នៅពេលដែលអ្នកជាប់បំណុល អ្នកច្បាស់ជារងសម្ពាធច្រើនដូចជា អ្នកខ្លះរស់នៅស៊ីអត់ស៊ីឃ្លានដើម្បីយកលុយដោះបំណុល។ នៅក្នុងសង្គមយើងជាក់ស្ដែងពេលអ្នកជាប់បំណុល អ្នកត្រូវប្រឈមនឹងម្ចាស់បំណុលដោយពួកគាត់ទារលុយពីអ្នកស្ទើររាល់ថ្ងៃដោយមកដល់មុខផ្ទះ ទាក់ទងតាមទូរស័ព្ទឬតាមបណ្ដាញសង្គមហើយពេលខ្លះអ្នកខ្ចីលុយត្រូវម្ចាស់បំណុលគំរាមគំហែងទៀតផង។
ជុំវិញបញ្ហាបំណុលនេះដែរ លោក ស៊ាន ជាអ្នកធ្លាប់ធ្វើការក្នុងវិស័យហិរញ្ញវត្ថុជាង១០ឆ្នាំ បានបង្ហើបឲ្យដឹងពេលអ្នកកំពុងជាប់បំណុលរឿងសំខាន់ដែលមិនគួរធ្វើនោះគឺ ហាមខ្ចីបំណុលថ្មីបន្ថែមទៀត។ ត្រង់នេះលោកបានបញ្ជាក់យើងមិនគួរខ្ចីបំណុលបន្ថែម ជាពិសេសខ្ចីបំណុលដែលមានការប្រាក់ខ្ពស់មកបង់បំណុលការប្រាក់ទាបនោះទេព្រោះការធ្វើបែបនេះមានន័យថាអ្នកកំពុងតែចងកខ្លួនបន្ថែមហើយ។
នៅពេលដែលអ្នកខ្ចីបំណុលថ្មីដើម្បីមកបងសង់បំណុលដែលកំពុងមានគឺស្មើនឹងបង្កើនបំណុលកាន់តែច្រើនព្រោះមនុស្សមួយចំនួនទៅខ្ចីលុយហើយកម្ចីថ្មីនេះវាមិនជួយអ្វីដល់អ្នកនោះទេតែផ្ទុយទៅវិញបំណុលរបស់អ្នកកាន់តែកើនឡើងព្រោះបំណុលថ្មីដែលអ្នកខ្ចីគេពេលខ្លះគឺខ្ចីពីអ្នករកស៊ីចងការប្រាក់ដែលការប្រាក់ខ្ពស់ហួសប្រមាណហើយគួបផ្សំនឹងសេដ្ឋកិច្ចមិនល្អ រកចំណូលលែងបានដូចមុនទៀតនោះជាលទ្ធផលកម្ចីថ្មីនេះនឹងធ្វើឲ្យអ្នកកាន់តែធ្លាក់ទៅក្នុងបញ្ហាបំណុលកាន់តែជ្រៅ។
ទាក់ទងនឹងការខ្ចីបំណុលថែម លោក ស៊ាន ធនិនបានបញ្ជាក់ថាបើអ្នកច្បាស់ថាអ្នកនៅតែអាចរកចំណូលដើម្បីមកបង់សងកម្ចីមិនអីនោះទេប៉ុន្ដែបើអ្នកចេះតែខ្ចីពីកន្លែងមួយទៅដោះបំណុលមួយទៀត អ្នកអាចនឹងធ្លាក់ក្នុងបញ្ហាបំណុលប្រសិនបើអ្នកមិនអាចរកចំណូលបានហើយកម្ចីថ្មីគឺមានការប្រាក់ខ្ពស់ពេកជាពិសេសអំឡុងពេលសេដ្ឋកិច្ចមិនល្អ រកចំណូលមិនបានអ្នកអាចនឹងធ្លាក់ក្នុងបំណុលវណ្ឌកជាមិនខាន។
ចំណែកលោកស្រី ចេន សុភាព ស្ថាបនិកកីតម្បាញខ្មែរបានឲ្យដឹងលើហ្វេសប៊ុកផេកលោកស្រីថាលោកស្រីធ្លាប់ជួបបងប្អូនមួយចំនួនភាគច្រើនគឺបំណុលកើនឡើងគឺដោយសារតែខ្ចីលុយសងលុយដូច្នេះការប្រាក់បូកបន្តកន្ទុយគ្នាដល់តែទាល់មែនទែន ទឹកដល់ច្រមុះ គឺប្រកាសលក់ទ្រព្យ។ ដោយសារខ្លាចខូចក្រេឌីតធនាគារ ទៅខ្ចីឯកជន យកមកសងបន្ត ចំណូលមិនល្អ បំណុលកាន់តែធំ៕


