ធ្លាប់តែលក់ថោក! បុរសជនជាតិអាមេរិក២រូប យកទឹកដូងច្នៃដាក់កញ្ចប់អាចលក់បានថ្លៃជាងតម្លៃដើម៣ដង
Sambat SokhlangMARCH 22 2024307 views

ផ្លែដូងជាទូទៅតម្លៃរបស់វាក្នុងមួយផ្លែខ្ពស់បំផុតត្រឹម ៣,៥០០រៀលប៉ុណ្ណោះ ប៉ុន្តែប្រសិនចេះកែច្នៃបន្តិចតម្លៃវាអាចលើសពីនេះច្រើន ជាក់ស្តែងដូចបុរសជនជាតិអាមេរិករូបនេះ បានរកឃើញគំនិតច្នៃទឹកដូងដាក់កញ្ចប់អាចលក់បានតម្លៃជិត៣ដុល្លារនិងមានដល់តម្លៃ ៨ដុល្លារ បើធៀបទៅនឹងតម្លៃដូងធម្មតាគឺខ្ពស់ជាង៣ដងឯណោះ។

Vita Coco 1280x640

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា​ Michael Kirban និង Ira Liran គឺជាអ្នកផ្តួចផ្តើមគំនិតក្នុងការច្នៃប្រឌិតយកទឹកដូងច្នៃដាក់ជាកញ្ចប់នេះ ដោយដើមឡើយពួកគាត់បានជួបនឹងស្រ្តីជនជាតិប្រេស៊ីលមករស់នៅអាមេរិកម្នាក់ ពេលនោះពួកគាត់បានជជែកនិងនិយាយគ្នាយ៉ាងច្រើនហើយបានសួរនាំពីអ្វីដែលស្រ្តីជនជាតិប្រេស៊ីលរូបនេះនឹកជាងគេនៅស្រុកកំណើតរបស់នាង ពេលនោះគាត់ឆ្លើយថាគាត់នឹករសជាតិទឹកដូង។ ក្រោយស្តាប់ដល់ចំណុចនេះ  Michael Kirban និង Ira Liran ក៏ចាប់ផ្តើមគិតដល់ការនាំយកទឹកដូងមកលក់នៅសហរដ្ឋអាមេរិក ទើបគាត់បានចុះទៅប្រទេសប្រេស៊ីលដើម្បីមើលពីលទ្ធភាពដែលអាចធ្វើបាន។

Img 1305 Slide

លុះនៅក្នុងឆ្នាំ ២០០៤ លោក Michael Kirban និង Ira Liran ក៏បានចាប់ផ្តើមបោះទុនវិនិយោគបង្កើតអាជីវកម្មកែច្នៃទឹកដូងឈ្មោះ The Vita Coco លេចចេញជារូបរាងឡើង។ ប៉ុន្តែការចាប់ផ្តើមនេះមិនបានរលូនស្រួលភ្លាមៗនោះទេ ពោលគឺនៅពេលចាប់ផ្តើមឡើងដំបូងម្ចាស់អាជីវកម្មពីររូបនេះជួបប្រទះបញ្ហាជាច្រើនជាពិសេសការវាយលុកទីផ្សារ ព្រោះប្រជាជនប្រេស៊ីលភាគច្រើនមិននិយមការបរិភោគភេសជ្ជៈដាក់កញ្ចប់បែបនេះនោះទេ ចំណែកទីផ្សារអាមេរិកវិញរឹតតែពិបាក ព្រោះប្រជាជនភាគច្រើនគេនិយមតែញ៉ាំភេសជ្ជៈ Coca Cola និង PepsiCo ប៉ុណ្ណោះ។

Combined Family Collage Delivered Color3

ថ្វីបើជួបបញ្ហាទៅលើទីផ្សារប៉ុន្តែ លោក Michael Kirban និង Ira Liran មិនបានបញ្ឈប់ក្តីសង្ឃឹមសហគ្រិនរបស់ខ្លួននោះទេ ផ្ទុយទៅវិញនៅពេលបរាជ័យក្នុងទីផ្សារប្រទេសអឺរ៉ុប គាត់បានងាកមកចាប់យកទីផ្សារប្រទេសអាស៊ីវិញដូចជា ប្រទេសស្រីលង្កា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ និង ប្រទេសហ្វីលីពីន ជាដើម។ ក្រោយឆ្លងកាត់ភាពលំបាកអស់ជាង ៥ឆ្នាំ នៅក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនទឹកដូង The Vita Coco ចាប់ផ្តើមឡើងកូដពេញតំបន់អាស៊ី និងបានវិវត្តខ្លួនក្លាយទៅជាក្រុមហ៊ុនតម្លៃ ១ពាន់លានដុល្លារក្នុងរយៈពេលដ៏ខ្លី។

Stock Vitacoco 01 Adobe

បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន The Vita Coco អាចរកចំណូលបាន ៤២៧,៧៩ លានដុល្លារនិងកំពុងវាយលុកទីផ្សារ ៣១ប្រទេស គិតត្រឹមឆ្នាំ​២០១៦ ។ គួរបញ្ជាក់ផងដែរថា គំនិតច្នៃប្រឌិតនេះបង្ហាញឱ្យឃើញថាផលិតផលមួយចំនួនដែលយើងឃើញថាវាធម្មតាៗនេះ ប្រសិនបើយើងចេះច្នៃអាចរកចំណូលបានច្រើនណាស់ ជាក់ស្តែងដូចផ្លែដូងនេះនៅកម្ពុជាយើងក៏មានធនធានស្រាប់ប្រសិនបើមានអ្នកធ្វើបាន វាអាចបង្កើតឱកាសការងារជួយដល់ប្រជាជនជាច្រើននាក់ និងបានជួយលើកតម្លៃផលិតផលខ្មែរ ក៏ដូចជារួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិថែមទៀតផង៕

Rs=w 365,h 365,cg True

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia