បងប្អូនមួយចំនួនប្រហែលជាគិតថារដ្ឋបោះផ្សាយក្រកដាសប្រាក់ថ្មីអាចដោយសារតែរដ្ឋាភិបាលខ្វះលុយសម្រាប់ផ្គត់ផ្គង់ក្នុងចរន្តសេដ្ឋ។ ប៉ុន្ដែយ៉ាងណាមិញ ការបោះពុម្ពក្រដាសប្រាក់ថ្មីរបស់រដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជាមិនមែនមានន័យថារដ្ឋខ្វះលុយនោះទេ។
ខាងក្រោមនេះគឺជាហេតុផលធំៗ៣ដែលរដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជាបោះពុម្ពក្រដាសប្រាក់ថ្មីឲ្យប្រើប្រាស់ក្នុងចរន្តសេដ្ឋកិច្ច៖
១. ក្រដាសប្រាក់ចាស់ៗ ទក់ឬរហែក
នៅពេលដែលក្រដាសប្រាក់ចាស់ៗខូចគុណភាពដូចជាមានសភាពចាស់ ទក់ ឬរហូតដែលសភាពរបស់វាងមិនអាចប្រើប្រាស់បន្តទៀតបាននោះ រដ្ឋាភិបាលតាមរយៈធនាគារជាតិនៃកម្ពុជានឹងធ្វើការបោះពុម្ពក្រដាសប្រាក់ថ្មីដើម្បីមកជំនួសក្រដាសប្រាក់ចាស់ៗដែលខូចគុណភាពនោះ។
២. ពេលមនុស្សមានតម្រូវការសាច់ប្រាក់ច្រើនជាងធម្មតា
យើងដឹងថាពេលបុណ្យធំៗដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរមានតម្រូវការលុយរៀលខ្មែរសម្រាប់ចាយវាយអំឡុងពេលបុណ្យធំៗ។ ដោយសារតម្រូវការលុយរៀលច្រើនពេលខ្លះ ដូច្នេះហើយក្រដាសប្រាក់ថ្មីត្រូវបានបោះពុម្ពដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការលុយដែលច្រើនខុសធម្មតានេះ។
៣. លុយផ្លាស់ប្ដូរទម្រង់មិនបានបង្កើតថ្មីទេ
ត្រង់នេះឧទាហរណ៍បើអ្នកមានលុយ៤០ម៉ឺនរៀលនៅក្នុងគណនីធនាគារ ហើយអ្នកបានដកប្រាក់ពីគណនីរបស់អ្នកចំនួន១០ម៉ឺន នោះលុយនៅក្នុងគណនីធនាគារថយចុះមកសល់តែ៣០ម៉ឺនរៀល។ ដូច្នេះលុយគ្រាន់តែប្ដូរទម្រង់ពីលុយក្នុងគណនីធនាគារមកជាសាច់ប្រាក់នៅខាងក្រៅវិញ។
គួរបញ្ជាក់ផងដែរថាការបោះពុម្ពក្រដាសប្រាក់នេះមិនមែនចេះតែនឹកឃើញបោះពុម្ពឡើយពោលគឺធនាគារកណ្ដាលមានគោលនយោបាយហិរញ្ញវត្ថុច្បាស់លាស់ក្នុងការគ្រប់គ្រងលើការផ្គត់ផ្គង់សាច់ប្រាក់នៅក្នុងចរន្តសេដ្ឋកិច្ច។ ត្រង់នេះប្រសិនបើលុយត្រូវបានបោះពុម្ពច្រើនពេកលើសពីការផ្គត់ផ្គង់ទំនិញនោះនឹងធ្វើឲ្យតម្លៃទំនិញកាន់តែឡើងថ្លៃដែលបណ្ដាយឲ្យអតិផរណាកើនឡើងកាន់តែខ្លាំង។ កាលណាអតិផរណាកាន់តែកើនឡើង ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនព្រោះទំនិញនិងសេវាកម្មលើទីផ្សារកាន់តែឡើងថ្ងៃធ្វើឲ្យយើងទិញទំនិញបានកាន់តែតិចជាងមុនហើយក៏ត្រូវតែរកលុយបានច្រើនជាងមុនដើម្បីទិញទំនិញក្នុងបរិមាណដដែលនោះ៕


