វាជារឿងឆ្គងណាស់ក្នុងការនិយាយទៅកាន់មិត្តភក្តិ ឬបងប្អូនដែលជំពាក់លុយអ្នកថា “ខ្ញុំត្រូវការលុយខ្ញុំវិញ ឆាប់សងខ្ញុំមក”។ ខាងក្រោមនេះគឺជាស្នៀតពិសេស ៣ ដែលអ្នកជំនាញហិរញ្ញវត្ថុរបស់គេហទំព័រ wikiHow អាចជួយឱ្យគេសងលុយរបស់អ្នកមកវិញ ថែមទាំងមិនខឹងឬអន់ចិត្តនឹងអ្នកទៀតផង៖
១. ផ្ញើសារទៅរំលឹក៖ ជួនកាលពួកគេមិនមែនមិនចង់សងទេ ប៉ុន្តែអាចនឹងភ្លេចខ្លួនថាកំពុងតែជំពាក់អ្នក ដូច្នេះអ្នកគួរចាប់ផ្ដើមពីការផ្ញើសារទៅរំលឹកគេជាមុនសិន។ អ្នកអាចលើកជាសំណួរសួរពួកគេថា “យ៉ាងម៉េចដែរបញ្ហាដែលឯងប្រាប់ថាត្រូវការលុយយកទៅដោះស្រាយ ដំណើរការដល់ណាហើយ បានធូរខ្លះទេ?” ការសួរនាំបែបនេះអាចជាការបើកឱកាសឱ្យគេនឹកឃើញថាបានជំពាក់អ្នក និងបកស្រាយពីមូលហេតុដែលមិនទាន់បានសង រួចបង្ហើបថាអាចនឹងសងវិញពេលណា។ វាក៏ប្រសើរជាងអ្នកនៅស្ងៀម ហើយមិនដឹងសូម្បីតែបន្តិចថាគេនៅចាំឬអត់ គឹអាចសងពេលណា ហេតុអ្វីគេមិនសងអ្នកឱ្យលឿន។
២. ករណីគេមិនតបសារ៖ ប្រសិនបើក្នុងករណីនិយាយដល់រឿងលុយហើយគេបែរជាលែងចូលមើលសាររបស់អ្នក អ្នកគួរតែខលទៅតែម្ដង។ ពេលខលទៅអ្នកសួរស្ថានភាពដូចពេលផ្ញើសារដែរ បន្ទាប់មកបង្ហាញពីភាពចាំបាច់ដែលអ្នកត្រូវការលុយត្រឡប់មកវិញ ដោយបញ្ជាក់ពីស្ថានភាពលំបាកដែលអ្នកកំពុងជួបប្រទះ។
បើគេឆ្លើយថាមិនទាន់មានលទ្ធភាព អ្នកគួរតែផ្ដល់វិធីសងត្រឡប់ជាមួយនឹងលក្ខខណ្ឌប្រសើរណាមួយដូចជា បែងចែកការសងជាដំណាក់កាល ដោយសងម្ដងបន្តិចៗសិន ព្រមជាមួយនឹងការកំណត់ពេលវេលាជាក់ច្បាស់ណាមួយ។ ការលើកជាដំណោះស្រាយបែបនេះបានបង្ហាញថាអ្នក កំពុងរកវិធីជួយដល់អ្នកដែលជំពាក់ ហើយមួយវិញទៀតវាក៏អាចបង្កើតក្ដីសង្ឃឹមថ្មីថាអ្នកនឹងអាចទទួលបានលុយមកវិញផងដែរ។
៣. ពឹងពាក់មនុស្សជិតស្និទ្ធិរបស់គេ៖ ប្រសិនបើអ្នកគ្មានភាពក្លាហាននិយាយជាមួយគេដោយផ្ទាល់ អាចជ្រើសរើសការពឹងពាក់មនុស្សជិតស្និទ្ធរបស់គេ ដូចជាឪពុកម្ដាយ មិត្តស្និទ្ធិស្នាល ឬមនុស្សដែលគេមានទំនាក់ទំនងញឹកញាប់ខ្លាំងជាងគេ ដើម្បីឱ្យពួកគេជួយរំលឹកជំនួសអ្នក។ ត្រង់ចំណុចនេះ អ្នកគួរតែជ្រើសយកបុគ្គលណាដែលអ្នកស្គាល់ដែរដើម្បីឱ្យសម្ដីរបស់គេកាន់តែមានប្រសិទ្ធភាព ហើយប្រាកដថាមិនបំផ្លាញទំនាក់ទងមិត្តភាពរបស់អ្នក។
សូមចាំថាលុយជាបញ្ហារសើបមួយ ដែលអាចបំផ្លាញមិត្តភាព ឬនាំឱ្យទំនាក់ទំនងរាប់អានគ្នារងនូវភាពតានតឹងបាន។ ហេតុនេះហើយសូមប្រាកដចិត្តថាចំនួនលុយដែលអ្នកសម្រេចចិត្តឱ្យពួកគេខ្ចី មិនស្ថិតនៅក្នុងតម្រូវការចាំបាច់របស់អ្នក។ មានន័យថាលុយនោះទោះបីបាត់បង់ក៏អ្នកមិនមានបញ្ហា ដូច្នេះអ្នកនឹងមិនមានកំហឹងពេលដែលគេមិនសងវិញ៕


