ហាងឆេងមាសបន្តធ្លាក់ថ្លៃជាង១០០លេខថែមទៀត ខណៈកត្តាមួយនេះដាក់សម្ពាធឲ្យមាសដាំក្បាលចុះ
Toeuy HongJUNE 24 20265.7 K views

នៅព្រឹកថ្ងៃទី២៥នេះ តម្លៃហាងឆេងមាសអន្តរជាតិបន្តធ្លាក់ថ្លៃជាង១០០លេខថែមទៀត ពោលគឺមានធ្លាក់ថ្លៃចំនួន១៣៣ដុល្លារ ដោយធ្លាក់មកត្រឹម៣៩៩៧ដុល្លារក្នុងមួយអោន( ស្មើនឹង៤៨១៥ដុល្លារក្នុង១តម្លឹងឬស្មើនឹង៤៨១ដុល្លារក្នុង១ជី)។ 

 

ហាងឆេងមាសចាប់ផ្ដើមរងសម្ពាធហើយដាំក្បាល់ចុះដោយសារតែកត្តាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ ជាក់ស្ដែងប្រាក់ដុល្លារកាន់តែឡើងថ្លៃបានដាក់សម្ពាធឲ្យមាសកាន់តែចាំក្បាលចុះ។ ជាធម្មតាទេ ពេលប្រាក់ដុល្លារឡើងថ្លៃមាសតែងតែចុះព្រោះកាលណាប្រាក់ដុល្លារឡើងថ្លៃ អ្នកវិនិយោគប្រទេសផ្សេងដែលប្រើរូបិយបណ្ណប្រទេសពួកគាត់ក្នុងការទិញមាសកាន់តែថ្លៃ ជាលទ្ធផលធ្វើឲ្យតម្រូវការមាសកាន់តែថយចុះហើយមាសកាន់តែធ្លាក់ចុះ។ 

 

ក្រៅពីកត្តាប្រាក់ដុល្លារឡើងថ្លៃ ការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងបន្តរក្សាអត្រាការប្រាក់ដុល្លារឲ្យនៅខ្ពស់យូរទៀតនិងរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងធ្វើការដំឡើងការប្រាក់ក៏ជាកត្តារួមផ្សំដាក់សម្ពាធលើមាសផងដែរ។

 

តាមពិតទៅមានកត្តាសធំៗ៣ដែលរួមបញ្ចូលគ្នាបានដាក់សម្ពាធលើហាងឆេងមាសឲ្យធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន ដោយក្នុងនោះមានដូចជា ប្រាក់ដុល្លារឡើងថ្លៃ ទិន្នផលបណ្ណបំណុលអាមេរិកកើនឡើងនិងការរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងរក្សាការប្រាក់នៅខ្ពស់ក៏ដូចជាដំឡើងការប្រាក់ដុល្លារថែមទៀតជាដើម។ 

 

ជុំវិញមាសធ្លាក់ថ្លៃនេះ ធនាគារ Citigroup ដែលជាធនាគារដ៏ធំមួយរបស់អាមេរិកបានព្រមានថាតម្លៃហាងឆេងកើនឡើងនឹងមានការកំណត់។ ធនាគារក៏បានទម្លាក់ការព្យាករពីតម្លៃមាសផងដែរ ដោយធ្វើការព្យាករម្ដងទៀតថា៣ខែទៀតតម្លៃហាងឆេងមាសអាចនឹងធ្លាក់មកត្រឹម៤ពាន់ដុល្លារក្នុងមួយអោន(ស្មើនឹង៤៨១៩ដុល្លារក្នុង១តម្លឹងឬ៤៨១ដុល្លារក្នុងមួយជី) តែជាក់ស្ដែងពេលនេះមាសបានធ្លាក់ដល់តម្លៃដែលធនាគារ Citigroup បានព្យាកររួចហើយ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia