បងប្អូនប្រហែលជាធ្លាប់ឮគេនិយាយថាលុយបង្កើតលុយដូចសម្ដីរបស់លោកតា Benjamin Franklin ដែលស្ថិតនៅលើក្រដាសប្រាក់១០០ដុល្លារបាននិយាយ” លុយបង្កើតលុយហើយលុយដែលបង្កើតលុយវានឹងបង្កើយលុយកាន់តែច្រើនថែមទៀត។
ទាក់ទងនឹងលុយបង្កើតលុយនេះដែរខាងក្រោមនេះគឺជារបៀបយកលុយបង្កើតលុយដែលអ្នកអាចស្វែងយល់និងសិក្សាដើម្បីអាចមានឱកាសយកលុយបង្កើតលុយ
១. ដាក់ប្រាក់សន្សំនៅធនាគារ
ការដាក់លុយនៅធនាគារគឺជារបៀបយកលុយបង្កើតលុយដែលងាយស្រួលជាទីបំផុតដែលអ្នកណាក៏អាចធ្វើវាបានដែរ។ បើអ្នកលុយមិនដឹងរកស៊ីឬវិនិយោគអ្វីនោះអ្នកអាចដាក់លុយសន្សំនៅធនាគារយកការប្រាក់។ ឧទាហរណ៍បើអ្នកមាន១ពាន់ដុល្លារដាក់ធនាគារបានការប្រាក់៨%ក្នុងមួយឆ្នាំនោះរយៈពេលមួយឆ្នាំក្រោយលុយអ្នកកើនដល់១០៨០ដុល្លារ ហើយយកលុយ១០៨០ដុល្លារនេះដាក់ធនាគារបន្តទៀតមួយឆ្នាំក្រោយទៀតលុយអ្នកកើនដល់១១៦០ដុល្លារ។ នេះជារបៀបលុយបង្កើតលុយងាយស្រួល។
២. ចូលហ៊ុនក្នុងជីវកម្ម
បើអ្នកជាមនុស្សមានលុយសល់ច្រើន អ្នកក៏អាចមានឱកាសដាក់ទុនវិនិយោគក្នុងអាជីវកម្មព្រោះពេលខ្លះអ្នករកស៊ីមួយចំនួនត្រូវការអ្នកចូលហ៊ុនរកស៊ីដើម្បីបានដើមទុនចាប់ផ្ដើមអាជីវកម្ម។ យ៉ាងណាមិញមុននឹងអ្នកដាក់ទុនចូលហ៊ុន អ្នកត្រូវសិក្សាឲ្យបានច្បាស់បើមិនដូច្នេះទេអ្នកនឹងខាតបង់លុយមិនមែនលុយបង្កើតលុយឡើយ។
ជាទូទៅចូលហ៊ុនរកស៊ីក្នុងអាជីវកម្ម បើអាជីវកម្មនោះដំណើរការរឹងដៃរឹងជើងហើយមិនជាបញ្ហាទេអ្នកអាចនឹងមានឱកាសចំណេញ តែបើអ្នកចូលហ៊ុនក្នុងអាជីវកម្មបង្កើតថ្មីំឱកាសបរាជ័យមានដល់ទៅ៩០% តែបើអាជីវកម្មបង្កើតថ្មីនោះរកស៊ីរកចំណេញទៅវិញនោះលុយអ្នកនឹងកើនឡើង១គុណនឹង១០ឬគុណ១០០។
៣. ចង់ការប្រាក់
ការរកស៊ីចងការប្រាក់គឺជាផ្លូវយកលុយបង្កើតលុយបានលឿនប៉ុន្ដែវាមានហានិភ័យខ្ពស់ណាស់បើអ្នកមិនដឹងពីរបៀបរកស៊ីចងការប្រាក់និងមិនដឹងពីរបៀបចងជើងកូនបំណុលរបស់ខ្លួន។ យ៉ាងណាមិញនៅសង្គមខ្មែរយើងសម្បូរអ្នកយកលុយបង្កើតលុយតាមរយៈការចងការប្រាក់នេះច្រើនគួរសម។ ត្រូវចាំថាកុំវិនិយោគលើអ្វីដេលអ្នកមិនយល់ព្រោះវាមានហានិភ័យខ្ពស់។
៤. បង្កើតមុខរបរខ្លួនឯង
ការបង្កើតមុខរបរខ្លួនឯងឬយើងហៅម្យ៉ាងទៀតថាចេញរកស៊ីក៏ជាផ្លូវក្នុងការយកលុយបង្កើតលុយដែរ។ បើអ្នកអាចបង្កើតមុខរបរមួយជោគជ័យចេញជាផ្លែផ្កាលុយអ្នកកើនឡើង១គុណជា១០។ ប៉ុន្ដែការរកស៊ីមិនមែនសុទ្ធតែអាចចេញជាផ្លែផ្កាយឡើយពោលគឺទាមទារឲ្យអ្នកត្រៀមខ្លួននិងសិក្សាឲ្យបានច្បាស់ក៏ដូចជាមានយុទ្ធសាស្រ្តទើបអាចជោគជ័យ។
៥. ទិញអចលនទ្រព្យ
បរិបទប្រទេសកម្ពុជាយើងគឺមានអំណោយផលក្នុងការវិនិយោគលើអចលនទ្រព្យបើអ្នកមានលុយច្រើនអាចប្រើលុយមកបង្កើតលុយតាមរយៈវិនិយោគលើអចលនទ្រព្យដូចជាការទិញដី ខុនដូ ផ្ទះពោលគឺជាប្រភេទអចលនទ្រព្យដែលតម្លៃរបស់វាអាចកើនឡើងនិងបង្កើតជាប្រភពចំណូលប្រចាំខែ។
៦. វិនិយោគលើផ្សារហ៊ុន
ប្រទេសកម្ពុជាយើងក៏មានផ្សារហ៊ុនដែលមានឈ្មោះថា” ផ្សារមូលបត្រកម្ពុជា”។ ផ្សារហ៊ុនគឺជាកន្លែងដែលប្រជាជនអាចយកលុយមកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនដែលរីកចម្រើនជាច្រើន។ ពេលអ្នកទិញភាគហ៊ុនក្រុមហ៊ុនណាមួយអ្នកគឺជាម្ចាស់ភាគហ៊ុនក្រុមហ៊ុននោះហើយពេលក្រុមហ៊ុននោះរកស៊ីចំណេញអ្នក៏បានចំណេញតាមរយៈភាគលាភ។
ឧទាហរណ៍បើអ្នកទិញភាគហ៊ុន ធនាគារ អេស៊ីលីដាចំនួន២ពាន់ហ៊ុន អេស៊ីលីដារកស៊ីចំណេញហើយចែកភាគលាភ១ពាន់រៀលក្នុងមួយហ៊ុននោះអ្នកនឹងបានភាគលាភចំនួន២លានរៀល(ស្មើនឹង៥០០ដុល្លារ)
ផ្សារហ៊ុនគឺជាកន្លែងមួយដែលប្រជាជនខ្មែរអាចគិតគូយកលុយមកវិនិយោគព្រោះផ្សារហ៊ុនជាកន្លែងវិនិយោគស្របច្បាប់មិនជួបការចាញ់បោកគេឡើយ។ ជាពិសេសការវិនិយោគលើផ្សារហ៊ុនគឺជាកន្លែងរកចំណូលបន្ថែមនិងកសាងទ្រព្យរយៈពេលវែងដោយបងប្អូននឹងទទួលបានចំណូលអកម្មតាមរយៈភាគលាភនិងហ៊ុនឡើងថ្លៃ។
យ៉ាងណាមិញផ្សារហ៊ុនគឺជារឿងថ្មីសម្រាប់ប្រជាជនកម្ពុជាភាគច្រើន ដូច្នេះពួកគាត់មិនទាន់ដឹងថាចង់វិនិយោគលើផ្សារហ៊ុនគេចាប់ផ្ដើមពីណា ហើយចង់ទិញហ៊ុនគេទិញដូចម្ដេច។ ដូច្នេះចង់ដឹងកាន់តែច្បាស់ពីការវិនិយោគលើផ្សារហ៊ុននិងទិញភាគហ៊ុនក្រុមហ៊ុនធំៗក្នុងស្រុកអាចតាមដាន Facebook page របស់ខ្ញុំ Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong