ក្រោយតស៊ូធ្វើការនៅប្រទេសកូរ៉េរយៈពេលជិត៥ឆ្នាំ នឹងឆ្លៀតរៀនធ្វើនំខេកនៅកូរ៉េផង លោកឃិន ដែត បានសម្រេចចិត្តវិលត្រឡប់មកមាតុភូមិវិញ ដោយបានយកលុយសន្សំចំនួន ២ម៉ឺនដុល្លារ មកបើកហាងនំខេកល្បី១នៅប្រទេសកម្ពុជា ជាមួយនឹងជំនាញធ្វើនំខេក តុបតែងខំខេកយ៉ាងស្ទាត់ជំនាញ។
ជាក់ស្តែងនៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោក ឃិន ដែត ដែលជាម្ចាស់ហាងនំខេក The DD Cake បានឱ្យដឹងថា លោកមានដើមកំណើតនៅខេត្តតាកែវ ហើយនៅក្នុងឆ្នាំ២០១៣ លោកបានសម្រេចចិត្តទៅរៀនភាសាកូរ៉េនៅវិទ្យាស្ថាន១នៅរាជធានីភ្នំពេញ ក្រោយពីរៀនបានមួយរយៈធំលោកក៏បានទៅប្រឡងធ្វើការនៅប្រទេសកូរ៉េខាងផ្នែកឧស្សាហកម្មហើយពេលនោះលោកក៏បានប្រឡងជាប់ផងដែរ។
លោកឃិន ដែត បានបន្តទៀតថា នៅពេលដែលចាប់ផ្តើមធ្វើការងារជាលើកដំបូងនៅប្រទេសកូរ៉េគឺលោកពិតជាពិបាកខ្លាំងណាស់ព្រោះពេលនោះយើងមិនទាន់សាំជាមួយអាកាសធាតុ នឹងម្ហូបអាហារនៅទីនោះ ប៉ុន្តែលោកត្រូវតែទ្រាំនឹងខំសម្រមខ្លួននៅទីនោះឱ្យបានព្រោះប្រាក់ខែនៅទីនោះច្រើនគួរសមដែលធ្វើឱ្យលោកអាចជួយស្រោចស្រង់ជីវភាពរបស់គ្រួសារលោកបាន។
ម្ចាស់ហាង The DD Cake បានបន្តទៀតថា ជាការពិតណាស់មិនថាធ្វើការនៅប្រទេសគេឬធ្វើការនៅប្រទេសយើងឡើយ ពោលសុទ្ធសឹងតែមានសម្ពាធទាំងអស់ កាលដែលធ្វើការឱ្យគេមានសម្ពាធបែបនេះហើយទើបរឿងទាំងអស់នេះបានរំលឹកឱ្យលោកដឹងថា លោកមិនអាចធ្វើការឱ្យគេមួយជីវិតឡើយពោលនៅពេលដែលត្រឡប់មកប្រទេសកម្ពុជាវិញលោកត្រូវតែស្ពាយជំនាញពិតប្រាកដ១មកខ្មែរវិញ ម្យ៉ាងផ្នត់គំនិតពេលនោះគឺលោកមិនចង់ធ្វើការនៅប្រទេសកូរ៉េ១ជីវិតឡើយ។
ក្រោយពីគិតបែបនេះហើយ ស្រាប់តែថ្ងៃមួយនោះថៅកែរបស់លោកបានធ្វើខួបកំណើតឱ្យលោក ពេលនោះហើយធ្វើឱ្យលោកដឹងថាមនុស្សយើងម្នាក់ៗមិនថាមានទុក្ខយ៉ាងណាក៏ដោយឱ្យតែបានឃើញគេកាន់នំខេកមកស៊ុបប្រាយនៅថ្ងៃកំណើតខ្លួនឯងពិតជាមានក្តីសុខខ្លាំងណាស់ ហើយទោះបីជាមានទុក្ខកង្វល់បែបណាក៏ញញឹមចេញដែរ។ ដូច្នេះហើយពេលនោះលោកក៏ចាប់ផ្តើមចាប់អារម្មណ៍ទៅលើវិស័យធ្វើនំខេក ដោយពេលនោះលោកចាប់ផ្តើមគិតថាលោកនឹងខំសន្សំលុយដើម្បីត្រឡប់ទៅខ្មែរវិញលោកនឹងបើកហាងនំខេកតែម្តង ដូចនេះនៅពេលដែលឈប់សម្រាកថ្ងៃធ្វើការចំថ្ងៃសៅរ៍ អាទិត្យលោកតែងតែឆ្លៀតទៅរៀនធ្វើនំខេកនៅប្រទេសកូរ៉េដោយការរៀនធ្វើនំខេកនេះលោករៀនរហូតដល់ទៅ ៣ឆ្នាំឯណោះ។
បន្ទាប់ពីចេះធ្វើនំខេកនៅប្រទេសកូរ៉េយ៉ាងស្ទាត់ជំនាញហើយនោះ ពេលចប់អាណត្តិធ្វើការនៅកូរ៉េលោកក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ពេលនេះហើយលោកចាប់ផ្តើមបើកហាងនំខេក១នៅក្នុងឆ្នាំ២០១៨ ម្តុំចម្ការដូងដែលហាងនោះមានឈ្មោះថា The DD Cake ដោយលោកបានចាយទុនជិត ២ម៉ឺនដុល្លារ បើទោះបីជាធ្លាប់រៀនធ្វើនំខេកនៅកូរ៉េចេះច្រើនក៏ដោយ តែពេលមកខ្មែរវិញលោកតែងតែឆ្លៀតហោះទៅរៀននៅប្រទេសថៃបន្ថែមទៀតផងដែរ។
និយាយបណ្តើរ ញញឹមតិចៗបណ្តើរ លោកឃិន ដែត បន្តថា ទោះបីជាលោករៀនធ្វើនំខេកច្រើនប្រទេសក៏ដោយ តែមិនមែនមកបើកភ្លាមលក់ដាច់ភ្លាមនោះទេ ពោលពេលបើកដំបូងៗលោកលក់បានតែ ៣នំ ឬថ្ងៃខ្លះលក់មិនដាច់សូម្បីតែ១នំ តែទោះជាយ៉ាងណាក៏ដោយលោកមិនខ្ចីបាក់ទឹកចិត្តទេ គឺលោកគិតថាឱ្យតែព្យាយាម នឹងខំប្រឹងច្នៃអ្វីដែលថ្មីហើយប្លែកនៅថ្ងៃណាមួយប្រាកដជាអាចទាក់ទាញអតិថិជនបាន។
ម្ចាស់ហាង The DD Cake ក៏បានបង្ហើបថា ចំពោះមូលហេតុដែលធ្វើឱ្យនំខេករបស់លោកធ្លាប់តែលក់មិនដាច់រហូតអាចលក់ដាច់ខ្លាំងនឹងអាចឈរជើងបានជិត ៥ឆ្នាំមកនេះ ដោយសារតែទី១ គឺរសជាតិចំពោះរសជាតិនេះដែលគឺមានច្រើនជម្រើសសម្រាប់អតិថិជនរើសដូចជារសជាតិសូកូឡា រសជាតិតយ រសជាតិដូងនឹងរសជាតិជាច្រើនទៀត ហើយចំណុចពិសេសទី២ គឺការតុបតែងនំតែម្តង គឺត្រង់នេះនៅពេលដែលអតិថិជនកម្មង់ម៉ូដអ្វីក៏ដោយគឺខាងហាងលោករៀបចំបានទាំងអស់មិនថាម៉ូដនឹងមើលទៅស្រួលមើលទៅពិបាកគឺលោកធ្វើបានមិនឱ្យអតិថិជនខកចិត្តទេចំណុចទាំងនេះហើយទើបធ្វើឱ្យនំខេកនៅហាងលោកអាចទាញចិត្តអតិថិជនបានម្តងហើយម្តងទៀតរហូតមកដល់ពេលបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថា ក្រៅពីទទួលការកម្មង់ធ្វើនំខេកថ្ងៃពិសេសផ្សេងៗ ហាង The DD Cake ក៏មានសេវាកម្មទទួលបង្រៀនសិស្សផងដែរ ដូច្នេះប្រសិនជាលោកអ្នកចាប់អារម្មណ៍ចង់រៀន ឬចង់កម្មង់នំខេកម៉ូឌប្លែកៗ ស្អាតៗ អាចកម្មងនៅទីតាំងហាងមានតែ១គត់នៅភ្នំពេញ ក្នុងបុរីពិភពថ្មីចំកាដូង១ ផ្ទះ១៥៣ ផ្លូវលេខ៧ ឬអាចខលតាមរយៈលេខទូរស័ព្ទ 067800661/092260800/0977 200 181 ៕
អត្ថបទ៖ ធី ស្រីល័ក្ខ