មែនទែនទៅពីមួយឆ្នាំទៅមួយឆ្នាំរបររកស៊ីថ្មីៗបន្តការកើនឡើង ហើយគំនិតថ្មីនៃការរៀបចំហាងក៏កាន់តែជឿនលឿនទំនើបជាងមុន ដែលធ្វើឱ្យអាជីវកម្មចាស់ៗពិបាកក្នុងការប្រកួតប្រជែងប្រសិនបើមិនធ្វើការផ្លាស់ប្តូររបស់មួយចំនួនក្នុងហាងចេញ អាចនឹងធ្វើឱ្យការរកស៊ីដើរក្រោយអ្នករកស៊ីថ្មីៗ ។
ហើយថ្ងៃនេះ ចាបក្រហម សូមណែនាំចំណុចតូចៗដែលម្ចាស់អាជីវកម្មយូរឆ្នាំមិនគួរមើលរំលង ហើយបើមានគួរតែកែចេញ៖
១. កន្លែងទទួលភ្ញៀវ
លោកអ្នកគួរតែពិនិត្យ កន្លែងទទួលភ្ញៀវនិងកន្លែងគិតលុយម្ដងទៀត ព្រោះវាទីមួយដែលអតិថិជនទៅរកមុនគេ។ អ៉ីចឹងគួរពិនិត្យមើលថាតើគួរបន្ថែមបន្ថយរបស់របរដើម្បីធ្វើឲ្យមានភាំពខុសប្លែកខ្លះ មិនគួរទុកនៅដដែលរាប់ឆ្នាំមិនព្រមដូរនោះទេ។ ម្ចាស់អាជីវកម្មត្រូវដឹងថាយើងអាចមើលទៅថាធម្មតា ប៉ុន្តែភ្ញៀវវិញមិនធម្មតានោះទេព្រោះភ្ញៀវជាធម្មតាតែងតែចង់បានអ្វីដែលថ្មីប្លែកខ្លះ មិនចង់ឱ្យរាប់ឆ្នាំហើយនៅតែដដែលមិនព្រមរៀបចំ កែសម្រួលអ្វីសោះនោះទេ។
២. បន្ទប់ទឹក
នេះជាកន្លែងសំខានបំផុត ប៉ុន្តែម្ចាស់អាជីវកម្មមិនសូវចាប់អារម្មណ៍ទៅលើបញ្ហានេះនោះទេ។ ត្រូវដឹងថា វាក៏ជាកន្លែងដែលផ្តល់នូវអារម្មណ៍ផាសុខភាពមួយសម្រាប់ភ្ញៀវ បើបន្ទប់ទឹកមិនស្អាត បណ្តោយឲ្យក្រដាលពេញធុងមកក្រៅ ក្លិនមិនល្អ សើមជាប់មិនសម្អាត គ្មានកន្លែងលាងដៃ និងការរៀបចំមិនបានត្រឹមត្រូវក៏ជាហេតុធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវដែរ។ ពេលខ្លះភាពខ្វះចន្លោះនេះអាចធ្វើឲ្យភ្ញៀវប្រាប់តៗគ្នាពីចំណុចអាក្រក់នេះដែលនាំឱ្យបាត់ភ្ញៀវផងដែរ។ ហេតុនេះបើម្ចាស់អាជីវកម្មដែលកំពុងអានអត្ថបទនេះ អាចក្រឡេកទៅមើលហាងរបស់ខ្លួនថាពិតជាមានបញ្ហានេះដែរឬទេ បើមានក៏គួររៀបចំឡើងវិញព្រោះមិនដូច្នេះបញ្ហាតូចនេះនឹងក្លាយជាបញ្ហាធំ។
៣.ផ្កាឬរុក្ខជាតិតាំងលម្អ
រុក្ខជាតិជារបស់សំខាន់ដែលបន្ថែមរសជាតិឱ្យជីវិតរបស់មនុស្សយើង ហេតុនេះការតាំងលម្អរុក្ខជាតិនៅក្នុងហាងគឺជាភាពចាំបាច់បំផុតដែលត្រូវតែមានមិនថាតែជារុក្ខជាតិជ័រមិនពិត សុទ្ធតែគួរដាក់ឱ្យមានក្នុងហាង តែការរៀបចំធ្វើយ៉ាងកុំឱ្យណែនភាព ពោលគឺរៀបចំដាក់តាំងតុមួយផ្កាមួយថូតូច និងរៀបចំដាក់ជាថូធំៗតាមកែងតុ និងច្រកចេញចូល និងបន្ថែមក្លិនក្រអូបខ្លះនៅក្នុងហាងរិតតែល្អដើម្បីឱ្យភ្ញៀវទទួលបានអារម្មណ៍ស្រស់ស្រាយពេលដើរចូលមក។
៤. សម្ភារៈក្នុងហាង
សម្រាប់តាមតូបនៅតាមចិញ្ចើមផ្លូវនិងក្នុងផ្ទះធម្មតាចង់រៀបចំដាក់កៅអីតុអង្គុយបែបណាក៏មិនជាបញ្ហា តែសម្រាប់ហាងរកស៊ីធំៗ ហាងកាហ្វេ តែគុជ ការរៀបចំកន្លែងអង្គុយចាំបាច់ណាស់ តុមិនអាចទាបពេក ខ្ពស់ពេក ឬធំពេកតូចពេកនោះទេ តែត្រូវលៃលកយ៉ាងណាឱ្យសមល្មមស្រួលក្នុងការអង្គុយ និងជ្រើសរើសកៅអីដែលទន់អង្គុយយូរមិនឈឺ។ ហេតុនេះប្រសិនបើម្ចាស់ហាងដែលនៅមានការរៀបចំកន្លែងអង្គុយមិនទាន់ត្រឹមត្រូវល្អតាមស្តង់ដារអាចពិចារណារៀបចំជាថ្មី៕