ព្រះបាទជ័យវរ្ម័នទី៧ ជាព្រះរាជបុត្ររបស់ព្រះបាទធរណិន្ទ្រវរ្ម័នទី២ ដែលមានមាតាព្រះនាម ចូឌាមណី។ ទ្រង់ជាស្ដេចមួយអង្គ ដែលអង់អាចក្លាហាន ខ្លាំងពូកែ មានឬទ្ធិអំណាច ព្រមទាំងត្រូវបានប្រជារាស្ត្រទូទាំងប្រទេសគោរព ស្ញប់ស្ញែង និងកោតសរសើរទៀតផង។ មិនតែប៉ុណ្ណោះ ការគ្រប់គ្រងរបស់ព្រះបាទជ័យវរ្ម័នទី៧ ប្រទេសជាតិមាតុភូមិរីកចម្រើន ផ្ទៃដីធំទូលំទូលាយ ប្រជារាស្ត្រមានក្ដីសុខជាពេកក្រៃ។ ហើយកិត្តិនាមរបស់ព្រះអង្គនៅតែបន្តឮខ្ទរខ្ទានៅលើដែនដីសីម៉ាចក្រវាឡទាំងមូល។
ថ្ងៃនេះ Business Cambodia នឹងលើកបង្ហាញពីច្បាប់មាសទាំង៨ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកដឹកនាំសម័យថ្មីគួរដើរតាមគន្លងព្រះអង្គ៖
ទី១ ទឹកអម្រែក
ច្បាប់ទីមួយក្នុងនាមជាអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យដូចជាទឹកអម្រែក។ នៅពេលដែលអ្នករែកទឹក ពុំគួរលម្អៀងទៅខាងណានោះទេ ព្រោះវាអាចធ្វើឲ្យទឹកកម្ពប់។ រីឯការដឹកនាំអ្នកចាំបាច់ត្រូវប្រកាន់ចិត្តជាកណ្តាលគោរពគោលការណ៍ត្រឹមត្រូវ មានអព្យាក្រិត តម្លាភាព ដោយមិនគួរផ្តេកផ្តួលទៅខាងណាជាងខាងណានោះឡើយ បើមិនដូច្នោះទេផ្ទៃក្នុងនឹងបែកបាក់នាំទៅរកក្តីអន្តរាយជាក់ជាមិនខាន។
ទី២ ភ្នែកខ្លែង
សត្វខ្លែងគឺជាសត្វមួយប្រភេទដែលមានភ្នែកមុតស្រួច អាចសម្លឹងបានយ៉ាងច្បាស់គ្រប់សព្វទិសទី។ ដូច្នេះអ្នកដឹកនាំត្រូវមានចក្ខុភ្លឺថ្លាមើលឲ្យគ្រប់ជ្រុងជ្រោយ បែងចែកច្បាស់លាស់រវាងខុសនិងត្រូវ អ្នកណាល្អពិត អ្នកណាសម្តែង អ្នកណាគួរកែលម្អបន្ថែម បើអ្នកមិនច្បាស់ទេអាចនាំទុក្ខភ័យដល់ខ្លួន ឬស្ថាប័នទាំងមូល។
ទី៣ ស្ញែងរាជសី
ច្បាប់ទី៣ ព្រះអង្គយករាជសីជាស្តេចសត្វចតុបាទជាតំណាង សម្រែករាជសីមានឬទ្ធិអំណាចអាចធ្វើឲ្យសត្វផងទាំងពួងគោរពកោតខ្លាច។ ដោយហេតុនេះអ្នកដឹកនាំត្រូវធ្វើខ្លួនឲ្យគេគោរពស្ញប់ស្ញែង កុំឡេះឡោះ លេងសើចហួសព្រំដែន ត្រូវរឹងពឹង ម៉ឺងមាត់ ម៉ត់ចត់។
ទី៤ សម្តីឥសូរ
សម្តីឥសូរគឺជាសម្តីទិព្វ មិនអាចនិយាយបាទដៃខ្នងដៃ ឬលេងសើចឥតសាច់ការនោះទេ។ យ៉ាងណាមិញ អ្នកដឹកនាំត្រូវពោលពាក្យសម្តីមានន័យខ្លឹមសារអាចយកជាការណ៍ ឲ្យគេគោរព ស្តាប់បង្គាប់ និងអនុវត្តតាម។
ទី៥ ថ្ងូរព្រះឥន្ទ្រ
ព្រះឥន្ទ្រជាស្តេចទេវតាគ្រប់គ្រង់អស់ឋានទាំងបី មានមហិទ្ធានុភាពអស្ចារ្យលើសសត្វទាំងពួង មានទឹកព្រះទ័យខ្វល់ខ្វាយជានិច្ចពីជីវិតសត្វលោក តែទ្រង់មិនដែលត្អូញត្អែរនោះទេ។ ស្របជាមួយគ្នានេះដែរ ក្នុងនាមជាមេដឹកនាំមិនគួរមានទម្លាប់រអ៊ូរទាំច្រើន សាំញ៉ាំពេកឡើយ ត្រូវធ្វើចិត្តឲ្យធ្ងន់ តាំងចិត្តឲ្យនឹងនោះទើបកិច្ចការចម្រើនទៅមុខ។
ទី៦ សុបិនសួគ៌
ហ៊ានសុបិនធំ មានទស្សនវិស័យវែងឆ្ងាយ ជឿជាក់ប្តេជ្ញាខ្ពស់អមដោយគោលការណ៍ និងផែនការច្បាស់លាស់។ គោលដៅតូចៗជាស្ពានចម្លងទៅរកការសម្រេចលទ្ធផលធំ និងមានមនសិការធ្វើយ៉ាងណាសម្រេចភាពជោគជ័យឲ្យបាន។
ទី៧ ខួរទន្សាយ
ច្បាប់ទី៧ អ្នកដឹកនាំត្រូវមានភាពឆ្លាតវៃ មានសមត្ថភាពអាចដោះស្រាយវិបត្តិរបស់អ្នកនៅក្រោមបង្គាប់ដោយសន្តិវិធី។ មិនអាចធ្វើការដោយងងឹតងងល់ ខ្វះការពិចារណា ឬសម្លឹងមើលតែមួយជ្រុងនោះទេ នោះអ្នកអាចនឹងជួបគ្រោះថ្នាក់ក្នុងកាលៈទេសៈណាមួយជាក់ជាមិនខាន។
ទី៨ សប្បាយស្រមោច
ស្រមោចជាពពួកសត្វដែលមានលក្ខណសម្បត្តិពូកែធ្វើការជាក្រុម និងសម្រេចលទ្ធផលធំរួមគ្នា។ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវចេះបង្កើតបរិយាកាសរីករាយនៅកន្លែងធ្វើការ ចេះលើកទឹកចិត្តបុគ្គលិករួមការងារ ដោយជំរុញឲ្យពួកគេមានកម្លាំងបង្កើនលទ្ធភាពការងារឆ្ពោះទៅរកការសម្រេចគោលដៅរួម។
យ៉ាងណាមិញ សរុបឡើងវិញក្បួនដឹកនាំរាប់ពាន់ឆ្នាំ របស់មហាវីរក្សត្រខ្មែរព្រះបាទជ័យវរ្ម័នទី៧ មានចំនួន៨ធំៗគឺ ទឹកអម្រែក, ភ្នែកខ្លែង, ស្ញែងរាជសី, សម្តីឥសូរ, ថ្ងូរព្រះឥន្ទ្រ, សុបិនសួគ៌, ខួរទន្សាយ និង សប្បាយស្រមោច។ ក្បួននេះគឺជាសសរស្តម្ភដ៏សំខាន់បំផុតមួយសម្រាប់អ្នកដឹកនាំជំនាន់ថ្មីគួររៀនសូត្រតាម៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។
កក់តាម https://t.me/hangchhengH24