សៀមរាប, កម្ពុជា, ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៥ – បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល ៩ ឆ្នាំ មកនេះ មូលនិធិព្រូដិន (Prudence Foundation) ដែលជាមូលនិធិ សប្បុរសធម៌ និងសហគមន៍ របស់ក្រុមហ៊ុនព្រូដិនសលនៅអាស៊ី និង អាហ្រ្វិច តាមរយៈក្រុមហ៊ុន ព្រូដិនសល កម្ពុជា (Prudential Cambodia) និង អង្គការផ្លេនអន្តរជាតិកម្ពុជា (Plan International Cambodia) បានប្រកាសបញ្ចប់នូវគម្រោង "ការលើកកម្ពស់គំនិតផ្តួចផ្តើមសាលារៀនមានសុវត្ថិភាពនៅកម្ពុជា" រយៈពេលវែង ដោយជោគជ័យនៅថ្ងៃនេះ។
ដំណាក់កាលចុងក្រោយនេះ (ដំណាក់កាលទី ៣) បានឈានដល់សមិទ្ធផលដ៏ធំមួយគឺ៖ ការប្រគល់ជូនជាផ្លូវការនូវ "សាលារៀនមានសុវត្ថិភាព" ថ្មីចំនួន ៣៦ សាលា នៅក្នុងខេត្តសៀមរាប និងរតនៈគិរី ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កាលពីថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២៥។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដោយមានអ្នកចូលរួមជាង ១០០ នាក់។
គម្រោងនេះត្រូវបានផ្តល់មូលនិធិដោយមូលនិធិព្រូដិន និងអង្គការផ្លេនអន្តរជាតិហុងកុង សហការជាមួយនឹងដៃគូអនុវត្តន៍ដូចជា ក្រសួងអប់រំ យុវជន និងកីឡា អង្គការផ្លេនអន្តរជាតិកម្ពុជា និងមូលនិធិសិទ្ធិកុមារ។ គម្រោងនេះត្រូវបានបញ្ចប់ដោយមាន សាលារៀនរដ្ឋសរុបចំនួន ៩៦ សាលា ក្នុងខេត្តរតនគិរី សៀមរាប និងស្ទឹងត្រែង ដែលត្រូវបានកំណត់ជាផ្លូវការថាជាបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងភាពធន់ជាងមុន ដែលបានផ្តល់ផលជៈជាវិជ្ជមានសរុបចំនួន ៧៤,៨៦៩ នាក់ ក្នុងដំណាក់កាលទាំងបី។
ការប្រគល់នេះ គឺជាការបញ្ចប់ដោយជោគជ័យនៃគំនិតផ្តួចផ្តើម ដែលបានផ្តោតលើការ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពរយៈពេលវែង ដើម្បីកសាងភាពធន់របស់សាលារៀន តាមរយៈការបង្កើនការសហការ និងការគាំទ្រពីទីភ្នាក់ងាររដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។
ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា “និយ័តករធានារ៉ាបរងកម្ពុជា ផ្ដោតសំខាន់ លើការធានា និងជួយគាំទ្រឱ្យវិស័យធានារ៉ាប់រង មានភាពរីកចំរើន ប្រកបដោយចីរភាព និងមានការទទួលខុសត្រូវខ្ពស់រួមគ្នាក្នុងការអភិវឌ្ឍសហគមន៍ដែលខ្លួនកំពុងដំណើរការអាជីវកម្ម។ ខ្ញុំសូមចូលរួម អបអរសារទ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុនព្រូដិនសល កម្ពុជា ក៏ដូចជាមូលនិធិព្រូដិនស៍ និងដៃគូនានា ដែលបានចូលរួមអនុវត្តលើកកម្ពស់ ពង្រឹងចំណេះដឹងលើការអនុវត្តក្របខណ្ឌសាលារៀនសុវត្ថិភាព និងសម្របសម្រួលផ្ទេរសមិទ្ធផលដើម្បីបន្តនិរន្តរភាពនៃគម្រោងនេះ”។
