ទូរស័ព្ទiPhone 15 ស៊េរីរបស់ក្រុមហ៊ុនផ្លែប៉ោមឆែម Apple ទើបតែប្រកាសចេញក្ដៅៗកាលពីយប់មិញ ដោយមិនឃើញការផ្លាស់ប្ដូររូបរាងប្លែកគួរឲ្យកត់សម្គាល់នោះទេ ប៉ុន្ដែមានការផ្លាស់ប្ដូរមួយដែលគួរឲ្យចាប់អារម្មណ៍នោះគឺApple បានសម្រេចចិត្តប្ដូររន្ធសាកថ្មប្រភេទLightning មកជារន្ធសាកថ្ម USB-C ដូចពពួកទូរស័ព្ទ Android ទូទៅដែរ។
ការប្ដូរមកប្រើរន្ធសាកថ្ម USB-C នេះគឺជាក្ដីស្រមៃដែលអ្នកគាំទ្រផ្កាប់មុខរបស់Apple ចង់បានជាយូរមកហើយព្រោះរន្ធសាកថ្មប្រភេទនេះត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយជាសកលនៅលើឧបករណ៍អេឡិចត្រូនិចជាច្រើនសូម្បីតែកុំព្យូទ័រMacBook និងiPad របស់Apple ក៏ប្រើរន្ធសាកថ្មីUSB-Cនេះដែរ។
តាមពិតទៅក្រុមហ៊ុនApple មិនចង់ប្ដូររន្ធសាកថ្មមកប្រភេទ USB-C ប៉ុន្មាននោះទេប៉ុន្ដែបើយោងតាមសម្ដីរបស់លោក Greg Joswiak អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃក្រុមហ៊ុនApple បានិយាយថា” យើងគ្មានជម្រើសរើសទេ ដូច្នេះយើងត្រូវតែប្ដូរ”។
មូលហេតុធំដែលធ្វើឲ្យក្រុមហ៊ុន Apple ត្រូវបង្ខំចិត្តប្ដូរន្ធសាកថ្មមកប្រភេទ USB-C គឺដោយសារតែច្បាប់របស់សហភាពអឺរ៉ុបបានចែងយ៉ាងច្បាស់ថាគ្រប់ទូរស័ព្ទទំាំងអស់ត្រូវតែប្រើរន្ធសាកថ្មប្រភេទ USB-C នៅត្រឹមឆ្នាំ២០២៤ខាងមុខនេះព្រោះរន្ធសាកថ្មប្រភេទនេះគឺជាស្ដង់ដាររបស់អឺរ៉ុប។
ទោះចង់មិនចង់ក្រុមហ៊ុន Apple ត្រូវតែប្ដូរមកប្រើរន្ធសាកថ្មUSB-C បើមិនដូច្នេះទេក្រុមហ៊ុនអាមេរិកមួយនេះនឹងបាត់បង់ទីផ្សារកើបលុយធំនៅទីផ្សារអឺរ៉ុបខណៈសហភាពអឺរ៉ុបបានចេញច្បាប់កំណត់រួចហើយថាទូរស័ព្ទទាំងអស់ត្រូវមានប្រភេទរន្ធសាកថ្មតែមួយគឺ ប្រភេទUSB-C នេះឯង។
មួយវិញទៀតការប្ដូរមកប្រើUSB-C ក៏អាចនឹងទាញfan ទូរស័ព្ទ Anroid ឲ្យងាកមកចាប់អារម្មណ៍លើទូស័ព្ទiPhone ផងដែរ។ សម្រាប់អ្នកដែលជាFan ផ្កាប់មុខApple មួយចំនួនប្រហែលជាមិនទាន់ដឹងទេថារន្ធសាកថ្ម USB-C នេះល្អជាងរន្ធសាកថ្មLightning ឆ្ងាយព្រោះUSB-C អាចសាកថ្មបានលឿនហើយអាចបញ្ជូនទិន្នន័យនិងឯកសារចេញនិងចូលទូរស័ព្ទបានឆាប់រហ័សផងដែរ៕