កំពុងជំពាក់លុយគេ ហើយចង់សងឱ្យឆាប់អស់! នេះជាផ្លូវ៣ ដែលអ្នកគួរធ្វើឱ្យបានលឿនបំផុត
Toeuy HongJUNE 4 20252.1 K views

ការជំពាក់បំណុលគេ អាចមានកក្តាច្រើនយ៉ាង ប៉ុន្តែកក្តាធំមួយ នៅក្នុងកក្តាជាច្រើននោះគឺ ការមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលធ្វើឱ្យមនុស្សភាគច្រើនយល់ច្រឡំរវាងទ្រព្យ ហើយនឹងបំណុល ដែលធ្វើឱ្យពួកគេជ្រុលខ្លួន ជំពាក់បំណុលគេច្រើនពិបាកនៅក្នុងការដកខ្លួនត្រឡប់មកវិញ។ ពាក់ព័ន្ធនឹងរឿងបំណុលនេះដែរ ថ្ងៃនេះ Business Cambodia សូមលើកយកវិធីសាស្រ្ត ឬអាចហៅថាផ្លូវដើរចំនួន៣ ដែលលោកអ្នកគួរធ្វើឱ្យបានលឿនបំផុត ប្រសិនជាចង់សងបំណុលគេឱ្យអស់លឿន។  

ទី១. អ្នកត្រូវសរុបបំណុលដែលអ្នកមានទាំងអស់ ហើយបែកចែកវាជាពីរ ដោយទី១. ជាបំណុលមានការប្រាក់ និងទី២. ជាបំណុលអត់ការប្រាក់។ បន្ទាប់មកអ្នកត្រូវដាក់ខ្លួន សុំចរចារម្ចាស់បំណុលដែលមានការប្រាក់ ឱ្យឈប់យកការប្រាក់ ឬកាត់បន្ថយការប្រាក់ឱ្យនៅទាបបំផុត តាមដែលអាចធ្វើទៅបាន (ត្រង់ចំណុចនេះ អ្នកមិនគួរនៅហ៊ឺហា នៅធ្វើខ្លួនដូចគ្មានបញ្ហាអ្វីទៀតនោះទេ)។

 

Debt Equity Ratio

បន្ទាប់ពីសុំចរចារម្ចាស់បំណុលមានការប្រាក់ហើយ អ្នកត្រូវព្យាយាមសងបំណុលណាដែលមានការប្រាក់ខ្ពស់មុនគេ រហូតដល់អស់បំណុលមានការប្រាក់ទាំងស្រុង។ ក្នុងករណីនេះ អ្នកគួរលក់របស់ខ្លះ ដើម្បីសងគេ ដូចជាឡាន ម៉ូតូ ទូរស័ព្ទទំនើប ឬមាស ពេជ្រដែលអ្នកកំពុងមាន ហើយអ្នកក៏អាចខ្ចីលុយពីគ្រួសារ ឬបងប្អូនដើម្បីសងបំណុលមានការប្រាក់ផ្តាច់បាន កាន់តែល្អថែមទៀត។

ធ្វើដូចនេះ អ្នកនៅសល់តែបំណុលណា ដែលមិនមានការប្រាក់ប៉ុណ្ណោះ ហើយអ្នកត្រូវទៅសុំចរចារម្ចាស់បំណុលនេះម្តងទៀត ដោយសុំពួកគាត់នៅលក្ខខណ្ឌបង់ប្រាក់ដែលទាបបំផុត តាមសមត្ថភាពដែលអ្នករកបាន។ ការធ្វើបែបនេះ អាចឱ្យអ្នកមានដង្ហើមដកបានខ្លះ ដើម្បីមានពេលរកចំណូលបន្ថែម ប៉ុន្តែអ្នកត្រូវតែសងគេជាប្រចាំ មិនអាចធ្វើខុសពាក្យសន្យានោះទេ។ ការសងនេះ អ្នកគួរប្រើក្បួនរមៀលដុំទឹកកក់ ដោយចាប់ផ្តើមសងពីបំណុលតូចៗទៅមុន ហើយវានឹងធ្វើឱ្យអ្នកកាន់តែមានទឹកចិត្តសងគេ កាន់តែខ្លាំង ព្រោះអ្នកបានឃើញម្ចាស់បំណុលដែលអ្នកជំពាក់កាន់តែតិចទៅៗ។

ទី២. អ្នកត្រូវរៀបចំការចំណាយឡើងវិញទាំងអស់ ហើយកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ចោល ឈប់ចាយហ៊ឺហា ដើម្បីអួតគេទៀត។ លើសពីនេះ អ្នកត្រូវបញ្ឈប់រាល់ការកម្ចីបំណុលអាក្រក់បន្ថែមទៀត ហើយអ្នកត្រូវខំរកចំណូលក្រៅម៉ោងបន្ថែម។ ឧ. បើអ្នកធ្លាប់តែធ្វើការចន្ទដល់សុក្រ ច្បាស់ណាស់ថា អ្នកត្រូវធ្វើការនៅថ្ងៃសៅរ៍អាទិត្យបន្ថែមទៀត។

Why Consider Debt Consolidation

ទី៣. ពេលអ្នករកចំណូលបាន អ្នកត្រូវព្យាយាមសន្សំយ៉ាងតិចឱ្យបាន១០ភាគរយ ដើម្បីទុកធ្វើជាទុននៅក្នុងការរកស៊ី ឬក៏វិនិយោគអ្វីមួយ ដែលអ្នកមានជំនាញ មានបទពិសោធន៍ច្បាស់។ ការធ្វើបែបនេះ អ្នកមិនត្រឹមតែអាចសងបំណុលអស់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងអាច មានវិន័យចេះសន្សំ និងមានលុយសល់បន្ទាប់ពីសងគេហើយថែមទៀតផង។ ត្រូវចាំថា បំណុលដែលអ្នកមាន គឺដោយសារតែការយល់ខុស និងការដែលខ្វះវិន័យលើខ្លួនឯង ដូច្នេះអ្នកត្រូវចាប់ផ្តើមស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុ ជារៀងរាល់ថ្ងៃ ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia