សម្រាប់អ្នកដែលមានក្តីស្រមៃចង់ធ្វើការជាមន្រ្តីរាជការ ត្រៀមដាក់ពាក្យឱ្យហើយថ្មី ខណៈថ្មីៗនេះក្រសួងមុខងារសាធារណៈបានធ្វើកិច្ចប្រជុំមួយដើម្បីរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការស៊ីវិលសម្រាប់ឱ្យបម្រើការងារនៅក្រសួងស្ថាប័នធំៗចំនួន៤។
ជាក់ស្តែង បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ក្រសួងមុខងារសាធារណៈ បានឱ្យដឹងថា ក្រសួងនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន ចំនួន៤ រួមមាន៖ ក្រសួងកសិកម្ម ចំនួន ១០០០នាក់, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំនួន ៦០៧នាក់ (រតនាគារជាតិ ចំនួន ១០០នាក់, ពន្ធដា ចំនួន ២៥៧នាក់, គយ ចំនួន ២៥០នាក់ សាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ ចំនួន ២៣០នាក់ ព្រមទាំងក្រសួងសុខាភិបាលជ្រើសរើសមន្ត្រីបច្ចេកទេសផ្អែកលើកិច្ចព្រមព្រៀងការងារ។
លើសពីនេះទៅទៀត នៅក្នុងចំណោមការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការនេះ ក៏មានការប្រឡងជ្រើសរើសសិស្សមន្ត្រីសម្រាប់សាលាភូមិន្ទរដ្ឋបាល សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ឱ្យទៅបម្រើការងារនៅតាមរាជធានី ខេត្ត ចំនួន ៥០នាក់ និងសិស្សមន្ត្រីក្រមការ ឱ្យទៅបម្រើការងារនៅតាមក្រុង ស្រុក ចំនួន ១៨០នាក់ផងដែរ៕