លោក ពន្លឺ តុលា នាយកប្រតិបត្តិក្រុមហ៊ុន ព្រូដិនសល កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បានមានប្រសាសន៍ថា៖ "ខ្ញុំរំភើបណាស់ដែលបានឃើញផលប៉ះពាល់ពិតប្រាកដនៃកម្មវិធីសាលារៀនមានសុវត្ថិភាពនេះ។ កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងបានបង្កើតបរិយាកាសសិក្សាដែលមានសុវត្ថិភាពជាងមុន ដែលផ្តល់សិទ្ធអំណាចដល់សិស្សានុសិស្ស និងសហគមន៍ឱ្យមានការរីកចម្រើន។ ការឃើញសាលារៀនដែលធ្លាប់តែងាយរងគ្រោះ ក្លាយទៅជាកន្លែងដែលមានសុវត្ថិភាព ក្នុងការគាំទ្រការសិក្សាដល់សិស្សានុសិស្សបែបនេះ បានបង្ហាញពីសមិទ្ធផលនៃកិច្ចសហការ និងការចូលរួមពីសហគមន៍យ៉ាងពិតប្រាកដ។ យើងមានមោទនភាពដែលបានឈរជាមួយដៃគូ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រួសាររបស់យើង ក្នុងការកសាងអនាគតដ៏ភ្លឺស្វាង និងមានភាពធន់ជាងមុន សម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា"។
ដំណាក់កាលទី ១ នៃគំនិតផ្តួចផ្តើមសាលារៀនមានសុវត្ថិភាព ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៦ បានត្រួសត្រាយផ្លូវសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងសុវត្ថិភាពសាលារៀននៅខេត្តស្ទឹងត្រែង តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀន សិស្សានុសិស្ស និងអាជ្ញាធរមូលដ្ឋាន។ ដំណាក់កាលទី ២ ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ បានពង្រីកកិច្ចខិតខំប្រឹងប្រែងទាំងនេះទៅកាន់សាលារៀនជាច្រើនទៀតនៅរតនគិរី និងសៀមរាប ពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយ និងការសម្របខ្លួនទៅនឹងអាកាសធាតុ។ រួមគ្នា ដំណាក់កាលទាំងពីរនេះបានផ្តល់អត្ថប្រយោជន៍ដល់សាលាបឋមសិក្សាចំនួន ៦០ និងកុមាររាប់ពាន់នាក់ ដោយបានបង្កើតជាគំរូសម្រាប់បរិស្ថានសិក្សាដែលមានសុវត្ថិភាព និងភាពធន់ ដែលកំពុងត្រូវបានពង្រីកនៅក្នុងដំណាក់កាលទី ៣។
ការកសាងបន្តលើភាពជោគជ័យនៃដំណាក់កាលទាំងពីរ ដំណាក់កាលទី ៣ នៃគំនិតផ្តួចផ្តើមលើកកម្ពស់សាលារៀនដែលមានសុវត្ថិភាពនេះ បានពង្រឹងចំណេះដឹងរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ អំពីការត្រៀមបង្ការ និងការបង្ការគ្រោះមហន្តរាយ ដោយជួយឲ្យពួកគេមានភាពធន់នឹងអាកាសធាតុ។
លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសនៃអង្គការផ្លេនអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា មុនពេលអនុវត្តគម្រោង កុមារភាគច្រើនធ្លាប់អវត្តមានពីសាលារៀន ជាពិសេសអំឡុងរដូវវស្សា។ លោកបានពន្យល់ថា៖ "សាលារៀនតែងតែជន់លិច ជួបនឹងព្យុះត្រូពិចនានា និង មានអគារទ្រុឌទ្រោម ដូច្នេះសិស្សមិនអាចមករៀនទៀងទាត់បានទេ។ លើសពីនេះ សាលារៀនភាគច្រើននៅក្នុងតំបន់គោលដៅរបស់យើងមិនមានសុវត្ថិភាពសម្រាប់សិស្សទេ គឺគ្មានរបង ដំបូលសាលាមិនរឹងមាំ និងមានមែកឈើងាប់ៗជាច្រើន"។
