ដូងខ្មែរមានតម្លៃ ច្នៃបានច្រើនផ្លូវ! សិប្បកររូបនេះផលិតប្រេងដូងធម្មជាតិ អាចនាំចេញដល់ New Zealand
Ping Chou EngJULY 21 2023796 views

ដូងគឺជាភោគផលហូបផ្លែរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីនៃប្រទេសកម្ពុជា​ ដែលអម្បូរផ្លែឈើនេះគឺ ដាំដុះមិនសូវរើសដី ងាយមើលថែទាំ ប្រើជាប្រយោជន៍បានច្រើនមុខ បើពេញវ័យហើយ១ដើមប្រមូលផលបាន១ជីវិតឯណោះ។

357742809 697660062378509 5311767050091124196 N

ដោយមើលឃើញដូងទុំជ្រុះចោលពេញដីនាស្រុកឈូក ខេត្តកំពត តំបន់សម្បូរទៅដោយផ្លែដូង ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិភាគច្រើនបានដាំដំណាំនេះផងនោះ លោក ឆាយ ស៊ី​នឿន បច្ចុប្បន្នគឺជាថៅកែសិប្បកម្មផលិតប្រេងដូងត្រជាក់ធម្មជាតិដោយដៃ បានមើលឃើញពីសក្តានុពលនិងឱកាសក្នុងការកែច្នៃដូងខ្មែរឱ្យកាន់តែមានតម្លៃច្នៃជាចំណូលចូលទៅច្រើនប្រភព និងធ្លាប់បាននាំចេញទៅលក់នៅប្រទេស New Zealand ថែមទៀត។

319685525 600821691811445 5204355571433318850 N

ថ្លែងក្នុងបទសម្ភាសន៍ជាមួយចាបក្រហម ម្ចាស់សិប្បកម្មស្នាដៃខ្មែររូបនេះបានឱ្យដឹងថា​ "ការចាប់ផ្តើមគឺមិនងាយស្រួលនោះទេ ជាពិសេសពេលដែលយើងមិនមានជំនាញនិងមិនដឹងអ្វីសោះពីការងារនោះ" បុរសវ័យ៤០ឆ្នាំរូបនេះបានបន្តថា "ពីក្មេងគ្រួសារខ្ញុំមិនសូវធូរធារទេ ខ្ញុំត្រូវឡើងមកភ្នំពេញរកចំណូលដើម្បីរៀនសូត្រឱ្យបានចេះដឹងបន្ថែម ទោះខ្ញុំរៀនមិនខ្ពស់តែខ្ញុំចង់យកចំណេះដឹងបន្តិចបន្តួចរបស់ខ្ញុំទៅចែករំលែកដល់ស្រុកកំណើតរបស់ខ្ញុំវិញ ដូច្នេះខ្ញុំក៏ធ្វើជាគ្រូប​ង្រៀនភាសាអង់គ្លេសដល់ក្មេងៗនៅក្នុងភូមិដោយមិនយកលុយឡើយ"។

304689130 477418461069338 7493088478850120589 N

សិប្បកម្ម The Coconut ប្រេងដូងធម្មជាតិ បានចាប់បង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងរូបភាពជាការកែច្នៃតាមក្បួន ដូនតា ដោយគំនិតនេះបានកើតឡើងដោយសារលោកចង់រកចំណូលដើម្បីផ្តត់ផ្គង់គ្រួសារនិងចង់ជួយអ្នកភូមិឱ្យបានច្រើនជាងនេះ។ ចាប់ផ្តើមធ្វើដំបូងពិបាកបំផុតព្រោះវាមិនងាយស្រួលដូចលោកធ្លាប់បានគិតសោះ ធ្វើដំបូងៗខាតយូរខែណាស់ទម្រាំអាចធ្វើត្រូវ ស្រាវជ្រាវផង ឈ្មួញកណ្តាលទម្លាក់តម្លៃផង ទម្រាំធ្វើបានដូចសព្វថ្ងៃ។

166643432 141114811263093 1109063892962012494 N

គិតចុះគិតឡើងសហគ្រិនបេះដូងធំរូបនេះមើលឃើញថាដូងខ្មែរមានតម្លៃណាស់ អាចច្នៃបានច្រើនយ៉ាងដើម្បី ឆ្កឹះចំណូលចេញពីស្រកីដូង ត្រឡោកដូង ទឹកដូង សាច់ដូងនិងខ្ទិះដូង។

 

ខណៈដូង១ផ្លែៗអាចច្នៃបានច្រើនយ៉ាងដែរ ដូចជាត្រឡោកដូងអាចយកទៅធ្វើធ្យូងឬវត្ថុអនុស្សាវរីយ៍ ស្រកីដូងអាចយកទៅដុតជំនួសឈើអុស ​ទឹកដូងអាចយកទៅធ្វើគ្រឿងទេស សាច់ដូងអាចផលិតចេញជាខ្ទិះកំប៉ុងឬអាចយកចម្រាញ់ធ្វើជាប្រេងនិងសាប៊ូ រហូតដល់កាកដូងអាចយកទៅអប់ទុកឱ្យក្លាយជាចំណីត្រីបានថែមទៀត។

281451466 390659826308589 5812074342122240827 N

ប៉ុន្តែជាក់ស្តែងនាពេលបច្ចុប្បន្ននេះលោកមិនទាន់បានច្នៃឱ្យអស់លទ្ធភាពនោះទេ ព្រោះរបស់ធម្មជាតិទាំងអស់នេះត្រូវការពេលយូរដើម្បីផលិត ។ ដូច្នេះលោកចង់ផ្តោតលើការផលិតនិងចម្រាញ់ប្រេងដូងធម្មជាតិឱ្យកាន់តែលេចធ្លោនិងមានតម្រូវការច្រើន ដោយហេតុថាផលិតផលបែបនេះត្រូវការ ការគាំទ្រនិងជ្រោមជ្រែងពីទីផ្សារសិនដើម្បីឱ្យផលិតផលធម្មជាតិមានតម្លៃទាបនិងក្លាយជាតម្រូវការជាប្រចាំតែម្តង។

280532074 386915726682999 528366298652581386 N

ដោយឡែកនាពេលកន្លងមកលោកក៏បាននាំផលិតផលស្នាដៃខ្មែររូបនេះទៅប្រទេស New Zealand ផងដែរមុនពេលវិបត្តិកូវីដ១៩ ដោយមានក្រុមហ៊ុនដៃគូសហការនាំចេញ​ ដោយបញ្ជាទិញ ប្រេងដូងពីសហគមន៍របស់លោកនៅពេលគេត្រូវការ។

 

មកទល់ពេលនេះទោះបីជាអាជីវកម្មរបស់លោកមិនទាន់ធ្វើឱ្យបានធំជាងនេះ និងនៅផលិតប្រេងដូងដោយដៃមែនពិត ប៉ុន្តែថៅកែរូបនេះបានប្រាប់ថាលោកសប្បាយចិត្តណាស់ ទោះផលិតផលនេះបានចំណេញតិចតួច តែវាមានតម្លៃព្រោះលោកបានជួយស្រ្តីចាស់ៗនៅក្នុងភូមិដែលទំនេរឱ្យមានការងារធ្វើ​ មានចំណូល និងបានជួយប្រមូលទិញវត្ថុធាតុដើមពីកសិករដែលដាំដំណាំដូងឬដូងដែលដុះចោលតាមផ្ទះជាដើម ដោយពួកគាត់មិនពិបាករកទីផ្សារឬត្រូវយកទៅលក់ឯណាឆ្ងាយនោះទេ ហើយបានចំណូលសមរម្យថែមទៀត។

221463792 211678844206689 3597667146285084659 N

ជាចុងក្រោយសិប្បកររូបនេះបានឱ្យដឹងថា​ប្រេងដូងមានអត្ថប្រយោជន៍ខ្លាំងដល់សុខភាព សម្រស់និងជាពិសេសសម្រាប់ អ្នកចង់ថែរក្សាគីឡូ ប្រេងដូងត្រជាក់អាចយកមកទទួលទានបាន សម្រាប់ស្រ្តីមានផ្ទៃពោះអាចលាបស្បែកសង្វា សក់​ ក្រចក និងអាចយកចម្អិនម្ហូបជំនួសប្រេងផ្សេងៗទៀតបានដោយមិនបារម្ភពីបញ្ហាសុខភាពរឿងឡើងខ្លាញ់នោះឡើយ។

320073278 1322869641619899 7408316030653636373 N

គួរជម្រាបផងដែរសម្រាប់បងប្អូនដែលចង់បានប្រេងដូងដែលមានគុណភាពល្អទៅប្រើប្រាស់ និងចង់រួមចំណែកគាំទ្រផលិតផល Made In Cambodia ប្រេងដូងធម្មជាតិនេះក៏មានលក់នៅតាមបណ្ដាផ្សារខេត្តនានាក្នុងប្រទេស ជួយបង្កើតចំណូលឱ្យកសិករខ្មែរ អាចធ្វើការទំនាក់ទំនងទៅកាន់ផេក The Coconut-ប្រេងដូងធម្មជាតិ ឬទំនាក់ទំនងលេខខ 011 265 735 របស់សិប្បកម្មផ្ទាល់បានដែលមានទីតាំងនៅ ភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត៕


អត្ថបទដោយ​៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia