យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះឱ្យដឹងថា សាកលវិទ្យាល័យកម្ពុជាមានផ្តល់អាហារូបករណ៍ពេញថ្លៃចំនួន ២០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ វគ្គសិក្សាទី១B (Term 1B) ឆ្នាំសិក្សា២០២៣-២០២៤។
អាហារូបករណ៍ទាំងនេះត្រូវ បានប្រសិទ្ធនាមថា "អាហារូបករណ៍សន្តិភាព សម្តេចតេជោ ហ៊ុន សែន” ជូនដល់សិស្សានុសិស្សកម្ពុជានៅទូទាំង ប្រទេសដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ក្នុងនោះលក្ខខណ្ឌទទួលបានអាហារូបករណ៍ អាហារូបករណ៍សន្តិភាព សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២៣-២០២៨ គឺបើកចំហដល់សិស្សានុសិស្សកម្ពុជា ទាំងអស់ដែលមានបំណង បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញដែលសាកលវិទ្យាល័យកំណត់។
សិស្សានុសិស្សដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានសិទ្ធិដាក់ ពាក្យប្រឡងអាហារូបករណ៍នេះបាន ដោយមិនកំណត់ឆ្នាំ។ បន្ថែមពីនោះបេក្ខជននឹងត្រូវប្រឡងលើវិញ្ញាសារចំណេះដឹងទូទៅ និងភាសាអង់គ្លេស និងត្រូវទទួលពិន្ទុមធ្យមភាគយ៉ាងតិច ៧៥% ទើបអាចទទួលបានអាហារូបករណ៍។ សម្រាប់សិស្សានុសិស្សដែលមានសញ្ញាបត្របរិញ្ញាបត្រ និងកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាផ្សេងៗ មិនអាចដាក់ពាក្យប្រឡងបានទេ។
សម្រាប់កាលបរិច្ឆេទថ្ងៃផុតកំណត់នៃការទទួលពាក្យប្រឡងអាហារូបករណ៍គឺនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣ និងថ្ងៃបញ្ជីឈ្មោះបេក្ខជនប្រឡងអាហារូបករណ៍នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣។
ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃប្រឡងអាហារូបករណ៍ ដោយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃប្រកាសលទ្ធផលប្រឡងអាហារូបករណ៍។ ដោយឡែកចំពោះកាលបរិច្ឆេទចូលរៀនគឺនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយចូលរៀនវគ្គសិក្សាទី១B (Term 1B) ឆ្នាំសិក្សា២០២៣-២០២៤។
ដូច្នេះសម្រាប់បេក្ខជន-បេក្ខនារី ដែលចាប់អារម្មណ៍លើអាហារូបករណ៍នេះ សូមអញ្ជើញទៅកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្ដល់ព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជាដើម្បីបំពេញបែបបទ។ សម្រាប់ព័ត៌មានផ្សេងៗសូមធ្វើការទាក់ទង តាមរយៈទូរស័ព្ទលេខៈ ០២៣ ៩៩៣ ២៧៦/ ០៧០ ៩៩០ ៥០៧ ឬ តាមរយៈអ៊ីម៉ែល admissions@uc.edu.kh៕
អត្ថបទដោយ៖ ពីង ជូអេង