ដោយមានការគាំទ្រពីសហគមន៍ និងអាជ្ញាធរមូលដ្ឋាន សាលារៀនទាំងនេះបច្ចុប្បន្នគឺជាសាលាគំរូនៃសាលារៀនសុវត្ថិភាព។ សាលារៀនទាំងអស់បានបង្កើតផែនការនិរន្តរភាព និងឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពពីរដងក្នុងមួយឆ្នាំ ដើម្បីធានាបាននូវវឌ្ឍនភាពបន្ត។ លោក គឹមថាន បានបន្ថែមថា៖ "គំនិតផ្តួចផ្តើមនេះបានធ្វើឱ្យស្ថានភាពសាលារៀនមានភាពប្រសើរឡើងយ៉ាងខ្លាំង និងបានបង្កើតគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធានាបាននូវភាពជោគជ័យរយៈពេលវែងរបស់ខ្លួន។ សុវត្ថិភាពរបស់កុមារគឺជាអាធិភាពចម្បងរបស់យើង។ ដោយការរួមគ្នា យើងកំពុងធ្វើឱ្យសាលារៀនមានសុវត្ថិភាព សហគមន៍រឹងមាំ និង មានភាពធន់ជាងមុន"។
គោលគំនិត «សាលារៀនមានសុវត្ថិភាព» ជាគំនិតសំខាន់សម្រាប់ការផ្តល់នូវបរិស្ថានសិក្សាមួយដែលធានាសុវត្ថិភាពរបស់សិស្សានុសិស្ស និងផ្តល់ឱកាសពេញលេញដល់ពួកគេសម្រាប់ការសិក្សាដោយគ្មានការរំខាន។ រាល់គំនិតផ្តួចផ្តើមសាលារៀនមានសុវត្ថិភាពទាំងអស់ អនុវត្តតាម «ក្របខ័ណ្ឌសុវត្ថិភាពសាលារៀនដ៏ទូលំទូលាយ» (Comprehensive School Safety - CSS)។ ក្របខណ្ឌ នេះគាំទ្រដល់សាលារៀន ការគ្រប់គ្រងថ្នាក់ គ្រូបង្រៀន សិស្សានុសិស្ស សហគមន៍ និងភាគីពាក់ព័ន្ធទាំងអស់ឲ្យធ្វើការរួមគ្នាដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយពីគ្រប់គ្រោះថ្នាក់ទាំងអស់ (ដែលបណ្តាលមកពីធម្មជាតិ ឬមនុស្ស) ធានានូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព បង្កើតយន្តការគ្រប់គ្រងគ្រោះមហន្តរាយឲ្យបានច្បាស់លាស់ និងធ្វើសមាហរណកម្មការអប់រំស្តីពីការកាត់បន្ថយហានិភ័យ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
លោកស្រី Nicole Ngeow នាយកប្រតិបត្តិនៃមូលនិធិព្រូដិន បានមានប្រសាសន៍ថា៖ "កម្មវិធីសាលារៀនមានសុវត្ថិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងភាពធន់នៅទូទាំងតំបន់របស់មូលនិធិព្រូដិន ។ យើងពិតជាដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការយូរអង្វែងជាមួយដៃគូរបស់យើង ដែលការប្តេជ្ញាចិត្តរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំនៅកម្ពុជា ដែលបានជួយការពារកុមាររាប់ពាន់នាក់ដែលទៅសាលារៀន និងបានបញ្ចូលការត្រៀមលក្ខណៈសម្រាប់គ្រោះមហន្តរាយទៅក្នុងការអប់រំរបស់ពួកគេ"។
ការអនុវត្តក្របខ័ណ្ឌសុវត្ថិភាពសាលារៀនដ៏ទូលំទូលាយ (CSS) ផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសការយល់ដឹង និងកិច្ចសហប្រតិបត្តិការដែលបានកើនឡើងរវាងភាគីពាក់ព័ន្ធទាំងអស់។ សមិទ្ធផលទាំងនេះត្រូវបានមើលឃើញថាជាលទ្ធផលនៃកិច្ចសហការល្អ និងការអនុវត្តនូវការអនុវត្តល្អៗ។ ការគាំទ្រពីអង្គការដៃគូ ផ្នែកឯកជន និងសហគមន៍បានពង្រឹងការប្តេជ្ញាចិត្តរបស់សាលារៀនចំពោះក្របខ័ណ្ឌនេះ ដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រ និងក្របខ័ណ្ឌគោលនយោបាយរបស់វិស័យអប់រំ។
លោកស្រី ម៉ៅ តាន់ណាវី អនុប្រធានការិយាល័យនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងជាមន្ត្រីសម្របសម្រួលសម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ការអនុវត្តក្របខ័ណ្ឌសាលារៀនមានសុវត្ថិភាពគឺស្របគ្នា និងឆ្លើយតបទៅនឹងក្របខ័ណ្ឌថ្នាក់ជាតិ និងតំបន់សំខាន់ៗមួយចំនួន៖
គោលនយោបាយជាតិ៖ រួមមាន គោលនយោបាយសាលាមិត្តភាពកុមារ គោលនយោបាយគាំពារកុមារ ផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងផែនការជាតិដែលពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
និងក្របខ័ណ្ឌថ្នាក់តំបន់ និងសកល៖ ឆ្លើយតបទៅនឹងក្របខ័ណ្ឌសេនដាយ ឆ្នាំ២០១៥-២០៣០ ក្របខ័ណ្ឌសុវត្ថិភាពសាលារៀនដ៏ទូលំទូលាយ ឆ្នាំ២០២២-២០៣០ និងច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០១៥»។
គម្រោងនេះក៏បានជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងតំបន់ផងដែរ ដោយការតម្រឹមខ្លួនជាមួយក្របខណ្ឌសាលារៀនមានសុវត្ថិភាពទូលំទូលាយ ដែលអនុញ្ញាតឲ្យកម្ពុជាអាច ចែករំលែកបទពិសោធន៍ជោគជ័យ និងរៀនសូត្រពីប្រទេសដទៃ។
អំពីមូលនិធិព្រូដិនស៍
មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ នៅហុងកុង គឺជាផ្នែកវិនិយោគសហគមន៍ និងសប្បុរសធម៌របស់ក្រុមហ៊ុន Prudential plc។ មូលនិធិនេះកសាងសុខុមាលភាពហិរញ្ញវត្ថុ ភាពធន់នឹងអាកាសធាតុ និងសុខភាពសម្រាប់សហគមន៍អាស៊ី និងអាហ្រ្វិកដែលខ្វះខាត។ យើងប្តេជ្ញាចំពោះដំណោះស្រាយប្រកបដោយនិរន្តរភាព និងរយៈពេលវែង ដែលផ្តល់សិទ្ធិអំណាចដល់បុគ្គល និងសហគមន៍ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការយល់ដឹង ទទួលបានផលិតផលហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ព្រមទាំងមានការត្រៀមលក្ខណៈ និងការការពារកាន់តែប្រសើរប្រឆាំងនឹងហានិភ័យសុខភាពដែលទាក់ទងនឹងអាកាសធាតុ។ យើងចូលរួមយ៉ាងសកម្មក្នុងភាពជាដៃគូសាធារណៈ-ឯកជន សហការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍ និងអង្គភាពឯកជនដទៃទៀត ដើម្បីកសាងកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់បំលាស់ប្តូរយូរអង្វែង។ រហូតមកដល់បច្ចុប្បន្ន កម្មវិធីរបស់យើងត្រូវបានអនុវត្តនៅទូទាំងទីផ្សារចំនួន ១៦ ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដោយទៅដល់មនុស្សរាប់លាននាក់។
