កូនខ្ញុំមិនចេះ មកពីគ្រូមិនកើត! សម្ពាធចាក់ដោតទាំង ៧ ដែលបណ្តាលអោយគ្រូមួយចំនួនធ្លាក់ក្នុងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ
Pen SodalenAUGUST 20 202635 views

 

រៀងរាល់ព្រឹក នៅពេលគ្រូបង្រៀនឈរនៅខាងមុខថ្នាក់ ញញឹមស្វាគមន៍សិស្ស និងបង្រៀនសិស្ស គ្រប់គ្នាតែងគិតថាវាជាការងារដ៏សាមញ្ញមួយតែប៉ុណ្ណោះ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា នៅពីក្រោយស្នាមញញឹម និងភាពអត់ធ្មត់នោះ គ្រូជាច្រើនកំពុងលាក់បាំងភាពហត់នឿយ និងសម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលគ្រប់គ្នាមិនដែលដឺងទាល់តែសោះ។

 

នៅក្នុងសង្គមយើងសព្វថ្ងៃ ការអប់រំកុមារម្នាក់ឱ្យក្លាយជាមនុស្សពូកែ និងមានចរិតឫកពាល្អ មិនមែនជាភារកិច្ចរបស់គ្រូបង្រៀនតែម្នាក់ឯងនោះឡើយ។ ប៉ុន្តែនៅពេលដែលអាណាព្យាបាលមួយចំនួនរំពឹងទុកខ្ពស់ ខ្វះការយោគយល់ ហើយទម្លាក់កំហុសគ្រប់យ៉ាងមកលើគ្រូ វាក៏ក្លាយជាសម្ពាធដែលកំពុងបំបាក់ទឹកចិត្តរបស់គ្រូបន្តិចម្តងៗ។

ខាងក្រោមនេះជាសម្ពាធទាំង ដែលគ្រូបង្រៀនជាច្រើនកំពុងជួបប្រទះជារៀងរាល់ថ្ងៃ៖

 

១. ទម្លាក់កំហុសទាំងស្រុង «បើកូនខ្ញុំមិនចេះ គឺមកពីគ្រូមិនកើត!»

 

សម្ពាធដែលធ្វើឱ្យគ្រូតឹងតែងក្នុងអារម្មណ៍បំផុតនោះ គឺការត្រូវគេទម្លាក់កំហុសលើគ្រប់រឿង។ ឲ្យតែពេលណាកូនធ្លាក់ ទទួលបានពិន្ទុតិច ឬរៀនមិនទាន់គេ អាណាព្យាបាលមួយចំនួនចាប់ផ្តើមចោទគ្រូភ្លាមៗថា «មកពីគ្រូបង្រៀនអន់» «គ្រូគ្មានសមត្ថភាព» «គ្រូមិនចេះមើលថែ អប់រំសិស្ស»  ប៉ុន្តែពួកគាត់មិនបានមើលទៅលើការខិតខំរបស់គ្រូ ហើយក៏មិនបានពិនិត្យមើលថា តើកូនខ្លួនឯងខិតខំឬអត់ ឬ មានអាកប្បកិរិយាបែបណានោះទេ។



២. បោះបង់ការអប់រំនៅផ្ទះ  ហើយទម្លាក់ឱ្យសាលា និងគ្រូជាអ្នកប្រដៅទាំងស្រុង!

អាណាព្យាបាលខ្លះយល់ច្រឡំថា ការអប់រំទម្លាប់ សីលធម៌ និងការនិយាយស្តីរបស់កូន ជាភារកិច្ចរបស់សាលារៀន ១០០%។ នៅផ្ទះពួកគាត់មិនបានតាមដាន ឬទូន្មានកូនបន្ថែមឡើយ។ លុះពេលកូនចេញទៅក្រៅមានចរិតឌឺ គ្មានវិន័យ ឬមិនស្តាប់បង្គាប់ ពួកគាត់បែរជាបន្ទោសថាគ្រូបង្រៀនមិនបានល្អទៅវិញ ទាំងដែលគ្រឹះនៃការអប់រំដំបូងគេបំផុត គឺផ្តើមចេញពីក្នុងគ្រួសារមុនបង្អស់។



៣. ការរិះគន់ប្រៀបធៀបថា «សាលានេះអន់ សាលានោះទើបល្អ!»

 

ការដែលអាណាព្យាបាលយកសាលារៀន ឬគ្រូបង្រៀនទៅប្រៀបធៀបគ្នាដោយគ្មានការយល់ដឹងជម្រៅ ក៏ជាសម្ពាធធំមួយដែរ។ ពាក្យសម្តីដូចជា «សាលានោះគេបង្រៀនល្អជាង» «គ្រូនៅទីនេះអន់» ដោយមិនបានយល់ពីបរិបទ និងការខិតខំរបស់គ្រូ គឺជារឿងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងបាក់ទឹកចិត្តគ្រូបង្រៀនយ៉ាងខ្លាំង។ ព្រោះថាការចេះដឹង មានសីលធម៌ និង មានវិន័យនៅសាលា ឬ ការដែលសិស្សពូកែមកបាន គឺព្រោះតែមានការជ្រោមជ្រែងពីអាណាព្យាបាល លោកគ្រូ អ្នកគ្រូ​ ចូលរួមគ្នាតែមួយ ដោយការកសាងទំនាក់ទំនងជាមួយគ្នាជាប្រចាំ ទើបការសិក្សារបស់កូនល្អ និង មានប្រសិទ្ធភាព ដូច្នេះសាលាណាក៏ល្អ និង អាចរៀនចេះបានដែរ សំខាន់បំផុតគឺកត្តាបុគ្គលជាសិស្សផ្ទាល់តែម្តង។



៤. គំនិតយល់ច្រឡំថា «បង់ថ្លៃសាលាទិញលទ្ធផលបានតាមការដែលចង់បាន»

នៅក្នុងសាលារៀនមួយចំនួន អាណាព្យាបាលខ្លះគិតថា ការដែលពួកគាត់បង់ថ្លៃសិក្សា គឺដូចជាការទិញសេវាកម្ម ឬទិញលទ្ធផលអញ្ចឹង។ ពួកគាត់រំពឹងថាគ្រូត្រូវតែធ្វើតាមចិត្តពួកគាត់គ្រប់យ៉ាង។ នៅពេលលទ្ធផលមិនដូចការរំពឹងទុក ពួកគាត់ចាប់ផ្តើមប្រើពាក្យសម្តីមើលងាយ ឬនិយាយគំរាមកំហែង ដែលធ្វើឱ្យគ្រូមានអារម្មណ៍ថា អាជីពដែលមានកិត្តិយសរបស់ខ្លួន ត្រូវគេបន្ទាបតម្លៃមកត្រឹមតែជាអ្នករង់ចាំបម្រើអារម្មណ៍អ្នកដទៃទៅវិញ។



៥. ការរំលោភលើពេលវេលា និង ជីវិតផ្ទាល់ខ្លួនរបស់គ្រូ

បច្ចេកវិទ្យាធ្វើឱ្យការទាក់ទងគ្នាកាន់តែងាយស្រួល ប៉ុន្តែវាក៏បានបំផ្លាញម៉ោងសម្រាករបស់គ្រូផងដែរ។ អាណាព្យាបាលខ្លះផ្ញើសារសួរនាំ ប្តឹងតវ៉ា ឬបញ្ចេញកំហឹងនៅម៉ោង ១០ យប់ ពេលខ្លះម៉ោង ១១ យប់ក៏មានដែរនៅថ្ងៃចុងសប្តាហ៍ ឬពេលគ្រូកំពុងមានពេលវេលាសម្រាកជាមួយគ្រួសារជាដ់ើម។ រឿងនេះធ្វើឱ្យគ្រូបង្រៀនជាច្រើនត្រូវរស់នៅក្នុងភាពតានតឹងស្ទើរតែ ២៤ ម៉ោង ដោយគ្មានពេលស្តារមកវិញនូវកម្លាំងកាយចិត្តទាល់តែសោះ។


៦. ចេញមុខការពារកូនហួសហេតុ និងរារាំងការកែប្រែវិន័យ

 

នៅពេលកូនធ្វើខុស ហើយគ្រូធ្វើការណែនាំ ឬដាក់ពិន័យបែបអប់រំ អាណាព្យាបាលមួយចំនួនបែរជាចេញមុខការពារកូន ដោយមិនបានសួរនាំហេតុផលច្បាស់លាស់ពីគ្រូឡើយ។ ពួកគាត់ចោទថាគ្រូ មានចិត្តអាក្រក់ , លំអៀង ឬ រើសអើងកូនខ្លួនទៅវិញ  ដែលធ្វើឱ្យគ្រូមានអារម្មណ៍ថាភ័យខ្លាច រារែក និងលែងហ៊ានប្រដៅសិស្សទៀត ដោយសារខ្លាចមានរឿងដល់ខ្លួន  ព្រោះធ្លាប់មានករណីជាច្រើនដែលមានការខឹង ស្អប់គ្រូ ព្រោះត្រឹមគោលបំណងគ្រូចង់អោយសិស្សល្អ និង មានវិន័យ សីលធម៌តែប៉ុណ្ណោះ ។



៧. ការរំពឹងទុកហួសហេតុពីការពិត និងការប្រៀបធៀបកូន

 

កុមារម្នាក់ៗមានល្បឿននៃការរៀនសូត្រ និងសមត្ថភាពខុសៗគ្នា មិនដូចគ្នានោះទេ។ ប៉ុន្តែអាណាព្យាបាលខ្លះតែងតែរំពឹងថាកូនខ្លួនត្រូវតែពូកែ ហើយទទួលបានលេខ ១ ជានិច្ច។ នៅពេលកូនធ្វើមិនបាន ពួកគាត់ក៏ចាប់ផ្តើមប្រៀបធៀបកូនខ្លួនជាមួយកូនអ្នកដទៃ ហើយទម្លាក់សម្ពាធនោះមកលើគ្រូទាំងអស់តែម្តង។ ការរស់នៅក្រោមការរំពឹងទុកមិនស្របតាមការពិតបែបនេះ បានធ្វើឱ្យគ្រូបង្រៀនជាច្រើនប្រឈមនឹងជំងឺបាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ព្រោះអ្នកមួយចំនួនប្រហែលមិនថា​ គ្រូមិនមែនមានតួនាទីបង្រៀនមួយមុខនោះទេ  ពួកគាត់មានទាំងការងាររដ្ឋបាលជាច្រើនលើសលុប ការងារតាមដានការសិក្សាសិស្សជាប្រចាំ  ព្រមទាំងមានការប្រជុំជាច្រើន ដល់ថ្នាក់ពេលខ្លះរកពេលសម្រាកញុំាបាយស្រួលបួលមិនបានផង នៅមានការងារជាច្រើនទៀតដែលអ្នកមិនដឹង។

 

គ្រូបង្រៀនមិនមែនជាអ្នកចេះជប់អីបានតាមចិត្តនោះទេ ព្រោះការអប់រំដែលទទួលបានជោគជ័យពិតប្រាកដ មិនមែនកើតចេញពីការទាមទារ ឬការចោទប្រកាន់នោះទេ ប៉ុន្តែវាកើតចេញពីកិច្ចសហការ និងការយល់ចិត្តគ្នាទៅវិញទៅមក

មុននឹងនិយាយពាក្យថា កូនខ្ញុំមិនចេះ មកពីគ្រូមិនកើត ឬរិះគន់ថាសាលានេះមិនល្អ សាលានោះមិនកើត សូមអាណាព្យាបាលគ្រប់រូបសាកល្បងបើកចិត្តឱ្យទូលាយ ពិនិត្យមើលការអប់រំកូននៅតាមផ្ទះ ព្យាយាមយល់ពីសម្ពាធរបស់គ្រូ ហើយចាប់ដៃគ្នាទៅលើការអប់រំ ដើម្បីអោយអនាគតកូនៗភ្លឺស្វាងទាំងអស់គ្នា!

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia