ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្ដរជាតិរបស់អ្នកឧកញ៉ា គិត ម៉េង បានប្រកាសពីការនាំយកយីហោសណ្ឋាគារលំដាប់ផ្កាយ ៦ The Ritz-Carlton របស់ក្រុមហ៊ុន Marriott International មកកាន់ប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសរបស់ រ៉ូយ៉ាល់គ្រុប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា «ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អន្តរជាតិ មានមោទនភាពក្នុងការប្រកាសពីការមកដល់នៃម៉ាកយីហោប្រណីតល្បីល្បាញលំដាប់ថ្នាក់ពិភពលោក The Ritz-Carlton នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងទីតាំងសំខាន់នៅក្នុងរាជធានីភ្នំពេញ។ ដោយមានភាពជាដៃគូជាមួយ Marriott International គម្រោងនេះបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុនក្នុងការបង្កើតស្នាដៃថ្មីៗលើសពីការរំពឹងទុក លើកកម្ពស់ស្តង់ដានៃប្រណីតភាព និងភាពល្អឥតខ្ចោះ នៅក្នុងប្រទេសកម្ពុជា»។
ក្នុងនោះដែរអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានមានប្រសាសន៍ថា ៖ "យើងមានក្ដីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសអំពីការបើកដំណើរការ The Ritz-Carlton Phnom_Penh ដែលជាគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យដែលតំណាងឱ្យចក្ខុវិស័យ របស់យើងក្នុងការស្វែងរកឱកាសថ្មីៗ និងបង្កើនស្តង់ដាក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក។ ការអភិវឌ្ឍដ៏ល្អឥតខ្ចោះនេះមិនត្រឹមតែលើកស្ទួយវិស័យបដិសណ្ឋារកិច្ចនិងអចលនទ្រព្យនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍ដ៏ប្រណីតមិនគួរឱ្យជឿដល់អតិថិជនផងដែរ។ យើងប្តេជ្ញាក្នុងការផ្តល់នូវភាពល្អឥតខ្ចោះលើគ្រប់វិស័យ ដោយធានាថា The Ritz-Carlton Phnom Penh នឹងក្លាយជានិមិត្តសញ្ញាដ៏មានភាពលេចធ្លោនៅក្នុងតំបន់។"
សូមជម្រាបថា ការអភិវឌ្ឍអចលនទ្រព្យនេះ គឺស្ថិតនៅលើបណ្ដោយមហាវិថីព្រះនរោត្តម និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបែបពហុអគារដែលមាន សណ្ឋាគារ លំនៅឋាន និងការិយាល័យ។ ទាំងនេះនឹងក្លាយជាបទពិសោធន៍ថ្មីស្រឡាង នៅលើមហាវិថីនៃទីក្រុងភ្នំពេញ៕