អំពីក្រុមហ៊ុនព្រូដិនសល កម្ពុជា
ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០១៣ មក ក្រុមហ៊ុន ព្រូដិនសល កម្ពុជា បានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតធំមួយនៅក្នុងប្រទេស។ ក្រុមហ៊ុនបានផ្តល់ការការពារហិរញ្ញវត្ថុដល់អតិថិជនជាង ៥០០.០០០ នាក់ ហើយបានអនុម័តសំណងទូទាត់ជាង ៣០,៨ លានដុល្លារអាមេរិក គិតត្រឹមខែតុលា ឆ្នាំ ២០២៥។
អំពីអង្គការផ្លេនអន្តរជាតិកម្ពុជា
អង្គការផ្លេនអន្តរជាតិ គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌ឯករាជ្យមួយ ដែលធ្វើការដើម្បីជំរុញសិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។យើងជឿជាក់លើថាមពល និងសក្តានុពលរបស់កុមារគ្រប់រូប ប៉ុន្តែយើងដឹងថា សក្តានុពលនេះតែងតែត្រូវបានរារាំងដោយភាពក្រីក្រ អំពើហិង្សា ការបែងចែក និងការរើសអើង។ ហើយក្នុងចំណោមបញ្ហាទាំងអស់នេះ ក្មេងស្រីគឺងាយរងផលប៉ះពាល់ជាងគេ។ យើងធ្វើការជាមួយកុមារ យុវជន អ្នកគាំទ្រ និងដៃគូ ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលមានយុត្តិធម៌ ដោយដោះស្រាយមូលហេតុឫសគល់នៃបញ្ហាដែលក្មេងស្រី និងកុមារងាយរងគ្រោះប្រឈមមុខ។
យើងគាំទ្រសិទ្ធិកុមារតាំងពីកំណើតរហូតដល់ពេញវ័យ ហើយយើងជួយកុមារឲ្យត្រៀមលក្ខណៈ និងឆ្លើយតបទៅនឹងវិបត្តិ និងទុក្ខលំបាក។ យើងជំរុញការផ្លាស់ប្តូរទាំងការអនុវត្ត និងគោលនយោបាយនៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់សកល ដោយប្រើប្រាស់បទពិសោធន៍ និងចំណេះដឹងរបស់យើង។
អស់រយៈពេលជាង ៨៥ ឆ្នាំមកហើយ យើងបានធ្វើការជាមួយអ្នកដែលតស៊ូដូចគ្នា ដើម្បីផ្លាស់ប្តូរជីវិតកុមារទាំងអស់នៅក្នុងប្រទេសជាង ៨០។ យើងនឹងមិនឈប់ទេ រហូតដល់យើងទាំងអស់គ្នាមានសមភាព។
________________________________________
ព័ត៌មានបន្ថែម
• សម្រាប់ព័ត៌មានបន្ថែមអំពី មូលនិធិព្រូដិន (Prudence Foundation)៖ www.prudencefoundation.com
• សម្រាប់ព័ត៌មានបន្ថែមអំពី ក្រុមហ៊ុន ព្រូដិនសល កម្ពុជា៖ www.prudential.com.kh
________________________________________
ព័ត៌មានសម្រាប់ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ
កញ្ញា ស ស្រ៊ុនធីលីកា អ្នកគ្រប់គ្រងផ្នែកម៉ាកយីហោ និងទំនាក់ទំនង ក្រុមហ៊ុនព្រូដិនសល កម្ពុជា
Srunthylika.Sor@prudential.com.kh
លោក ម៉ម មុនីទេព មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ អង្គការផ្លេនអន្តរជាតិកម្ពុជា
monytep.mam@plan-international.org