សន្សំខុសក្បួនបានមិនសល់លុយសោះ! សេដ្ឋីWarren Buffett ប្រាប់ពីរូបមន្តសន្សំត្រឹមត្រូវសល់លុយច្រើនជាងមុន
Toeuy HongFEBRUARY 9 2024290 views

ការសន្សំគឺជារឿងចាំបាច់បំផុតនៅក្នុងការរស់នៅព្រោះការសន្សំមិនត្រឹមតែជួយការពារអ្នកពីហានិភ័យនៃហិរញ្ញវត្ថុប៉ុណ្ណោះទេ តែថែមទាំងជួយសន្សំធ្វើជាគ្រាប់ពូជ(ដើមទុន) ដើម្បីយកទៅវិនិយោគនិងរកស៊ី កសាងភាពមានបាននៅក្នុងជីវិតទៀតផង។

 

យ៉ាងណាមិញទាក់ទងនឹងការសន្សំនេះដែរយើងស្ដាប់ទៅហាក់ដូចជាស្រួលធ្វើប៉ុន្ដែសម្រាប់អ្នកដែលមិនមានទម្លាប់សន្សំគឺមិនងាយស្រួលឡើយ។ ផ្ទុយទៅវិញអ្នកខ្លះបានតាំងចិត្តក្នុងការរសន្សំដែរប៉ុន្ដែសន្សំមិនឃើញសល់លុយជាដុំកំភួនទាល់តែសោះ។ ហើយអ្នកខ្លះឆ្ងល់ខ្លួនឯងថាខំប្រឹងប្រែងធ្វើការតែមិនឃើញសល់លុយសោះ មិនដឹងជាលុយដែលរកបានទៅណាអស់។

តាមពិតមនុស្សមួយចំនួនសន្សំលុយតែមិនសល់ហើយសន្សំលុយតែមិនមានប្រសិទ្ធភាពគឺដោយសារតែពួកគាត់ប្រើរូបមន្តសន្សំលុយខុសទើបធ្វើឲ្យការសន្សំមុនទៅមុខសោះ។ រូបមន្តសន្សំលុយខុសនោះគឺ ពួកគាត់ប្រើរូបមន្ត ចំណូល-ចំណាយ= សន្សំ ដែលមានន័យថាពេលពួកគាត់រកចំណូលបានគឺពួកគាត់ចាយសិនចាំសល់លុយប៉ុន្មានចាំយកទៅសន្សំ។

 

បើអ្នកសន្សំលុយដោយប្រើរូបមន្តខាងលើច្បាស់ណាស់ អ្នកគ្មានថ្ងៃសល់លុយឡើយហើយក៏ប្រហែលជាមិនមានលុយសម្រាប់យកទៅសន្សំដែរ។ ត្រូវចាំថាមនុស្សមានលុយក្នុងដៃប៉ុនណាចាយប៉ុណ្ណឹងដូច្នេះបើចាំចាយសល់ចាំសន្សំអ្នកច្បាស់ជាគ្មានលុយសម្រាប់សន្សំនោះទេព្រោះមនុស្សតែងតែចាយទៅតាមទឹកលុយ។

 

នៅក្នុងសម្រង់សម្ដីរបស់សេដ្ឋី Warren Buffett ស្ដេចវិនិយោគប្រចាំសតវត្សទី២១បានលើកឡើងថា” កុំសន្សំលុយដែលសល់បន្ទាប់ពីចំណាយ តែត្រូវចំណាយលុយដែលសល់បន្ទាប់ពីសន្សំ”។ ឃ្លានេះគាត់ចង់មានន័យថាត្រូវដកលុយមកសន្សំទុកមុននឹងចំណាយទៅលើរឿងផ្សេងៗទើបការសន្សំរបស់អ្នកទទួលបានផលជាផ្លែផ្កា។

 

អ្វីដែលសេដ្ឋី Warren Buffett បានលើកឡើងខាងលើគឺគាត់បានផ្ដល់នូវរូបមន្តសន្សំលុយដ៏ត្រឹមត្រូវមួយគឺ ចំណូល-សន្សំ= ចំណាយ ដែលមាន័យថាពេលអ្នករកលុយបាន អ្នកត្រូវដកមួយផ្នែកមកសន្សំសិនមុននឹងចំណាយលើរឿងផ្សេងៗ និយាយយ៉ាងងាយយល់គឺដកសន្សំមុនចំណាយ

 

ក្បួនសន្សំលុយដកសន្សំមុនចំណាយគឺជាក្បួនសន្សំលុយសាមញ្ញបំផុតមួយបើអ្នកតាំងចិត្តអនុវត្តន៍តាមក្បួននេះជារៀងរាល់ខែនោះចង់មិនចង់អ្នកនឹងសល់លុយហើយលុយកើនឡើងជាលំដាប់។ ត្រង់នេះពេលអ្នកបើកប្រាក់ខែបានភ្លាម ត្រូវដកលុយមួយផ្នែកមកសន្សំមុននឹងចំណាយ។

 

ប្រសិនបើអ្នកមិនធ្លាប់មានទម្លាប់សន្សំទេនោះ ដំបូងអ្នកអាចដកសន្សំ១០%នៃចំណូលសរុប ហើយតាំងចិត្តសន្សំឲ្យបានហាមប៉ះពាល់លុយសន្សំហើយត្រូវសន្សំដោយមានគោលដៅច្បាស់លាស់។ ព្យាយាមដកសន្សំរាល់ខែដើម្បីបង្កើតទម្លាប់សន្សំឲ្យបាន។ ហើយពេលអ្នកបង្កើតទម្លាប់សន្សំបានហើយនោះអ្នកអាចបង្កើនការសន្សំរបស់អ្នក។ ត្រូវចាំថាការសន្សំនេះទាមទារការតាំងចិត្ត អនុវត្តន៍ធ្វើវាដើម្បីបង្កើតបានជាទម្លាប់។ ពេលអ្នកបង្កើតទម្លាប់បានហើយនោះអ្នកនឹងមានទម្លាប់ចាត់ចែងលុយកាក់ជារៀងរហូត។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia