តម្លៃហាងឆេងមាសអន្តរជាតិមានការប្រែប្រួលខ្លាំងនៅយប់ថ្ងៃទី៤និងព្រឹកថ្ងៃទី៥ខែមិថុនានេះពោលគឺតម្លៃហាងឆេងមាសចាប់ផ្ដើមឡើងថ្លៃចំនួន៤២ដុល្លារដោយឡើងដល់៤៤៨១ដុល្លារក្នុងមួយអោន(ស្មើនឹង៥៣៩៨ដុល្លារក្នុង១តម្លឹងឬស្មើនឹង៥៣៩ដុល្លារក្នុង១ជី)។
តម្លៃហាងឆេងមាសអន្តរជាតិចាប់ផ្ដើមឡើងថ្លៃវិញក្រោយពីតម្លៃហាងឆេងប្រេងអន្តរជាតិមានការធ្លាក់ចុះ។ ជាក់ស្ដែងតម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះចំនួន៣%ក្រោយពីមានការចេញរបាយការណ៍ថាលោក Donald Trump ប្រធានាធិបតីរបស់អាមេរិកមានការស្ទាក់ស្ទើរក្នុងការចាប់ផ្ដើមវាយប្រហារពេញលេញសាជាថ្មីទៅលើប្រទេសអ៊ីរ៉ង់។
នៅប៉ុន្មានខែចុងក្រោយនេះ ពេលហាងឆេងប្រេងអន្តរជាតិធ្លាក់ថ្លៃ ហាងឆេងមាសតែងតែឡើងថ្លៃព្រោះពេលប្រេងធ្លាក់ចុះ ក្រុមអ្នកវិនិយោគបានបង្វែងលុយមកវិនិយោគលើហាងឆេងមាសដែលធ្វើឲ្យមាសកាន់តែកើនឡើង។
យ៉ាងណាមិញកត្តាមួយទៀតដែលរុញឲ្យហាងឆេងឡើងថ្លៃវិញគឺកត្តាប្រាក់ដុល្លារអាមេរិក។ ជាក់ស្ដែងប្រាក់ដុល្លារអាមេរិកចាប់ផ្ដើមចុះខ្សោយវិញ ហើយកត្តានេះបានរុញតម្លៃមាសឲ្យហក់ឡើងខណៈប្រាក់ដុល្លារខ្សោយធ្វើឲ្យអ្នកទិញមាសដែលប្រើប្រាស់រូបិយបណ្ណប្រទេសផ្សេងអាចទិញមាសបានក្នុងតម្លៃធូរថ្លៃជាលទ្ធផលធ្វើឲ្យតម្រូវការមាស មានកើនឡើង ហើយមាសក៏កាន់តែឡើងថ្លៃផងដែរ៕


