជាកីឡាមួយប្រភេទផងណា។ ការជិះកង់ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយវាក៏ជាការហាត់ប្រាណសម្រាប់ការធ្វើចលនាពេញមួយតួខ្លួនទៀតផង។ មិនថាអ្នកនៅទីក្រុងឬជនបទនោះ អ្នកអាចជិះកង់កម្សាន្តហើយបានសុខភាពល្អទៀត។
២. អានសៀវភៅ
ពេលដាច់លុយចេញក្រៅមិនកើត អ្នកអាចយកពេលអានសៀវភៅដើម្បីផ្ដល់ចំណីដល់ខួរក្បាល។ ការអានធ្វើឲ្យខួរក្បាលរបស់អ្នកទទួលបានគំនិតក៏ដូចជាចំណេះដឹងថ្មីៗ ជាពិសេសគឺធ្វើឲ្យអ្នកផ្លាស់ប្ដូរការគិតដែលធ្វើឲ្យអ្នកកាន់តែរីកចម្រើន។ ពេលខ្លះអ្នកត្រូវប្រមូលគំនិតឲ្យច្រើន ហើយដើម្បីបានគំនិតគឺអ្នកត្រូវអាននិងស្ដាប់ឲ្យច្រើន។ អត់លុយមិនសំខាន់ តែអ្វីដែលសំខាន់គឺត្រូវមានគំនិត។ កាលណាអ្នកមានគំនិត នោះលុយនឹងរត់មកតាមក្រោយជាមិនខាន។
៣. មើលរឿងកំប្លែង
ពេលដាច់លុយអ្នកច្បាស់ជាធុញថប់ព្រោះចង់ចេញក្រៅផ្ទះដើរលេងក៏មិនកើតព្រោះគ្មានលុយ។ ជាជាងធុញថប់ព្រោះលុយ អ្នកអាចមើលភាពយន្ត ជាពិសេសរឿងកំប្លែងសប្បាយដើម្បីរំសាយអារម្មណ៍និងបន្លប់អារម្មណ៍ធុញថប់របស់អ្នក។
៤. លេងកីឡា
កីឡាផ្ដល់ទាំងសុខភាពហើយជួយឲ្យអ្នកសន្សំសំចៃលុយទៀត។ ជាជាងទៅក្រៅផ្ទះដើរលេងផឹកស៊ីត្រូវចំណាយលុយច្រើន អ្នកអាចទៅលេងកីឡាជាមួយក្រុមការងារឬមិត្តភក្តិ។ សុខភាពគឺជាទ្រព្យដ៏មានតម្លៃលើសអ្វីទាំងអស់ ហើយកាលណាអ្នកមានសុខភាពមាំមួនអ្នកនឹងមានកម្លាំងរកលុយបានកាន់តែច្រើន៕