អ្នកប្រហែលជាធ្លាប់ឃើញវត្តមាន The Rock សម្តែងនៅក្នុងរឿងហូលីវូល្បីៗជាច្រើន ប៉ុន្តែតើអ្នកដឹងទេថាបុរសម្នាក់នេះមានប្រភពមកពីណា? ខុសគ្នាពីតារាសម្តែងផ្សេងទៀត លោកមិនមែនកើតលើគំនរទ្រព្យសម្បត្តិទេ កាលពីអាយុ២៣ឆ្នាំសល់លុយត្រឹម៧ដុល្លារប៉ុណ្ណោះក្នុងកាបូប មុនជោគជ័យដូចថ្ងៃនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Insider តារាសម្តែង The Rock មានឈ្មោះពិតថា Dwayne Johnson កើតនៅរដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ១៩៧២ ជាកូនប្រុសរបស់កីឡាករចំបាប់ Rocky Johnson ហើយគ្រួសារមួយនេះបានផ្លាស់ទីលំនៅជាញឹកញាប់។ ដោយសារតែទេពកោសល្យផ្នែកបាល់ទាត់ Johnson ធំធាត់ឡើងដោយទទួលបានអាហារូបករណ៍ចូលរៀននៅសាលកវិទ្យាល័យ Miami ដែលជាសាលាបាល់ទាត់កំពូលមួយរបស់អាមេរិក និងបានក្លាយជាកីឡាករឆ្នើមប្រចាំក្រុម Miami Hurricanes ថែមទាំងបានជួយក្រុមឱ្យឈ្នះជើងឯកជាតិទៀតផង។
ប៉ុន្តែជាអកុសល ក្នុងការប្រកួតភាគច្រើនតែងធ្វើឲ្យ Johnson រងរបួសម្តងហើយម្តងទៀតរហូតការលេងរបស់លោកធ្លាក់ចុះខ្លាំង។ ហើយអ្វីដែលគួរឲ្យឈឺចាប់យុវជនកម្សត់រូបនេះត្រូវបានគេបណ្តេញចេញពីក្រុមក្នុងឆ្នាំ១៩៩៥ ដែលជាពេលវេលាលោកបាក់ទឹកចិត្តបំផុត។ ជាមួយគ្នានេះ កាលពីឆ្នាំ២០២១កន្លងទៅថ្មីៗនេះលោកបានផុសនៅក្នុងគណនី Twitter រំលឹកទៅកាន់គ្រាដ៏លំបាកបំផុតនោះថា៖ «ក្នុងឆ្នាំ១៩៩៥ ខ្ញុំមានលុយតែ៧ដុល្លារប៉ុណ្ណោះក្នុងកាបូប ហើយខ្ញុំដឹងរឿងពីរគត់ ទីមួយខ្ញុំធ្លាក់នរកហើយ ទីពីរថ្ងៃមួយខ្ញុំនឹងមិនឲ្យរឿងនេះកើតឡើងម្តងទៀតឡើយ»។
ក្នុងឆ្នាំ១៩៩៦ Johnson បានសម្រេចចិត្តធ្វើជាកីឡាករបោកចំបាប់ដោយដើរតាមគន្លងរបស់ឪពុកលោក។ លោកអភិវឌ្ឍខ្លួនលេចធ្លោរយ៉ាងឆាប់រហ័ស ដោយសារតែសមត្ថភាពពីធម្មជាតិនៅក្នុងសង្វៀន និងភាពទាក់ទាញនៃបុគ្គលិកលក្ខណៈរបស់លោក និងបានឈ្នះជើងឯក WWF លើកដំបូងរបស់គាត់នៅឆ្នាំ១៩៩៨។
ក្នុងឆ្នាំ២០០៤ Johnson បានចាកចេញពីកីឡាចំបាប់ជាផ្លូវការដើម្បីសាកល្បងក្នុងការសម្ដែង។ ប៉ុន្មានឆ្នាំក្រោយមក លោកបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗដូចជា The Game Plan, Tooth Fairy, Hercules, San Andreas និង Rampage ។ លោកបានក្លាយជាតារាដ៏ធំបំផុតម្នាក់របស់ហូលីវូដ ជាមួយនឹងតួនាទីជាតួឯកក្នុងរឿងសិទ្ធិផ្តាច់មុខជាច្រើនដូចជា Fast & Furious ជាដើម។ បច្ចុប្បន្នលោកគឺជាតារាសម្តែងលំដាប់ហូលីវូដ ជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់របស់សហរដ្ឋអាមេរិក និងមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៧០លានដុល្លារគិតត្រឹមឆ្នាំ២០២៣ ចេញផ្សាយដោយទស្សនាវដ្តី Forbes៕