នៅពេលអ្នកខ្ចីលុយធនាគារ ពេលមានប្រាក់បង់ផ្ដាច់មិនមែនចេះតែបង់ផ្ដាច់នោះទេព្រោះពេលខ្លះមានលុយបង់ផ្ដាច់មុនពេលកំណត់តែបែរជាត្រូវធនាគារពិន័យអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ដោយសារតែយើងមិនបានដឹងនូវលក្ខខណ្ឌមួយចំនួនពេលខ្ចីលុយ។
ខាងក្រោមនេះគឺជារឿងធំៗចំនួន៣ដែលអ្នកត្រូវដឹង ចៀសវាងមានលុយបង់ផ្ដាច់ហើយតែបែរជាធនាគារពិន័យទៅវិញ។
១. លក្ខខណ្ឌកំណត់ដោយធនាគារ៖
ធនាគារនីមួយៗមានគោលការណ៍រៀងៗខ្លួន ហើយជាទូទៅពួកគេតែងតែកំណត់ រយៈពេលជាប់កិច្ចសន្យា (Lock-in Period) ជាមធ្យមពី ១ ទៅ ៣ឆ្នាំប្រសិនបើអ្នកស្នើសុំបង់ផ្ដាច់មុនកាលកំណត់ក្នុងអំឡុងពេលនេះ ធនាគារអាចនឹងតម្រូវឱ្យអ្នកបង់ កម្រៃសងមុនកាលកំណត់ (Early Repayment Fee/Prepayment Fee) ដែលអាចមានទំហំរហូតដល់ ៣% នៃប្រាក់ដើមដែលនៅសល់។
២. មិនមែនស្វ័យប្រវត្តិ
ទោះបីជាអ្នកបង់ផ្ដាច់ក្រោយរយៈពេល២ឆ្នាំក៏ដោយ មិនមែនមានន័យថាការផាកពិន័យត្រូវបានលុបចោលដោយស្វ័យប្រវត្តិឡើយ ប្រសិនបើរយៈពេលជាប់កិច្ចសន្យាក្នុងកិច្ចសន្យាប្រាក់កម្ចីរបស់អ្នកមានរយៈពេលលើសពី២ឆ្នាំ នោះអ្នកនៅតែអាចរងការពិន័យដដែល។
៣. ត្រូវជូនដំណឹងជាមុន
ប្រសិនបើអ្នកចង់បង់ផ្ដាច់ ធនាគារភាគច្រើនតម្រូវឱ្យអ្នកជូនដំណឹងជាលាយលក្ខណ៍អក្សរយ៉ាងហោចណាស់ ៣០ថ្ងៃ មុនកាលបរិច្ឆេទសង ដើម្បីចៀសវាងការពិន័យបន្ថែមពីលើ (ឧ. ១% នៃទឹកប្រាក់ដែលត្រូវបង់ផ្ដាច់)ដើម្បីអាចជួយអ្នកពិនិត្យមើលលទ្ធភាព ឬដោះស្រាយលើបញ្ហានេះបាន៕


