បើនិយាយពីការសាងទ្រព្យសម្បត្តិ មនុស្សភាគច្រើនគិតថាវាមិនងាយនោះទេប្រសិនបើពួកគាត់មិនមានលុយច្រើន។ យ៉ាងណាមិញការសាងទ្រព្យសម្បត្តិមិនមែនទាល់តែយើងមានលុយច្រើនទើបអាចកសាងទ្រព្យសល់លុយសល់ទ្រព្យរាប់លានដុល្លារនោះទេ ប៉ុន្ដែយើងចាប់ផ្ដើមពីជំហានតូចៗហើយធ្វើជាប្រចាំជាប់ជានិច្ចនោះអនាគតយើងនឹងកាន់ទ្រព្យនឹកស្មានមិនដល់។
ខាងក្រោមនេះគឺជាក្បួនសាមញ្ញៗដែលអ្នកត្រូវអនុវត្តក្នុងការកសាងទ្រព្យសម្បត្តិ ហើយបើអ្នកអនុវត្តជាប្រចាំជាប់ជានិច្ចនោះទៅតាមរយៈពេលអ្នកនឹងសល់ទ្រព្យច្រើននឹកស្មានមិនសល់។
១. ដកសន្សំ១០ទៅ២០%
ចំណុចចាប់ផ្ដើមក្នុងការកសាងទ្រព្យសម្បត្តិគឺពេលរកលុយបានអ្នកត្រូវដកសន្សំពី១០ទៅ២០%នៃចំណូលសរុបរបស់អ្នក។ ហើយការសន្សំទៀតសោតអ្នកត្រូវសន្សំដោយមានគោលដៅច្បាស់ទើបធ្វើឲ្យអ្នកកាន់តែមានទឹកចិត្តក្នុងការសន្សំហើយការសន្សំរបស់អ្នកកាន់តែមានផ្លែផ្កា។
សន្សំដោយមានគោលដៅ ឧទាហរណ៍សន្សំទុកជាលុយបម្រុងការពារពេលមានអាសន្ន សន្សំសម្រាប់សិក្សា សន្សំទុកធ្វើជាដើមទុនរកស៊ីនិងវិនិយោគ។ ការសន្សំលុយសម្រាប់វិនិយោគលើចំណេះដឹងនិងជំនាញ ឬនិងសន្សំទុកជាដើមទុនរកស៊ីនិងវិនិយោគគឺជាការសន្សំដែលបើកផ្លូវឲ្យអ្នកអាចរកលុយបានកាន់តែច្រើននិងអាចសល់លុយ សល់ទ្រព្យនាពេលអនាគត។
២. យកលុយពីការសន្សំទៅវិនិយោគលើមត្ថភាព
ចំណុចខាងលើអ្នកបានសន្សំហើយ ដូច្នេះលុយដែលបានសន្សំ អ្នកអាចដកមួយផ្នែកយកមកវិនិយោគលើសមត្ថភាព ចំណេះដឹងនិងជំនាញថ្មីៗក៏ដូចជាអភិវឌ្ឍនសមត្ថភាពដែលមានស្រាប់។ គេថាការវិនិយោគលើចំណេះជំនាញគឺជាវិនិយោគដែលធ្វើឲ្យអ្នកចំណេញបំផុត។
ការវិនិយោគលើចំណេះជំនាញនឹងជួយបង្កើនឥទ្ធិពលឲ្យអ្នករកចំណូលបានកាន់តែច្រើន។ ជាក់ស្ដែងបើអ្នកវិនិយោគរៀនជំនាញថ្មីៗនិងបង្កើតសមត្ថភាពនោះអ្នកនឹងអាចរកចំណូលបន្ថែមដែលធ្វើឲ្យអ្នកមានឱកាសអាចសន្សំនិងវិនិយោគបានកាន់តែច្រើន។
ត្រង់នេះ អ្នកអាចចាយលុយនិងពេលវេលារៀនជំនាញថ្មីៗដែលជាជំនាញត្រូវប៉ាន់អាចរកលុយបាន។ នៅក្នុងសម័យសេដ្ឋកិច្ចឌីជីថល ជំនាញដែលត្រូវបានមានដូចជាជំនាញទីផ្សារឌីជីថល ជំនាញធ្វើមាតិកាជាដើម។
៣. វិនិយោគទិញទ្រព្យកើនតម្លៃនិងទ្រព្យបង្កើតចំណូល
បន្ទាប់ពីអ្នករកលុយបានច្រើននិងសន្សំបានច្រើនហើយនោះ ចូរយកលុយរបស់អ្នកទៅវិនិយោគទិញទ្រព្យទាំងឡាយណាដែលផ្ដល់ចំណូលនិងកើនតម្លៃ។ ទ្រព្យដែលអាចកើនតម្លៃមានដូចជាអចលនទ្រព្យ(ដីធ្លី) មាស និងភាគហ៊ុនជាដើម។ ចំណែកទ្រព្យដែលបង្កើតចំណូលមានដូចជាអចលនទ្រព្យ(ផ្ទះជួល ខុនដូជួល ដីជួល អគារ..) ហើយទ្រព្យបង្កើតចំណូលដែលមនុស្សទូទៅអាចវិនិយោគបានគឺភាគហ៊ុន។
នៅស្រុកខ្មែរ បងប្អូនអាចវិនិយោគលើផ្សារហ៊ុនទិញភាគហ៊ុនក្រុមហ៊ុនធំៗនៅលើផ្សារហ៊ុនមានដូចជា ធនាគារ អេស៊ីលីដា ក្រុមហ៊ុនសែលកាត រដ្ឋករទឹកក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញនិងក្រុមហ៊ុនជាច្រើនទៀត។ ពេលអ្នកវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនធំៗទាំងនេះអ្នកនឹងបានចំណូលជាប្រចាំតាមរយៈភាគលាភ ហើយភាគលាភនេះគឺជាចំណូលអកម្មដោយអ្នកមិនចាំបាច់ចំណាយពេលវេលាឡើយ ពោលគឹដេកលក់ ដើរលេងក៏បានចំណូល។
ចង់ចេះវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែមអាចតាមដានផេក Toeuy Hong-ទឿយ ហុង ឬចូលគ្រុបតេឡេក្រាម: https://t.me/toeuy_hong


