មិនធ្លាប់មានពីមុនមក! កាសែតដ៏ល្បី១ របស់អាមេរិក ប្រកាសកាត់បុគ្គលិកជាច្រើននាក់ព្រោះហេតុផលនេះ
ធី ស្រីល័ក្ខFEBRUARY 7 2026148 views

កាសែតដ៏ល្បី១របស់អាមេរិកដែលមានឈ្មោះថា THE WASHINGTON POST ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋី Jeff Bezos ស្ថាបនិកនៃក្រុមហ៊ុន Amazon បានប្រកាសពីការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំរហូតដល់ទៅជាង៣០០នាក់ ដោយលើកឡើងថាមូលហេតុនៃការកាត់បុគ្គលិកនេះព្រោះអ្នកតាមដានព័ត៌មានកាន់តែថយចុះនិងក្រុមហ៊ុនខាតបង់ប្រាក់ចំណូលជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន CNN

 

បើតាមការលើកឡើងរបស់និពន្ធនាយកប្រតិបត្តិ លោក Matt Murray បាននិយាយថា កាសែត THE WASHINGTON គឺទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង តែពេលនេះត្រូវកាត់បន្ថយបុគ្គលិក យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងផ្នែកព័ត៌មានរបស់ខ្លួន។ ការកាត់បុគ្គលិកនៃកាសែត The Post នេះ កើតឡើងចំពេលដែលស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងសហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងក្លាពីសំណាក់ប្រធានាធិបតី Donald Trump ដែលតែងតែបង្ខូចកេរ្តិ៍ឈ្មោះអ្នកសារព័ត៌មានថាជា "ព័ត៌មានក្លែងក្លាយ" (fake news) និងបានដាក់ពាក្យបណ្តឹងជាច្រើនលើការចុះផ្សាយជុំវិញអាណត្តិប្រធានាធិបតីរបស់លោក។

2

នៅលើបណ្ដាញសង្គម Facebook លោក Marty Baron ដែលជានិពន្ធនាយកប្រតិបត្តិរបស់កាសែត The Post បានបង្ហោះថា នេះត្រូវបានចាត់ទុកថាជាថ្ងៃដ៏ខ្មៅងងឹតបំផុតមួយ នៅក្នុងប្រវត្តិសាស្ត្រនៃស្ថាប័នព័ត៌មានដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ នៅក្នុងនោះដែរ អ្នកសារព័ត៌មានប្រហែល ៣០០នាក់ ក្នុងចំណោម៨០០នាក់ត្រូវបានបញ្ឈប់ពីការងារអ្នកសារព័ត៌មានភាគច្រើនរបស់ស្ថាប័ននេះដែលប្រចាំការនៅក្រៅប្រទេសត្រូវបានបញ្ឈប់ រួមទាំងក្រុមការងារទាំងមូលនៅមជ្ឈិមបូព៌ា និងឆ្លើយឆ្លងព័ត៌មានប្រចាំទីក្រុងគីវ (Kyiv) ប្រទេសអ៊ុយក្រែនផងដែរ។

 

លោក Murray បានមានប្រសាសន៍ថាបន្ថែមថា ពេលនេះកាសែត Post នឹងផ្ដោតសំខាន់លើបញ្ហានយោបាយ សន្តិសុខជាតិ បច្ចេកវិទ្យា ការស៊ើបអង្កេត និងអាជីវកម្ម ព្រមទាំងប្រធានបទផ្សេងៗទៀត។ ប៉ុន្តែ អ្នកយកព័ត៌មានម្នាក់ដែលធ្លាប់រាយការណ៍អំពីក្រុមហ៊ុន Amazon (ដែលបច្ចុប្បន្នមានតម្លៃ ២,៦ ទ្រីលីនដុល្លារ) ក៏ត្រូវបានបញ្ឈប់ពីការងារដែរ។

 

គួរបញ្ជាក់ថា បើតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ផ្នែកកីឡា ក្រាហ្វិក និងព័ត៌មានក្នុងស្រុកត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយកម្មវិធីផតខាស (Podcast) ប្រចាំថ្ងៃរបស់កាសែតនេះ ដែលមានឈ្មោះថា Post Reports ក៏ត្រូវបានផ្អាកផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia