កាលពីពេលថ្មីៗកន្លងទៅនេះរាជរដ្ឋាភិបាលបានសម្រេចឲ្យអនុវត្ដគម្រោងជីកផ្លូវទឹកពីទន្លេទៅសមុទ្រដែលមានឈ្មោះថា “ព្រែកជីកហ្វូណនតេជោ” ខណៈគម្រោងនេះមានប្រវែងសរុបជាង ១០០ គីឡូម៉ែត្រ។ យ៉ាងណាគម្រោងព្រែកជីកថ្មីនេះគឺមិនមែនជីកទាំងអស់នោះទេ ពោលគឺជីកផ្លូវថ្មីតែ ៧ គីឡូម៉ែត្រតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងនៅក្នុងពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌ ដែលប្រមូលបានពីកម្មវិធី «ខួប ៣ ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» នាព្រឹកថ្ងៃទី ២១ មិថុនា ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះថា “ សូមជម្រាបថា ព្រែកជីកនេះមិនមែនយើងជីកទាំងអស់ទេ យើងជីកតែ៧ គីឡូម៉ែត្រទេ ព្រោះសព្វថ្ងៃនេះនៅស្អាងគឺមានព្រែកមួយឈ្មោះថា ព្រែកអំបិល ដូច្នេះសព្វថ្ងៃនេះទឹកយើងអាចធ្វើដំណើរបាន ពីកែបដល់តាកែវនៅរដូវវស្សា គ្រាន់តំបន់នេះរាងបតបែនបន្ដិច អ៊ីចឹងគ្រាន់តែយើងធ្វើការទម្រងវាទេ”។
ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ថា “យើងខ្ញុំមិនបានជីកវាទាំងអស់នោះទេ គ្រាន់តែពង្រីកវាឱ្យធំ និងជីកវាឱ្យជ្រៅ តែប៉ុណ្ណោះ”។ គួរបញ្ជាក់ផងដែរថា គម្រោងព្រែកជីកហ្វូណនតេជោ នេះចំណាយទុនវិនិយោគ ១៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។
ផ្លូវទឹកខាងលើនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាពផងដែរ៕
អត្ថបទដោយ៖ ឌឿក ស្រីនុត